លោក ស៊ុន ចាន់ថុល ក្រើន​រំលឹក​ពាក្យ​ប៉ុន្មានម៉ាត់​ដល់​និស្សិត​ ហុង ភារិន ​ដែលមាន​សមត្ថភាព​ចងចាំល្អ

  • 2019-09-03 12:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ក្រើនរំលឹក​ដល់​និស្សិត​ ហុង ភារិន ថា «ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ត្រូវយកចំណេះជំនាញដែលខ្លួនមានមកបម្រើប្រទេសជាតិវិញ»។ ការ​ផ្តល់ដំបូន្មាននេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក ស៊ុន ចាន់ថុល បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត ហុង ភារិន ដែល​ជានិស្សិត​ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ និងមានសម្ថភាពពិសេសផ្នែកចងចាំបានល្អ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៩។

ក្នុង​ជំនួបនេះ លោកទេសរដ្ឋមន្រ្តី បាន​កោតសរសើរចំពោះ​ទេពកោសល្យ​របស់ ភារិន ដែលមាន​សមត្ថភាព​ពិសេស​អាចចងចាំ​បានល្អ។ ឆ្លៀតក្នុង​ឱកាសនោះ​ផងដែរ លោក​ ស៊ុន ចាន់ថុល បាន​ក្រើនរំលឹក​ឲ្យភារិន ខិតខំ​ប្រឹងប្រែង​បង្កើនសមត្ថភាព​ខ្លួនបន្តទៅមុខទៀតដោយ​មិនត្រូវភ្លេចខ្លួនឡើយ។ បន្ថែមពីលើនេះ លោក​បានលើកឡើង​អំពីបទពិសោធន៍​ផ្ទាល់ខ្លួន​ទាំងការ​សិក្សា​រៀនសូត្រ និងការ​បំពេញ​ការងារ​ក្នុងវិស័យ​ឯកជន និងវិស័យ​សាធារណៈ និងបាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​ភារិន​មានស្មារតីស្រឡាញ់​សង្គមជាតិ ទោះបី​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្លួនជាកូន​ខ្មែរ មាន​បេះដូង​ជាខ្មែរ ត្រូវយក​ចំណេះជំនាញ​ដែលខ្លួន​មានមកបម្រើ​ប្រទេសជាតិវិញ​ផងដែរ។

លោក​ទេសរដ្ឋមន្រ្តី បានផ្តល់​ជូននូវឃ្លា​ទូន្មាន​ជាភាសាអង់គ្លេស​ថា “I Must Study Harder” ប្រែថា “ខ្ញុំដាច់ខាត​ត្រូវតែ​ខិតខំប្រឹងប្រែង​រៀនសូត្រ​ឲ្យកាន់​តែខ្លាំងឡើង” ដល់ភារិន ដើម្បីជំរុញលើកទឹកចិត្ត​ឱ្យភារិនកាន់តែ​ខិតខំប្រឹងប្រែងបន្ថែមទៀត។

ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះលោក​ទេសរដ្ឋមន្ត្រី ដែលតែងតែ​ជួយគាំទ្រ និងលើក​ទឹកចិត្ត ដល់និស្សិតឆ្នើម​របស់​កម្ពុជា​នាពេលកន្លង​មក រួមទាំងខ្លួន​លោកផ្ទាល់​ផងដែរ។ លោកប្តេជ្ញា​ថា នឹងខិតខំ​ប្រឹងរៀន​សូត្របន្ថែម​ទៀតតាម​អនុសាសន៍​ណែនាំ ដើម្បីចែក​រំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជា​សម្រេចក្តីសុបិន្ត​របស់លោក​ក្នុងការ​រួមចំណែក​កសាង​ប្រទេសកម្ពុជា​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត៕

ចុចអាន​៖ និស្សិត ហុង ភារិន ចង់​លើក​ទង់ជាតិខ្មែរ ក្នុងការ​ប្រកួត​សមត្ថភាព​នៃការចងចាំ​លំដាប់​ពិភពលោក

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;