ចាប់​ខ្លួន​ជនជាតិចិន តៃវ៉ាន់ និងហុងកុង ចំនួន៤នាក់ ពី​បទ​ជួញដូរថ្នាំញៀនជិត ៤០គីឡូ

  • 2019-10-07 01:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ចបានចាប់ខ្លួនមេក្លោងចំនួន ៤នាក់ ករណីជួញដូរថ្នាំញៀនដ៏ធំដែលមានទម្ងន់ជិត ៤០គីឡូក្រាម ក្នុង​នេះមានជនជាតិចិន ចិនតៃវ៉ាន់ និងហុងកុង។ ការ​បង្ក្រាប​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​ទ្រង់​ទ្រាយ​ធំ​នេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខុនដូ បន្ទប់លេខ១៩ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រី​ជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់ [ខ្លីៗ] កាលពីល្ងាចថ្ងៃទី៤ ខែតុលា ថា​កម្លាំង​ជំនាញ "ក១១" របស់​មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សា​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​ធំមួយករណី។ ដោយនៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤​នាក់ ភេទប្រុស ក្នុងនោះមានជនជាតិចិនចំនួន ០១នាក់ តៃវ៉ាន់ចំនួន ០១នាក់ ហុងកុងចំនួន ០២​នាក់។

ប្រភពដដែលបានបន្តថា ក្នុងការបង្ក្រាបសមត្ថកិច្ចបានចាប់យកវត្ថុតាងសារធាតុញៀនសរុបទម្ងន់ ៣៩ គីឡូក្រាម ២៥៣,១៧ក្រាម ក្នុងនោះមានមេតំហ្វេតាមីន (ICE) ទម្ងន់ ៣៥គ.ក្រ ៦៩៣,៩១ក្រាម ។ សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ២គ.ក្រ ៩៨២,៩៧ក្រាម។ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥៧៦.២៩ក្រាម។

មេក្លោងជួញដូរថ្នាំញៀនទាំង ៤នាក់ មានដូចជា៖

១. ឈ្មោះ Yun Lianfu អាយុ ៥១ឆ្នាំ ២. ឈ្មោះ Feng Yong Chao អាយុ ៤៨ឆ្នាំ ៣. ឈ្មោះ Chio Ka Lun អាយុ ៤៣ឆ្នាំ ៤. ឈ្មោះ Lau Chun Kin អាយុ ៤០ឆ្នាំ។

ការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនដ៏ធំនេះ គឺក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពី សំណាក់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​នាយ​ឧត្តមសេ​នីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;