ចិន បើក​សម្ពោធ​ព្រលាន​យន្តហោះ​ថ្មីមួយ ដែល​នឹង​អាចក្លាយ​ជាព្រលាន​ធំបំផុត​ក្នុង​លោក

  • 2019-09-25 08:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រលាន​យន្តហោះ​អន្តរជាតិ Daxing នៅក្រុង​ប៉េកាំង ប្រទេស​ចិន ត្រូវបាន​បើក​សម្ពោធ​ជាផ្លូវការ​នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី ស៊ី ជិនពីង។ ការ​បើក​សម្ពោធ​នេះ ធ្វើឡើង​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ មុន​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ព្រលាន​យន្តហោះ​ដែលមាន​រាង​ដូចផ្កាយ​សមុទ្រនេះ ស្ថិតនៅ​ប៉ែក​ខាងត្បូងនៃ​ក្រុងប៉េកាំង ដែល​វានឹង​ជួយសម្រាល​ចំនួន​អ្នកដំណើរ​នៅព្រលាន​យន្តហោះប៉េកាំង​បច្ចុប្បន្ន។ ព្រលានថ្មីនេះ មានចម្ងាយ​ប្រមាណ ៤៦​គីឡូម៉ែត្រ ពី​ទីលាន​ធានអានមីន។

ព្រលានយន្តហោះ​នេះ នឹង​ប្រតិបត្តិការ​ពេញ​លេញ​នៅឆ្នាំ​២០២៥ ជាមួយផ្លូវរត់យន្តហោះ​ចំនួន៤ ដែល​មាន​សក្តានុពល​អាចទទួល​អ្នកដំណើរបាន ៧២លាននាក់។ ត្រឹម​ឆ្នាំ​២០៤០ វា​នឹង​ត្រូវ​ពង្រីក​ផ្លូវរត់​ដល់​ចំនួន៨ ក្នុងនោះ​មាន​ផ្លូវ១​សម្រាប់​យន្តហោះយោធា ហើយ​អាច​ស្វាគមន៍ភ្ញៀវប្រមាណ ១០០លាននាក់​ក្នុងឆ្នាំ ដែល​នឹង​អាច​ធ្វើឱ្យ​វា​ក្លាយ​ជាព្រលាន​យន្តហោះ​ធំជាងគេ​ក្នុងពិភពលោក (Single Terminal)។

បច្ចុប្បន្ន​ ព្រលាន​យន្តហោះ Atlanta នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ព្រលាន​មមាញឹក​ជាងគេ​ក្នុងលោក ក៏ទទួលបាន​អ្នកដំណើរ​ប្រមាណ ១០០លាននាក់​ផងដែរ ប៉ុន្តែឆ្លងកាត់ Terminal ចំនួន​២។

ប្រទេសចិន ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ជើងហោះហើរ​សរុប ១,៦ពាន់​លាន​ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ​២០៣៧ ខណៈ​កាលពីឆ្នាំ​២០១៧ មាន​ជើងហោះហើរជាង ១ពាន់លាន​រួចមកហើយ។

សម្រាប់​ក្រុង​ប៉េកាំង ដែល​មានប្រជាជន​ ២១លាននាក់ ត្រូវបាន​រំពឹងថា នឹង​ទទួលស្វាគមន៍​អ្នកដំណើរ​តាមព្រលាន​យន្តហោះទាំង២ខាងលើ ចំនួន​១៧០លាននាក់ នៅក្នុងឆ្នាំ​២០២៥៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;