រដ្ឋមន្រ្តី​ក្រសួងការពារជាតិ៖ រកឃើញ​ឧកញ៉ា ៩៩រូប ក្នុង​ជួរ​កងទ័ព

  • 2019-09-08 01:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] កាលពីថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ​២០១៩​ថា តាម​ទិន្នន័យ​ជំហាន​ដំបូង និង​ដំណើរការ​តាម​នីតិវិធី គឺរក​ឃើញ​មាន​ឧកញ៉ា​ចំនួន ៩៩​រូប នៅក្នុង​កងយោធពលខេមរភូមិន្ទ។

សម្តេច​ពិជ័យសេនា​បាន​បញ្ជាក់​ថា៖ «យើង​កំពុងតែ​រៀបចំ​នីតិវិធី​បែបបទ អ្នកដែល​ត្រូវបន្ត​យកងារ​ជាឧកញ៉ា និង​អ្នក​ដែល​សុំឈប់​មិន​យកងារ​ជា​ឧកញ៉ា​ទៀតទេ គឺរក្សា​ឈ្មោះ​គេ​នៅក្នុង​កងទ័ព ហើយយើង​កំពុងតែ​ដំណើរការ​នីតិវិធី​នេះ។ ឧកញ៉ា​ទាំង៩៩​រូបនេះ នៅក្នុង​កងយោធពលខេមភូមិន្ទ​ទាំងអស់។ យើងដឹងច្បាស់​ហើយថា អ្នកណា​ត្រូវសុំ​ឈប់ពី​ឧកញ៉ា និង​រក្សាឈ្មោះ​ក្នុង​កងទ័ព ប៉ុន្តែ​នីតិវិធី​ដែល​ត្រូវ​បន្ត​ទៅទៀត គឺទៅ​តាម​លំដាប់​លំដោយ យើង​និយាយ​មុនវា​អត់​ល្អទេ គឺទុកឲ្យ​គេពិនិត្យ​ថែមទៀត តែ​រឿងពិត​យើងបាន​រៀបចំ​នីតិវិធី​ហ្នឹង​ហើយ ដូច្នេះ​ចាំនីតិវិធី​ចេញមក គឺច្បាស់លាស់​ហើយ»។

សម្តេច ទៀ បាញ់ បានបន្តថា ចំពោះ​ចំនួនអ្នក​ដែលលា​ឈប់ពី​ឧកញ៉ា និងអ្នក​ដែលនៅ​រក្សាឈ្មោះ​ក្នុងកងទ័ព គឺមិន​ទាន់អាច​និយាយ​បានទេ ពីព្រោះខ្លាចក្រែង​ក្នុងដំណាក់កាល​កំពុងដំណើរការ​នីតិវិធី គឺវាមានការ​ប្រែប្រួល។

គួរបញ្ជាក់​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍បញ្ជាក់​នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ថា មិនឱ្យកង​កម្លាំងប្រដាប់​អាវុធទាំងអស់​របស់​កម្ពុជា ដែលរួមមាន​កងយោធពលខេមរភូមិន្ទ នគរបាល និង​កងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀត​នោះឡើយ។ ជាមួយគ្នា​នេះ សម្តេច​ក៏បាន​បញ្ជាឱ្យ​កងកម្លាំង​ប្រដាប់​អាវុធណា​ដែលមានងារជា «ឧកញ៉ា» ត្រូវសម្រេច​ចិត្តជាបន្ទាន់ ជ្រើសរើស​យកតែមួយ​រវាង​ងារជា «ឧកញ៉ា» ឬតួនាទី​ក្នុងក្របខណ្ឌ​ជាកងកម្លាំង​ប្រដាប់អាវុធ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;