រំលឹក​អតីតកាល​ខ្មៅ​ងងឹត​របស់​​កំពូល​តារា​​ភាពយន្ត​ហុងកុង​ទាំង៥​រូប

  • 2019-09-12 04:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ហុងកុង​៥រូប ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ក្នុង​វិស័យ​ភាពយន្ត តែ​មុន​នឹង​ឈាន​ចូល​អាជីព​សម្ដែង​ដ៏​ត្រចះ​ត្រចង់​នេះ​​ពួក​គេ​បាន​ឆ្លង​កាត់​​ជីវិត​លំបាក រួម​ជាមួយ​វិប្បដិសារី​ជា​ច្រើន​ដែល​ទស្សនិកជន​ភាគ​ច្រើន​មិន​បាន​ដឹង។

១. Lam Ching Ying"គ្រូ​ចាប់​ខ្មោច និង​ដៃ​គូ​លីសៀវឡុង"៖ ជីវភាព​ក្រី​ក្រ​និង​ត្រូវ​ជាប់​គុក​

តារា​សម្ដែង​កើត​ឆ្នាំ ១៩៥២ Lam Ching Ying ឈរ​ក្នុង​ជួរ​តារា​ក្បាច់​គុន​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ​​​នៅ​ប្រទេស​ចិន ក្រោយ​ពេល​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​តាម​​រយៈ​រឿង​ខ្មោច​ឆៅ​ជា​ច្រើន​ដូច​ជា "Mr. Vampire” “Vampire vs Vampire” និង "The Ultimate Vampire” ជា​ដើម។ Ching Ying ធ្លាប់​សហការ​ជាមួយ​​កំពូល​តារា​ភាពយន្ត លីសៀវឡុង ទៀត​ផង។ ក្រោយ​ពេល​​តារា​ត្រកូល លី​ទទួល​មរណភាព លោក​​ចាប់​ផ្ដើម​សហការ​ជាមួយ​តារា​សម្ដែង Sammo Hong។ ក្នុង​​ឆ្នាំ ១៩៩៧ Ching Ying ចែក​ឋាន​ដោយសារ​ជំងឺ​មហារីក​ថ្លើម។​

អាច​និយាយ​បាន​ថា​​ជីវិត​របស់​គ្រូ​សិល្ប​ចាប់​ខ្មោច​នេះ បាន​ឆ្លង​កាត់​ទុក្ខ​​​លំបាក​រាប់​​មិន​អស់។ លោក​កើត​មក​ក្នុង​​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​បង​ប្អូន​ចំនួន ៦ នាក់​។ នៅ​ពេល​កំពុង​រៀន​បឋម​សិក្សា Ching Ying ត្រូវ​ឈប់​​រៀន​ព្រោះ​គ្រួសារ​​គ្មាន​លទ្ធភាព​​ឲ្យ​រៀន​បន្ត​ទៀត។

ក្រោយ​មក​ដោយ​មាន​សំណាង ​លោក​បាន​ចូល​រៀន​នៅ​សាលា​ល្ខោន​ហុងកុង។ ដោយ​ចេះ​ក្បាច់​គុន​បន្តិច​បន្តួច​ លោក​បាន​​ធ្វើ​​ការ​ក្រៅ​ម៉ោង​តាំង​ពី​តូច។ នៅ​ពេល​មាន​អាយុ ១៧ ឆ្នាំ Ching Ying ចាប់​ផ្ដើម​សម្ដែង​​រឿង​ដោយ​ដើរ​តួ​​​ផ្សង​​គ្រោះ​ថ្នាក់​ជំនួស​តារា​​ល្បី។ តម្លៃ​ខ្លួន​នៅ​ពេល​នោះ​របស់​លោក​បាន ៧ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។   “នៅ​​ពេល​នោះ​ខ្ញុំ​មិន​មែន​កូន​កតញ្ញូ រក​លុយ​បាន​តិច​តែ​ខ្ញុំ​ឲ្យ​គ្រួសារ​តែ​មួយ​ចំណែក ចំណែក​​ដែល​នៅ​សល់​ខ្ញុំ​យក​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ។ ខ្ញុំ​ធ្លាប់​ត្រូវ​ជាប់​គុក​ព្រោះ​​វ៉ៃ​គ្នា​និង​ត្រូវ​ការ​មនុស្ស​មក​ធានា​ចេញ​មក​វិញ" Ching Ying ឆ្លើយ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​ឆ្នាំ ១៩៩០ ពេល​រំឭក​ដល់​​អតីត​កាល​របស់​ខ្លួន។   ២. ឈិនឡុង៖ គ្រួសារ​សង្គម​ងងឹត យុវភាព​ទំនើង

សព្វ​ថ្ងៃ​នេះ​​ Jackie Chan ​ជា​តារា​សម្ដែង​​ដែល​គេ​​ស្គាល់​​ទូទាំង​ពិភពលោក​ តែ​សម្រាប់​តារា​នេះ​ផ្ទាល់​​នឹង​មិន​អាច​បំភ្លេច​អតីតកាល​របស់​ខ្លួន​បាន​ទេ។ ឪពុក​របស់​លោក​គឺ​ជា​មន្ត្រី​រាជការ​ម្នាក់​ដែល​ល្បី​ឈ្មោះ​ក្នុង​ក្រុម​សង្គម​ងងឹត​​នៅ​ខេត្ត Nanjing ឯ​ម្ដាយ​របស់​លោក​ក្លាយ​ជា​អ្នក​មាន​​ដោយ​សារ​ការ​ជួញ​ដូរ​អាភៀន។ ដោយ​សារ​ហេតុ​នេះ ឈិនឡុង ចូល​ចិត្ត​វាយ​គ្នា​តាំង​ពី​ក្មេង​។   “ខ្ញុំ​រពឹស​រហូត​ដល់​ថ្នាក់​គ្មាន​អ្នក​ណា​ហ៊ាន​មក​ជិត​ខ្ញុំ។ អំឡុង​ពេល​រៀន​បឋម និង អនុវិទ្យាល័យ​​ខ្ញុំ​ពិបាក​ជាប់​នៅ​ចុង​ឆ្នាំ​ដោយ​សារ​​តែ​ខ្ញុំ​អវត្តមាន​​ច្រើន​ពេក" ឈិន ឡុង ចែក​រំលែក។

​ដោយសារ​តែ​រប៉ិលរប៉ូច​ពេក​​តារា​វ័យ ៦១ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​នៅ​សាលា​ល្ខោន​ហុងកុង​ជាមួយ​ក្រុម​សម្ដែង​ក្មេង​ដូច​ជា Summo Hong, Yuan Hua, Yuan Bia, Yuan Tang និង Yuan Biao។ នៅ​ពេល​ចាប់​ផ្ដើម​អាជីព​សម្ដែង​​ដំបូង ឈិន ឡុង​ត្រូវ​ដើរ​តួ​ជំនួស លីសៀវឡុង និង​​ទទួល​ថត​រឿង​អាសអាភាស។ "នឹក​ដល់​ពេល​នោះ​​ខ្ញុំ​ចង់​រំលឹក​ខ្លួន​ឯង​ថា​​ ត្រូវ​តែ​ពុះពារ​តទៅ​មុខ​ទៀត"។   ៣. Stephen Chow (ទិនហ្វី)៖ ស្រេក​​ឃ្លាន គ្មាន​ចំណេះ​វិជ្ជា

ទិនហ្វី​ដែល​មាន​ឈ្មោះ​ពិត​ថា Stephen Chow ​បាន​​កើត​នៅ​​ឆ្នាំ ១៩៦២។ ដោយ​​​ស្រលាញ់​ក្បាច់គុន​ខ្លាំង​ពេក លោក​បាន​​តាម​រៀន​ក្បាច់​គុន​ពី​លោក​គ្រូ Wing Chun។ តារា​គំរូ​​របស់​ទិនហ្វី គឺ​លីសៀវ​ឡុង ដែល​ធ្វើ​ឲ្យ​ស្ដេច​​កំប្លែង​ហុងកុង​រូប​នេះ តែង​តែ​​ពុះពារ​ឲ្យ​បាន​ដូច​រៀម​ច្បង​របស់​​ខ្លួន។ ទោះ​បី​ជា​ក្បាច់គុន​របស់​ទិនហ្វី​មិន​អាច​ប្រៀប​ផ្ទឹម​​តារា​ដទៃ ​តែ​កេរ្តិ៍​ឈ្មោះ​​របស់​លោក​​មិន​អន់​ជាង​គេ​នោះ​ទេ។   ត្បិត​តែ​មាន​ឈ្មោះ​ល្បី​ តែ Stephen ត្រូវ​គេ​រិះ​គន់​ថា​ គម្រិះ​ និង​ចិត្ត​អាក្រក់។ មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា​ ដោយ​សារ​តែ​មាន​ប្រវត្តិ​ក្រីក្រ​និង​យុវភាព​គ្មាន​សុភមង្គល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ Stephen ក្លាយ​ជា​មនុស្ស​បែប​នេះ។ ទិនហ្វី​កើត​ក្នុង​​គ្រួសារ​ដែល​មាន​តែ​ទុក្ខ​លំបាក ដោយ​ម្ដាយ​របស់​លោក​​​ជា​ស្ត្រី​មេម៉ាយ​​ម្នាក់​​ដែល​ត្រូវ​ចិញ្ចឹម​​កូន​បី​នាក់។ កាល​ពី​តូច​​លោក​ចង់​រៀន​ក្បាច់​គុន​តែ​តារា​វ័យ ៥៣ ឆ្នាំ​នេះ​បាន​ត្រឹម​រៀន​តាម​កញ្ចក់​ទូរទស្សន៍​តែ​​ប៉ុណ្ណោះ។

ក្រោយ​មក​ ទិនហ្វី ចូល​សម្ដែង​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ TVB តែ​មិន​ត្រូវ​បាន​គេ​ឲ្យ​​តម្លៃ​លោក​​ខ្ពស់​នោះ​ទេ។ កំឡុង​ពេល​នោះ​តារា​រៀម​ច្បង Carol Cheng បាន​ប្រកាស​ថា "គ្មាន​ថ្ងៃ​ដែល ទិន​ហ្វី​នឹង​​ល្បី​ឈ្មោះ​នោះ​ទេ"។   ដោយ​សារ​តែ​មាន​យុវភាព​ដែល​គ្មាន​ការ​ហូប​ចុក​គ្រប់គ្រាន់​បាន​​ធ្វើ​ Stephen តែង​តែ​សន្សំ​ទោះ​បី​​ពេល​មាន​លុយ​ហើយ​ក៏​ដោយ។​ នៅ​ពេល​ដែល​ល្បី​ហើយ ដោយ​សារ​តែ​ខ្លាច​គេ​ដណ្ដើម​​តំណែង​របស់​ខ្លួន​ ទិនហ្វី​តែង​តែ​គិត​​ខ្លួន​ឯង​​មុន​ជានិច្ច។     ៤. Sammo Hong៖ ចិត្ត​ក្ដៅ​ឆេវឆាវ ​

  Sammo Hong កើត​ឆ្នាំ ១៩៥២ នៅ​ហុងកុង ក្នុង​គ្រួសារ​​អ្នក​ហាត់​ក្បាច់គុន។ នៅ​ពេល​មាន​អាយុ ៩ ឆ្នាំ លោក​បាន​​តាម​លោក​គ្រូ Yu Zhan Yuan ដែល​​ជា​សិស្ស​ច្បង​របស់ ឈិន​ ឡុង ដើម្បី​ហាត់​ក្បាច់គុន។ តែ​ដល់​​ពេល​ចុង​បញ្ចប់ Sammo នៅ​តែ​ទទួល​ស្គាល់​ថា​ខ្លួន​ជា​​មនុស្ស ឆេវឆាវ​ពី​កំណើត។ លោក​បាន​ប្រាប់​ថា ​គ្រួសារ​លោក​​ពឹង​ពាក់ លោក​គ្រូ Yu Zhan Yuan ក៏​ដោយ​សារ​តែ​អស់​សមត្ថភាព​​ក្នុង​ការ​ប្រៀន​ប្រដៅ​លោក​នៅ​ពេល​នោះ។ នៅ​ពេល​មាន​អាយុ ១៦ ឆ្នាំ លោក​បាន​វាយ​គ្នា​រហូត​ដល់​​ត្រូវ​ដេក​មួយ​កន្លែង​អស់​មួយ​រយៈ។   រហូត​ដល់​ពេល​ល្បី​ឈ្មោះ​ហើយ លោក​នៅ​តែ​​ចូល​ក្លឹប​រាត្រី​ជា​ញឹកញាប់។ ស្នាម​នៅ​លើ​មុខ​សព្វ​ថ្ងៃ​របស់​លោក​​គឺ​កើត​ឡើង​​ដោយ​សារ​តែ​ដណ្ដើម​មិត្ត​ស្រី​ម្នាក់។ “ឥលូវ​នេះ​ នៅ​ពេល​ដែល​​មាន​កូន​៤នាក់​ និង​ចៅ​ជាច្រើន​ទើប​ខ្ញុំ​នឹក​ឃើញ​ថា កាល​ពី​មុន​ខ្ញុំ​រស់​នៅ​ដូច​គ្មាន​បាន​ការ​សោះ" តារា​វ័យ ៦៣ ឆ្នាំ​ចែក​រំលែក។     ៥. Donnie Yen (កុំកុំ)៖ គេច​សាលា ទៅ​ធ្វើ​សន្តិសុខ​នៅ​​ផ្ទះ​បន

កុំកុំ​ដែល​មាន​ឈ្មោះ​ពិត​ថា Donnie Yen បាន​ទទួល​ស្គាល់​ថា ​យុវភាព​របស់​ខ្លួន​គឺ​ជា​ការ​រស់​នៅ​ដែល​គ្មាន​​ដឹង​ថា ​អ្វី​ជា​ថ្ងៃ​ស្អែក​នោះ​ទេ។ ដោយ​ស្រលាញ់​ក្បាច់​គុន លើក​តម្កើង លីសៀវឡុង សម្រាប់ កុំកុំ ចំណេះ​វិជ្ជា​គឺ​ជា​រឿង​មិន​សំខាន់។ លោក​តែង​តែ​គេច​សាលា ដែល​ធ្វើ​ឲ្យ​គ្រួសារ​លែង​​ខ្វល់​ពី​ខ្លួន​តទៅ​ទៀត។   “និយាយ​ទៅ​ខ្ញុំ​គេច​សាលា​ស្ទើរ​រាល់​ថ្ងៃ បើ​ទោះ​បី​ចូល​សាលា​គ្រាន់​តែ​ហៅ​វត្តមាន​រួច​គឺ​ខ្ញុំ​បិទ​ភ្នែក​ដេក​ភ្លាម។ នៅ​ពេល​ទៅ​ដល់​ផ្ទះ ទោះ​បី​ជា​ឪពុក​ម្ដាយ​ស្ដី​បន្ទោស​ក៏​ខ្ញុំ​មិន​ដែល​រៀន​សូត្រ​អី​ដែរ។ ពិន្ទុ​របស់​ខ្ញុំ​ទាប​​​ជាង​គេ​​នៅ​ក្នុង​ថ្នាក់"។   អាយុ ១៦ ឆ្នាំ ក្រោយ​ពេល​ឈ្លោះ​គ្នា​ជាមួយ​ឪពុក Donnie រត់​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​​សន្តិសុខ​នៅ​ផ្ទះ​បន​មួយ ដែល​មួយ​ថ្ងៃៗ ត្រូវ​គេ​វាយ​ស្ទើរ​ស្លាប់​ខ្លួន រហូត​ដល់​ធ្វើ​ឲ្យ​តារា​រូប​នេះ ភ្ញាក់​ខ្លួន​​សម្រេច​ចិត្ត​ត្រលប់​មក​ទីក្រុង ប៉េកាំង​វិញ។

ត្រលប់​មក​ទីក្រុង ប៉េកាំង គឺ​ជា​ជម្រើស​ដ៏​​ត្រឹម​ត្រូវ​សម្រាប់ Donnie។ លោក​ចាប់​ផ្ដើម​រៀន​ក្បាច់គុន Wu Shu និង​ត្រូវ​បាន​អ្នក​ដឹក​នាំ​សម្ដែង​ឲ្យ​សម្ដែង​​តួ​តូច​តាច។ ក្រោយ​រយៈ​ពេល ១០ ឆ្នាំ ​តារា​វ័យ ៥២ ឆ្នាំ​ល្បី​កក្រើក​ពេល​សម្ដែង​រឿង "Circus Kid”។ ក្រោយ​មក​​លោក​មាន​ឈ្មោះ​ល្បី​ជា​អន្តរជាតិ​ពេល​សម្ដែង​រឿង "Kill Zone” និង “Ice Man” ជាដើម៕

អត្ថបទ៖ សុវណ្ណផៃ

អត្ថបទថ្មី
;