រក​ឃើញ​ប្រភព​អាវុធ​ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​

  • 2019-09-17 03:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ​អ្នក​នាំ​ពាក្យ​កង​កម្លាំង​ចម្រុះ​អារ៉ាប់​ លោក Turki al-Malki បាន​និយាយ​ថា​អាវុធ​ដែល​បាន​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​រោងចក្រ​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ចុង​សប្ដាហ៍​មុន​ គឺ​មាន​ប្រភព​ពី​ប្រទេស​អ៊ីរ៉ង់​។ ជា​មួយ​នឹង​តម្រុយ​នៃ​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក​ ការ​ប្រកាស​នេះ​ធ្វើ​​ឲ្យ​កើន​ភាព​ភ័យខ្លាច​​នៃការ​កើត​មាន​សង្គ្រាម​ថ្មី​មួយ​ទៀត​នៅ​តំបន់​នេះ។

ការ​វាយ​ប្រហារ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​តំបន់ Abqaiq ដែល​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ធំជាង​គេ​ក្នុង​ពិភព​លោក និង​តំបន់​អណ្ដូង​ប្រេង​ Khurais នៅ​ផ្នែក​ខាង​កើត​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ កាល​ពី​ចុង​សប្ដាហ៍​ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​​ជុំ​វិញ​ពិភព​លោក​កើន​ឡើង​ខ្ពស់​។

ក្រុម​ឧទ្ទាម​ Houthi ដែល​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ក៏​ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បាន​ច្រាន​ចោល​ការ​អះអាង​នេះ​ ហើយ​ចោទ​ប្រទេស​អ៊ីរ៉ង់​វិញ​ ជា​មួយ​នឹង​​ប្រសាសន៍​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ ដែល​បាន​និយាយ​ថា​យោធា​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​។

ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​ត្រូវ​បាន​គេ​វាយ​ប្រហារ​កាល​ពី​មុន​ដែរ​ ប៉ុន្តែ​ការ​វាយ​ប្រហារ​លើក​នេះ​គឺ​មាន​ទំហំ​​ធំខុស​​​មុន​ៗ​ ដោយ​​បាន​កាត់​បន្ថយ​ទិន្នផល​ប្រេង​របស់​សមាជិក​ OPEC នេះ​អស់​ពាក់​កណ្ដាល​ដែល​ប្រហែល​ ៦ %នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​របស់​ពិភព​លោក​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;