ក្រសួងទេសចរណ៍ ស្នើ​រុស្ស៊ី ជំរុញ​ការ​ហោះ​ហើរ​ត្រង់​មក​កម្ពុជា និង​ជួយ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍

  • 2019-09-19 07:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជួប​ជា​មួយ​ប្រតិភូ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ដឹក​នាំ​ដោយ​លោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំកម្ពុជា និង​បាន​ស្នើ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា និង​សហការជាមួយកម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្នុងប្រទេសរបស់ខ្លួន និងជំរុញ​កំណើន​ទេសចររុស្ស៊ី និង​ទេសចរ​មកពី​ប្រទេស​ទីបី ឱ្យ​មក​ទស្សនាកម្ពុជាកាន់តែច្រើន។ ជំនួប​នេះ​ធ្វើ​ឡើង​ នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ទីស្ដី​ការ​ក្រសួង​ទេស​ចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំកម្ពុជារូបភាព៖ រីក្រសួងទេសចរណ៍
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬ​ទី​ក្រុង​ណា​មួយ​នៅចុង​បូព៌ារបស់រុស្ស៊ីមកកាន់កម្ពុជានៅឡើយទេ ដូច្នេះហើយបានជា លោក ថោង ខុន ស្នើ​ទៅ​កាន់​លោក​ឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង ល្វា៉​ឌីវ៉ូស្តុក​(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។

លោក រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​រុស្ស៊ីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅ​កាន់​ទីផ្សារ​ទេស​​ចរណ៍រុស្ស៊ី ព្រម​ទាំងស្នើឱ្យជួយរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររុស្ស៊ីផងដែរ។ ក្រោយ​ជំនួប​នេះ រុស្ស៊ី​ក៏​បានទទួលយកនូវសំណើទាំងនេះយ៉ាងពេញចិត្ត ប៉ុន្តែ​ក៏​បាន​ស្នើ​មក​កម្ពុជា​វិញ​ដែរ គឺ​សូម​សហ​ការ​ជា​មួយរុស្ស៊ីឱ្យបានជិតស្និទ្ធ ដើម្បី​ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ដំណើរ​ការ​ទៅ​ប្រកបដោយផ្លែផ្កា៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;