ខ្លាំងជាមួយ ត្រាំ ពេក លោក John Bolton ត្រូវបាត់បង់ការងារ
- 2019-09-11 03:53:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងជាមួយ ត្រាំ ពេក លោក John Bolton ត្រូវបាត់បង់ការងារ
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសបណ្ដេញចេញទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ក្នុងសារមួយបង្ហោះទៅលើបណ្ដាញសង្គម Twitterកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩។ ដោយក្នុងសារនោះលោកបានសរសេរថា៖ «ខ្ញុំបានជូនដំណឹងដល់លោក John Bolton ថាសេវាកម្មរបស់លោកគឺលែងត្រូវការនៅឯសេតវិមានទៀតហើយ។ ខ្ញុំមិនយល់ស្របនឹងយោបល់ជាច្រើនរបស់លោក ដូចអ្នកដទៃដែលនៅក្នុងរដ្ឋបាល»។
លោក John Bolton បានអះអាងថាលោកមិនត្រូវបានគេបណ្ដេញចេញទេ តែលោកបានសុំលាឈប់ដោយខ្លួនឯង ដែលប៉ុន្មាននាទីក្រោយការប្រកាសរបស់លោកត្រាំ លោក John Bolton បានបង្ហោះសារចូលប្រព័ន្ធសង្គម Twitter ដោយបានសរសេរថា៖«ខ្ញុំបានសុំលាលែងកាលពីយប់មិញ ហើយលោកប្រធានាធិបតីត្រាំបាននិយាយថា និយាយគ្នាថ្ងៃស្អែក (១១ កញ្ញា)»។
គួរបញ្ជាក់ថាភាពតានតឹងរវាងលោក ត្រាំ និងលោក Bolton បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលោក Bolton មានមតិចម្រូងចម្រាសទាក់ទងនឹង អ៊ីរ៉ង់ វេណេហ្ស៊អេឡា និង អាហ្វហ្គានីស្ថាន។
ចំណុចរំពុះដែលធ្វើឲ្យលោក Bolton បាត់បង់ការងារ គឺលោកបានឈ្លោះប្រកែកជាមួយលោកត្រាំទាក់ទងរឿងអញ្ជើញមេដឹកនាំតាលីបង់ចូលមកចរចានៅទីលំហែកាយប្រធានាធិបតីអាមេរិក Camp David។
គេរំពឹងថាលោក ត្រាំ នឹងបញ្ចេញឈ្មោះទីប្រឹក្សាសន្តិសុខជាតិថ្មីស្នងដំណែងពីលោក Boltonដែលនឹងជាទីប្រឹក្សាសន្តិសុខទី៤របស់លោក ត្រាំ៕