គ.ជ.ប មានដៃគូជាស្ថាប័នរៀបចំការបោះឆ្នោតមកពី ១០៦ប្រទេស
- 2019-09-06 08:57:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប មានដៃគូជាស្ថាប័នរៀបចំការបោះឆ្នោតមកពី ១០៦ប្រទេស
ចន្លោះមិនឃើញ
គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ចូលជាផ្លូវការ ជាសមាជិកពេញសិទ្ធិរបស់ A-WEB ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស។ ក្រៅពីនេះទៀត ស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសអ៊ុយក្រែន ឥណ្ឌូនេស៊ី អាហ្វហ្គានីស្ថាន មូរីស និងសមាគមអាជ្ញាធររៀបចំការបោះឆ្នោតអាស៊ីដែលហៅកាត់ថា AAEA ក៏ត្រូវបានអនុម័តបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ A-WEB ផងដែរ។
ដោយឡែកបេក្ខភាពនៃប្រទេសសេរ៉ាឡេអ៊ន មានភាពតានតឹងខ្លាំងមុននឹងបានបញ្ចូលជាសមាជិកពេញសិទ្ធិ នៃសមាគម A-WEB ។ នេះជានេះជាប្រសាសន៍របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូ វិលត្រលប់មកពីចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤ របស់សមាគម A-WEB ដែលរៀបចំឡើងនៅប្រទេសឥណ្ឌា នៅថ្ងៃនេះ។
លោកបានបញ្ជាក់បន្ថែមថា សមាជិកថ្មីរបស់ A-WEB ទាំង ៧ នេះ ត្រូវបានទទួលស្គាល់នៅក្នុងមហាសន្និបាតលើកទី៤ របស់ A-WEB ដែលគណៈកម្មាធិការបោះឆ្នោតឥណ្ឌាជាម្ចាស់ផ្ទះ និងមានអាណត្តិ ២ឆ្នាំបន្តវេនពីប្រធានដែលចប់អាណត្តិ គឺស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសរូម៉ានី។
ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២១ គណៈកម្មាធិការរៀបចំបោះឆ្នោតឥណ្ឌា ជាប្រធាន A-WEB និងបានទទួលទង់ A-WEB ជាផ្លូវការពីស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសរូម៉ានី ដែលចប់អាណត្តិ ហើយមហាសន្និបាតនេះ ក៏បានអនុម័តទទួលយកគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសអាហ្វ្រិកខាងត្បូង ជាអនុប្រធាន A-WEB ផងដែរ។ ដោយឡែក អគ្គលេខាធិការថ្មីរបស់ A-WEB ជំនួសអគ្គលេខាធិការចាស់ ឯកឧត្តម គឹម យ៉ុងហ៊ី ជនជាតិកូរ៉េ ដែលបានលាលែងពីតំណែង មហាសន្និបាតបានជ្រើសរើស ឯកឧត្តម យ៉ុងហ៊ីយុន ចូ (Jonghyon Choe) ជនជាតិកូរ៉េដែរ ជាអគ្គលេខាធិការថ្មី A-WEB ក្នុងចំណោមបេក្ខភាព ៣រូប គឺ ២រូបទៀត បេក្ខជនមកពីឥណ្ឌា និងអាហ្វ្រិកខាងត្បូង។
លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ទៀតថា មហាសន្និបាតលើកទី៤នេះ បានជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី ដើម្បីជំនួសកន្លែងសមាជិកក្រុមប្រឹក្សាចាស់ដែលចប់អាណត្តិ និងបំពេញ អាសនៈដែលខ្វះទៅតាមទ្វីបទាំង ៥ គឺ៖
១.ទ្វីបអឺរ៉ុប ១អាសនៈ គឺជំនួសដោយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេស Bosnie និង Herzégovine
២. ទ្វីបអាហ្វ្រិក ២អាសនៈ គឺ ជំនួសដោយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេស République Démocratique du Congo(RDC) និង Somalie។
៣.ទ្វីបអាមេរិក ១អាសនៈ គឺជំនួសដោយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេស République Dominicaine ដោយឡែកទ្វីបអាស៊ី និងអូសេអានី មិនមានអាសនៈទំនេរដែលត្រូវបំពេញបន្ថែមទេ។
មានន័យថា សមាជិកក្រុមប្រឹក្សាប្រតិបត្តិដែលត្រូវបន្តអាណត្តិសរុប ១៨ប្រទេស គឺមកពីទ្វីបអាហ្វ្រិកចំនួន៥ អាមេរិកចំនួន ៥ អាស៊ីចំនួន ៤ អឺរ៉ុបចំនួន ៣ និងមកពីទ្វីបអូសេអានីចំនួន ១៕