តារា​ល្បុក្កតោ​ខ្មែរ អ៊ូ តារា លេច​មុខ​កូរ៉េ​ ដើម្បី​ផ្សាយ​ពី​អ្វី​ដែល​ខ្មែរ​មាន

  • 2019-08-30 04:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង និង​ជា​អ្នក​ជំនាញ​ក្បាច់​គុណ​ល្បុក្កតោ​របស់​ខ្មែរ​មួយ​រូប លោក អ៊ូ តារា នៅ​ថ្ងៃ​នេះ បាន​លេច​មុខ​លេច​មុខ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​លោក​បាន​ទៅ​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត ដែល​ធ្វើ​ឡើង​នៅ​ទី​នោះ។

មហោស្រព​ភាពយន្ត​នេះ​មាន​ឈ្មោះ "Chungbuk International Martial Arts and Action Film Festival "។ លោក អ៊ូ តារា ដែល​ពេល​នេះ​កំពុង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឆ្លើយ​ប្រាប់ sabay តាម​សារ​អេឡិចត្រូនិក​ព្រឹក​នេះ​ថា លោក​បាន​ដល់​កូរ៉េ​ខាង​ត្បូង​ថ្មី​ៗ តប​តាម​ការ​​អញ្ជើញ​ពី​កម្មវិធី​មហោស្រព​ដ៏​ធំ​របស់​កូរ៉េ​នេះ។ លោក​ត្រូវ​បាន​អញ្ជើញ ក្នុង​នាម​ជា​តារា​ក្បាច់​គុន​ល្បុក្កតោ​ផង ជា​ភ្ញៀវ​កិត្តិយស និង​ជា​វាគ្មិន​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​ការ​ផលិត​ភាពយន្ត​ក្បាច់​គុន​ ភាពយន្ត​ប្រភេទ Actionនៅ​ក្នុង​ស្រុក​ផង។

តាម​តារា​ក្បាច់​គុន​រូប​នេះ មហោស្រព​​ដាក់​បញ្ចាំង​តែ​ភាពយន្ត​ប្រភេទ​ក្បាច់​គុន​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​ភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​ចំនួន​៣​រឿង​ដែរ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​បញ្ចាំង​របស់​មហោស្រព​ភាពយន្ត​មួយ​នេះ។ ភាពយន្ត​វ៉ៃ​តប់​របស់​ខ្មែរ​ទាំង​៣​នោះ​មាន​រឿង "ហែក​គុក ឬ Jailbreak” និង​រឿង "The Prey” ដែល​លោក អ៊ូ តារា បាន​ចូល​រួម​សម្ដែង​។ ដោយ​ឡែក​មួយ​រឿង​ទៀត គឺ​រឿង “The Surviving Bokator” ជា​ប្រភេទ​ភាពយន្ត​ឯកសារ​របស់​អ្នក​ដឹក​នាំ​រឿង​ជនជាតិ​កាណាដា​មួយ​រូប។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​សម្ដែង មាន​ជំនាញ​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ បាន​ចូល​រួម​កម្មវិធី​ខាង​លើ គឺ​លោក​បាន​ចូល​រួម​ប្រមាណ​៣​ឆ្នាំ​រួច​មក​ហើយ ព្រោះ​លោក​និង​ក្រុម​ផលិតភាព​យន្ត​ក្បាច់​គុន គឺ​ជា​សមាជិក​របស់ World Martial Art Film។ ប៉ុន្តែ​នេះ​ជា​លើក​ទី១​ដែល កម្មវិធី​បាន​មក​ធ្វើ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ដូច្នេះ​ហើយ លោក អ៊ូ តារា បាន​បញ្ជាក់​ថា លោក​មាន​មោទកភាព​ដែល​បាន​មក​ដល់​ទី​នេះ(មហោស្រព) ជា​កន្លែង​ដែល​លោក​បាន​ផ្សព្វផ្សាយ​សារ​ខ្លះ​ៗ​ពី​ខ្មែរ​មាន​ទាំង​ភាពយន្ត និង​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ។ លោក​លើក​ឡើង​ថា "យើង​នាំ​អ្វី​ដែល​កម្ពុជា​មាន សម្រាប់​ឲ្យ​ពិភព​លោក​បាន​ស្គាល់!”។

មហោស្រព​ភាពយន្ត​ "Chungbuk International Martial Arts and Action Film Festival " គឺ​ជា​កន្លែង​ដាក់​បញ្ចាំង​ភាពយន្ត​តែ​ប្រភេទ​ភាពយន្ត​ក្បាច់​គុន​សុទ្ធ ដូច្នេះ​ហើយ ផលិតករ អ្នក​ដឹកនាំ​ភាពយន្ត​ប្រភេទ​នេះ​ភាគ​ច្រើន មក​ពី​ប្រទេស​នានា​ដែល​ត្រូវ​បាន​អញ្ជើញ នឹង​មាន​វត្តមាន​រួម​គ្នា​ក្នុង​កម្មវិធី ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២៩ សីហា ម្សិលមិញ ដល់​ថ្ងៃ​ទី ០២ កញ្ញា ២០១៩​ខាង​មុខ។

លោក អ៊ូ តារា និង​ក្រុម​ផលិត​ភាពយន្ត​ក្បាច់​គុន គ្រោង​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ០៧ កញ្ញា ២០១៩៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;