សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ជួបគ្នាស្ងាត់ៗ
- 2019-09-23 02:25:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ជួបគ្នាស្ងាត់ៗ
ចន្លោះមិនឃើញ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានជួបគ្នាស្ងាត់ៗ នៅដំណាក់វាលស្បូវកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីមានការបែកបាក់រវាងគណបក្សរាជានិយមទាំងពីរជាច្រើនឆ្នាំ។ ការជួបគ្នារវាងមេដឹកនាំគណបក្សទាំងពីរនេះ គឺតាមរយៈម្ចាស់ក្សត្រីយ៍ ម៉ារី រណឫទ្ធិ។
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ [ខ្លីៗ] ថា នៅក្នុងការជំនួបរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយលោក ញឹក ប៊ុនឆៃ នៅដំណាក់វាលស្បូវ គឺសម្តេចក្រុមព្រះបានមានបន្ទូលអំពីការបង្រួបបង្រួមរវាងគ្នាឡើងវិញ រវាងអ្នករាជានិយម និងសីហនុនិយម កុំឲ្យមានការបែកបាក់គ្នាតទៅទៀត។ ហើយជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ នឹងកើតមាននៅក្នុងពេលឆាប់ៗខាងមុខនេះ នៅពេលដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច យាងមកពីប្រទេសបារាំងវិញ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងបញ្ជាក់ថា លោកពិតជាបានជួបជាមួយសម្តេចក្រុមព្រះ នៅដំណាក់វាលស្បូវមែន បីបួនថ្ងៃមុននេះ តាមរយៈព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ។ «ខ្ញុំបានគាល់សម្តេចក្រុមព្រះ នៅដំណាក់វាលស្បូវ នឹងបានថ្វាយបង្គំព្រះអង្គតាមរយៈព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ។ ហើយនៅពេលជួបព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះអង្គក៏បានទូលថ្វាយសម្តេចក្រុមព្រះ ហើយសម្តេចក្រុមព្រះក៏បានយាងចេញមក ខ្ញុំក៏បានគាល់លោកនៅដំណាក់វាលស្បូវ។ ទាំងអង្គម្ចាស់ក្សត្រីយ៍ និងទាំងអ្នកនៅបម្រើព្រះអង្គ មានការឆ្ងល់ដែរថា ព្រះអង្គមានបន្ទូលពីមុនមកបានតែមួយម៉ាត់ៗទេ អត់មានបន្ទូលអីបានច្រើនទេ ដល់ពេលថ្ងៃដែលខ្ញុំទៅគាល់លោក លោកសប្បាយរីករាយក្នុងព្រះទ័យ ស្រាប់តែលោកមានបន្ទូលបានវិញទាំងអស់ ទាំងព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏ឆ្ងល់ដែរថា លោកអត់មានបន្ទូលបានទេ កន្លងមក ហេតុអីបានឃើញខ្ញុំទៅ ស្រាប់តែលោកមានបន្ទូលវិញ ហើយព្រះអង្គម្ចាស់ក្សត្រីយ៍សួរព្រះអង្គថា ស្គាល់ទេអ្នកណា ព្រះអង្គថា ស្គាល់តាឯកឧត្តម ញឹក ប៊ុនឆៃ»។
លោកបានបញ្ជាក់ទៀតថា នៅពេលគាល់សម្តេចក្រុមព្រះ ព្រះអង្គបានបន្ទូលឲ្យរួបរួមគ្នាទៅ ប្រមូលអ្នករាជានិយម អ្នកសីហនុនិយម រួបរួមគ្នា។ ហើយលោកក៏មិនបានលើកអ្វីច្រើនដែរ គ្រាន់តែសួរអំពីព្រះរាជសុខភាពរបស់ព្រះអង្គ និងថ្វាយព្រះពរព្រះអង្គ។ «ព្រះអង្គមានបន្ទូលពីរបីចំណុចពាក់ព័ន្ធដល់ការបង្រួបបង្រួមគ្នា អ្នកសីហនុនិយម អ្នករាជានិយម ដើម្បីជួយដល់ប្រទេសជាតិ ជួយដល់ប្រជាជន កុំគិតរឿងអតីតកាល ហើយព្រះអង្គមិនមានបន្ទូលអ្វីផ្សេងទៀតទេ»៕