សម្តេច ហ៊ុន សែន ជឿជាក់ថា ម៉ាឡេស៊ីនឹងសម្រេចបានជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចនៅអាស៊ី
- 2019-09-03 04:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ជឿជាក់ថា ម៉ាឡេស៊ីនឹងសម្រេចបានជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចនៅអាស៊ី
ចន្លោះមិនឃើញ
«ខ្ញុំជឿជាក់ថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ និងគោលដៅទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍គ្រប់វិស័យ ប្រទេសម៉ាឡេស៊ី នឹងសម្រេចបានគោលដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយនឹងចូលរួមដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»។ នេះជាការថ្លែងរបស់សម្តេច ហ៊ុន សែន ក្រោយជំនួបទ្វេភាគីជាមួយលោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក មហាធៀ នៅកម្ពុជា ចេញផ្សាយដោយក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង២ បានចែករំលែកព័ត៌មានអំពីការវិវត្តថ្មីៗនៃនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជា និងម៉ាឡេស៊ី និងបានពិភាក្សាអំពីទិដ្ឋភាពនានានៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ សមេ្តចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលនានាដែលប្រជាជនម៉ាឡេស៊ីទទួលបាន ក្រោមការដឹកនាំរបស់លោកមហាធៀ ដើម្បីនាំប្រទេសម៉ាឡេស៊ីឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០២៥ខាងមុខនេះ។ ចំណែកលោក មហាធា ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យក្នុងការបន្តរក្សាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំពង្រឹងពង្រីកកិច្ចសហការ និងសហប្រតិបតិ្តការនៅក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕