លោក​ត្រាំ​សន្យា​ថា​នឹង​វាយ​លុក​ពួក តាលីបង់ «កាន់​តែ​ខ្លាំង​»

  • 2019-09-13 06:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​សន្យា​​វាយ​លុក​ពួក​ តាលីបង់​ កាន់​តែ​ខ្លាំង​ជាង​អ្វី​ដែល​ពួក​គេ​ធ្លាប់​ទទួល​រង​ពី​មុន​មក​។ លោក​ ត្រាំ បាន​​និយាយ​បែប​នេះ​ខណៈ​សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​ទី​១៨​ នៃ​ការ​វាយ​ប្រហារ​អគារ​ភ្លោះ​ ១១ កញ្ញា ឆ្នាំ​២០០១​។

ការ​អធិប្បាយ​របស់​លោក​ត្រាំ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​លុប​ចោល​ផែនការ​អញ្ជើញ​មេ​ដឹក​នាំ​របស់​ ក្រុម​ឧទ្ទាម​ តាលីបង់​ មក​ចរចា​លើក​ទឹក​ដី​អាមេរិក​ ដោយ​បាន​ប្រកាស​ថា​កិច្ច​ចរចា​នោះ​គឺ​ «ងាប់» ​បាត់​ហើយ​។ កាល​ពី​អាទិត្យ​មុន​ទាហាន​របស់​អាមេរិក​ម្នាក់​បាត់​បង់​ជីវិត​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដោយ​ក្រុម​ឧទ្ទាម​នេះ​ នៅ​ទីក្រុង​កាប៊ូល​ ប្រទេស​អាហ្វហ្គានីស្ថាន។

មុន​លោក​ត្រាំ​លុបចោល​កិច្ច​ចរចា​នេះ​ ភាគី​ទាំង​ពីរ​ឈាន​ជិត​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​។​ ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ អាមេរិក​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន ហើយ​ភាគី​ តាលីបង់​យល់​ព្រម​ឈប់​ប្រើ​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​មូលដ្ឋាន​សម្រាប់​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ជុំ​វិញ​ពិភពលោក​។

អ្នក​នាំ​ពាក្យ​ក្រុម​ តាលីបង់​ លោក Zabihullah Mujahid បាន​បញ្ជាក់​ថា​លោក​ ត្រាំ នឹង​ស្ដាយ​ក្រោយ​ ដោយ​លោក​បាន​និយាយ​ថា​៖ «យើង​មាន​មធ្យោបាយ​ពីរ​ដើម្បី​បញ្ចប់​ការ​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ មួយ​គឺ​ជីហាដ​និង​ការ​ប្រយុទ្ធ​គ្នា មួយ​ទៀត​គឺ​ការ​ពិភាក្សា​និង​ចរចា។ បើ​លោក​ត្រាំ​ចង់​ឈប់​និយាយ​គ្នា​ យើង​ត្រូវ​ជ្រើស​រើស​យក​មធ្យោបាយ​ទី​មួយ ​ហើយ​ពួក​គេ​នឹង​ស្ដាយ​ក្រោយ»៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;