ត្រឹមឆ្នាំ ២០១៩ សំរាមនៅខេត្តព្រះសីហនុកើនដល់ ១ពាន់តោនក្នុងមួយថ្ងៃ
- 2019-10-08 04:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមឆ្នាំ ២០១៩ សំរាមនៅខេត្តព្រះសីហនុកើនដល់ ១ពាន់តោនក្នុងមួយថ្ងៃ
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននិយាយថា ដោយការរីកចម្រើនរយៈពេល ២ឆ្នាំនេះ សំរាមនៅខេត្តព្រះសីហនុ ក៏មានការកើនឡើងផងដែរ តាមការព្យាករសំរាមកើនឡើងពី ១០ទៅ ១៥ភាគរយក្នុងមួយឆ្នាំ។ ការលើកឡើងនេះនៅក្នុងជំនួបរវាងលោក និងអ្នកស្រី Grace Smith សហស្ថាបនិក Go Green Cambodia និងជាទីប្រឹក្សាធនាគារពិភពលោក ដែលបានធ្វើបទបង្ហាញពីសំណល់ប្លាស្ទិចនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែតុលា នៅសាលាខេត្តព្រះសីហនុ។
លោក បានបន្តថាក្នុងឆ្នាំ២០១៥ សំរាមមានចន្លោះពី ១០០ទៅ ២០០តោន ក្នុងមួយថ្ងៃ បច្ចុប្បន្នសំរាមមានរហូត ១,០០០តោនក្នុងមួយថ្ងៃ យើងក៏បានធ្វើយុទ្ធនាការប្រមូលសំរាម បង្កើនការដឹកសំរាមចេញដោយចង់ដឹងថាសំរាមមានប៉ុន្មានក្នុងមួយថ្ងៃ។
បច្ចុប្បន្នក្រុមហ៊ុនប្រមូលសំរាម មានឡានដឹកសំរាមចំនួន ៨៥គ្រឿង និងបន្ថែម ៨០គ្រឿងទៀតនៅពេលខាងមុខ ប៉ុន្តែការប្រមូលសំរាមជួបវិបត្តខ្វះកម្មករ ព្រោះខេត្តព្រះសីហនុ ជាខេត្តសេដ្ឋកិច្ច នូវពេលក្រុមហ៊ុនប្រមូលសំរាមរើសកម្មករគ្រប់ បានតែរយៈពេលខ្លីតែប៉ុណ្ណោះ ពួកគេនឹងទៅរកការងារកន្លែងថ្មី។
លោក អភិបាលខេត្ត ក៏បានស្នើសុំនៃការចែករំលែកផ្នែកបច្ចេកទេស ទប់ស្កាត់កុំឱ្យសំរាមហូរចូលទៅសមុទ្រ ពិសេសដាក់សំណាញ់ចាប់កាកសំណល់នៅតាមស្ថានីយ៍ចម្រោះ និងស្ថានីយ៍ច្រោះទឹកកខ្វក់ នៅចុងឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ព្រោះស្ថានីយ៍ទាំងនោះ វាហូរចូលទៅក្នុងសមុទ្រ៕
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ