កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ ក្រោយឲ្យសញ្ញាថាចង់ចរចាជាមួយអាមេរិក
- 2019-10-02 03:46:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ ក្រោយឲ្យសញ្ញាថាចង់ចរចាជាមួយអាមេរិក
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយចូលសមុទ្រ មួយថ្ងៃក្រោយពីប្រទេសនេះឲ្យសញ្ញាថាចង់បន្តការចរចាជាមួយអាមេរិក។ នេះបើតាមយោធាកូរ៉េខាងត្បូង ដោយក្នុងសេចក្ដីថ្លែងការណ៍មួយពួកគេបាននិយាយថា៖ «កងយោធារបស់យើងកំពុងតាមដានស្ថានការណ៍សម្រាប់ការបាញ់បង្ហោះបន្ថែម ហើយយើងកំពុងរក្សាជំហរត្រៀមខ្លួន»។
បំណែកមួយនៃមីស៊ីលនេះបានធ្លាក់ចូលដែនសមុទ្រនៃខេត្ត Shimane របស់ប្រទេសជប៉ុននៅម៉ោង ៧ ព្រឹក។ ខណៈនោះមានបំណែកមួយទៀតបានធ្លាក់នៅក្រៅដែនសមុទ្រជប៉ុនប៉ុន្មាននាទីមុន។ ឆ្មាំសមុទ្រជប៉ុនបានចេញសេចក្ដីថ្លែងការណ៍ប្រាប់នាវិកឲ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីល ហើយត្រូវយកចិត្តទុក្ខដាក់លើព័ត៌មានបន្ថែមនិងមិនត្រូវទៅជិតបំណែកណាមួយឡើយ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រាប់អ្នកសារព័ត៌មានថា៖ «ការបាញ់មីស៊ីលផ្លោងនេះគឺរំលោភការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យើងប្រឆាំងនិងថ្កោលទោសសកម្មភាពនេះ»។
គួរបញ្ជាក់ថាមីស៊ីលនេះគឺជាមីស៊ីលទី ៩ ដែលកូរ៉េខាងជើងបានបាញ់ក្រោយពីកិច្ចប្រជុំរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ កាលពីខែមិថុនា នៅតំបន់គ្មានយោធា(DMZ) នៅព្រំដែនកូរ៉េខាងជើង-ខាងត្បូង។
លោក ត្រាំ មិនបានបង្ហាញភាពព្រួយបារម្ភណាមួយ ចំពោះការបាញ់មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងប៉ុន្មានលើកនេះ ដោយកាលពីខែកញ្ញា លោកបាននិយាយថាសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងមិនមានកិច្ចព្រមព្រៀងស្តីពីមីស៊ីលរយៈចម្ងាយខ្លីទេ ហើយប្រទេសជាច្រើនកំពុងតែសាកល្បងអាវុធបែបនេះ៕