រកឃើញ​ក្រុមខ្លាំង​បំផុត​ទាំង ៤ចុងក្រោយ ប្រចាំពាន Hun Sen Cup 2019

  • 2019-08-29 02:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន ឬ Hun Sen Cup ឆ្នាំ​២០១៩ បាន​រកឃើញ​ក្រុម​ទាំង ៤ ចុងក្រោយ ដែលត្រូវ​ឡើង​ទៅ​តតាំងគ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រហើយ ក្រោយប​ញ្ចប់​ជើង​ទី២ នៃ​វគ្គ ៨ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ថ្ងៃ​ពុធ​ ទី២៨ ខែសីហាម្សិលមិញនេះ។

ក្រុមខ្លាំងទាំង ៤ នោះ មានដូចខាងក្រោម៖

១. ភ្នំពេញក្រោន (ឈ្នះក្រសួងការពារជាតិ)

ភ្នំពេញក្រោន ជា​ក្រុម​តែ ១គត់ ក្នុង​ចំណោម​ក្រុម​ទាំង៤ ចុងក្រោយ ដែល​បាន​ឡើង ក្រោយ​ចាញ់​ជើង​ទី១ ខណៈ​ក្រុម​ ៣ ផ្សេងទៀត សុទ្ធតែនាំមុខ​កាលពីជើងទី១។

កាលពីជើងទី១ ភ្នំពេញក្រោន ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​ក្រសួងការពារជាតិ យកឈ្នះ ១-០ ប៉ុន្តែ​នៅ​ជើង​ទី២ ក្នុង​ទឹកដី Smart RSN របស់​ខ្លួន​វិញ ភ្នំពេញក្រោន បានយកឈ្នះ​ ២-១ ធ្វើ​ឲ្យ​លទ្ធផល​សរុប​ទាំង២ ជើង ស្មើគ្នា ២-២។ ឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី ភ្នំពេញក្រោន យកឈ្នះក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ ​ដោយលទ្ធផល ៥-៤។

២. ព្រះខ័នរាជស្វាយរៀង (ឈ្នះ​អង្គរថាយហ្គឺរ)

ព្រះខ័នរាជស្វាយរៀង ដែល​ជា​ក្រុម​ជោគជ័យជាង​គេ​ក្នុង​ពាន​រង្វាន់​នេះ បាន​បំបាក់​អង្គរថាយហ្គឺរ ដោយលទ្ធផល​សរុប​ទាំង ២ ជើង ៦-០។ កាលពីជើងទី១ នៅ​កីឡដ្ឋាន​ស្វាយធំ ខេត្ត​សៀមរាប ក្រុម​របស់​លោក Conor Nestor បានឈ្នះ ០-២ មុន​បន្ថែម ៤គ្រាប់​ទៀត នៅ​ទឹកដី​ស្វាយរៀង កាលពី​ថ្ងៃពុធ​ម្សិលមិញ។

(រូបភាព៖ ព្រះខ័នរាជស្វាយរៀង)

៣. បឹងកេត (ឈ្នះសូលទីឡូអង្គរ)

បឹងកេត បានឈ្នះសូលទីឡូអង្គរ ២-០ កាលពីជើងទី១ នៅ​កីឡដ្ឋាន Cambodia Airways របស់ខ្លួន ប៉ុន្តែ​បាន​ចាញ់​ ១-០ វិញ នៅ​ទឹកដី​ខេត្ត​សៀមរាប នា​ជើងទី២។ យ៉ាងណាក្ដី បឹងកេត នៅ​តែ​អាច​ឡើង​បន្ត ដោយ​លទ្ធផល​សុរប​ទាំង ២ជើង ២-១។

(រូបភាព៖ បឹងកេត)

៤. វិសាខា (ឈ្នះគិរីវង់សុខសែនជ័យ)

ទោះជា​មាន​អាយុ​ក្មេងជាងគេ ប៉ុន្តែ វិសាខា ដែល​ជា​ក្រុម​មាន​កីឡាករ​ជាប់​ជម្រើសជាតិ​ច្រើនជាងគេ​នោះ នៅតែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ដោយបាន​យកឈ្នះ​គីរីវង់សុខសែនជ័យ ដោយលទ្ធផល​សរុប​ទាំង ២ ជើង ៥-២។ កាលពីជើងទី១ ក្នុងទឹកដី​ខ្លួនឯង ក្រុម​នេះ បានយកឈ្នះ ៤-២ ខណៈ​ជើងទី២ នៅ​ទឹកដី​ខេត្ត​តាកែវ វិសាខា នៅតែ​អាច​យកឈ្នះ​ដដែល ដោយលទ្ធផល ១-០។

(រូបភាព៖ Hun Sen Cup)

ក្រុម​ទាំង ៤ នឹង​ត្រូវ​ចាប់​ឆ្នោត​រើស​គូប្រកួត​វគ្គ ៤ក្រុម​ចុងក្រោយ នា​ពេល​ខាងមុខ។ ការប្រកួត នឹង​ធ្វើ​ឡើង ២ជើង តាម​រូបមិត្តប្ដូរ​ទឹកដី ដូច​វគ្គ​ ៨ក្រុម​ចុងក្រោយ​ដែរ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;