រាជ​រដ្ឋាភិបាល​ឲ្យ​ក្រសួង​ពីរ​ ពិនិត្យ​មើលរឿង​អភិបាល​ខេត្ត​កំពង់ឆ្នាំង​យកដី​រដ្ឋ

  • 2019-09-19 03:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល បាន​ឯកភាព​ប្រគល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ពិនិត្យ​ដោះស្រាយ​ករណី របស់​អភិបាលខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ភាពមិន​ប្រក្រតី​មួយ​ចំនួន ក្នុងការ​យកដី​របស់រដ្ឋ​ចំនួន ៨​កន្លែង ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង
យោងតាម​លិខិត​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ចុះថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​ចុះ​ហត្ថលេខា ដោយលោក​ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បានជម្រាប​ទៅរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និងរដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពី​ករណី​របាយការណ៍​សង្ខេប លទ្ធផល​ស្រាវជ្រាវ​របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរក្រោក រកឃើញ​ភាពមិន​ប្រក្រតី (តម្រុយ​នៃអំពើ​ពុករលួយ) ធ្វើឲ្យប៉ះពាល់​ធ្ងន់ធ្ងរដល់​ប្រសិទ្ធភាព​នៃការ​អនុវត្ត​អនុក្រឹត្យលេខ 183 អនក្រ បក ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ និងដោយ​យោង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ២០១៩ និង​លិខិត​ចុះថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៩ របស់​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជម្រាបជូន​រដ្ឋមន្ត្រី​ក្រសួង​ទាំងពីរ​ថា ពាក់ព័ន្ធ​ភាព​មិនប្រក្រតី​នៃការ​អនុវត្ត​អនុក្រឹត្យលេខ 183 អនក្រ.បក ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៦ ដែលបាន​លើកឡើង​ដោយប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរក្រោក រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់​ជូន រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិនិត្យ​ដោះស្រាយ។

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់​ពី​ឃើញ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​គណនី​ហ្វេសប៊ុក ឈ្មោះ «William Guang» ដែល​លើកឡើង​ថា លោក វីល្លាម ទម្លាយ​ឯកសារ​ដែល​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ លេប​យកដីរដ្ឋ ដី​បន្ទាយ​ទាហាន ៨កន្លែង មក​ធ្វើជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន។

អ្នកនាំពាក្យរដ្ឋបាលខេត្ត​បកស្រាយ​នូវ​ចំណុច​មួយ​ចំនួន​ដូចខាងក្រោម៖

-ដីរដ្ឋ ដីសាធារណៈ​របស់​រដ្ឋ ដី​ឯកជន​របស់​រដ្ឋ និង​អចលនទ្រព្យ​របស់​រដ្ឋ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ចុះ​បញ្ជី​គ្រប់គ្រង​ត្រឹមត្រូវ​តាមនីតិ​វិធី និង​បែបបទ ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល ហើយ​គ្រប់គ្រង​ដោយ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ថ្នាក់ខេត្ត និង​មន្ទីរ​/អង្គភាព​សាមី។ ក្នុង​មួយឆ្នាំ ត្រូវបាន​ធ្វើ​អធិការកិច្ច​ផ្ទៀង​ផ្ទាត់​យ៉ាងតិច​មួយដង យ៉ាង​ទៀងទាត់​ដោយ​មានការ​ចូលរួមពី​តំណាង​ក្រសួង/​ស្ថាប័ន​ធ្នាក់ជាតិ គណៈកម្មការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ថ្នាក់ខេត្ត និងសាមី​មន្ទីរ/អង្គភាព គ្រប់គ្រង​ផ្ទាល់​ដោយ​ផ្អែក​លើ​បញ្ជី​គ្របគ្រង​ជាគោល។

-ដោយ​ឡែក​ដីឯកជន​របស់​ប្រជាពលរដ្ឋ មន្រ្តី​រាជការ និង​សាធារណជន​ទូទៅ រដ្ឋបាលខេត្ត​បាន​ជំរុញ​ការ​ចុះបញ្ជី និង​ផ្តល់​កម្មសិទ្ធិ​តាមកម្មវិធី​ចុះ​បញ្ជី​ដាច់ដោយ​ដុំ និង​ការចុះ​បញ្ជី​ជាលក្ខណៈ​ប្រព័ន្ធ តាម​យន្តការ​គណៈកម្មាធិការ​សុរិយោដីថ្នាក់ខេត្ត គណៈកម្មាធិការ​គ្រប់​គ្រង​ដីរដ្ឋថ្នាក់ខេត្ត និង​ក្រុមការងារ ​ដោយ​អនុវត្ត​តាម​នីតិ​វិធី និង​បែបបទ ​ដែលណែនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ប្រជាពលរដ្ឋ​ និង​ម្ចាស់​ដីទាំងអស់ ដែល​បាន​ទទួលសិទ្ធិ​កាន់កាប់ដី មាន​សិទ្ធិលក់ ឬ​ទិញ ឬដូរ ឬបញ្ចាំ​ស្របតាមច្បាប់​ជាធរមាន ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់ខ្លួន​ម្នាក់ៗ។

បើតាម​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោក បើកការ​ស៊ើប​អង្កេត​ពីរខែ កន្លងមក បានពិនិត្យ​ឃើញ​បញ្ហាថ្មីៗ​បន្ថែម​ទៀត ក្នុងខេត្តកំ​ពង់ឆ្នាំង បន្ទាប់ពី​ករណីមុន បានស្រាវជ្រាវរកឃើញ ម្ដងហើយ ចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋ​ទៅឱ្យ​ក្រុមហ៊ុន​ឯកជ​នដោយ​ចេញប្លង់​ទាំងខុស​នីតិវិធី។ ករណីមុន​គឺបន្ទាប់ពី​រាយការណ៍​ផ្ទាល់ជូន​សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល​ក៏ដាក់វិធានការ​ចេញ សជណ លេខ ១២៩៦ ឱ្យ​ពិនិត្យ​សាជាថ្មី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;