សម្ដេច ស ខេង៖ វិស័យអប់រំមានតម្លៃសម្រាប់ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាសន្តិភាព
- 2019-10-09 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ស ខេង៖ វិស័យអប់រំមានតម្លៃសម្រាប់ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាសន្តិភាព
ចន្លោះមិនឃើញ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និយាយថា ក្នុងក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជា បានចាត់ទុកការអប់រំ គឺជាវិស័យដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរក្សាសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ការថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន១៤រូប ដែលចេញទៅបំពេញបេសកកម្មនៅប្រទេសចិន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន បានកំណត់គោលដៅជាអាទិភាពថា «វិស័យអប់រំ» គឺជាចក្ខុវិស័យដ៏សំខាន់មួយតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ពីសំណាក់មនុស្សទាំងអស់នៅក្នុងសង្គម ដែលកំពុងបម្រើការងារនៅតាមគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលឱ្យមានមានចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ។
លើសពីនេះគឺដើម្បីកសាងសិស្សានុសិស្ស ឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បីសម្រេចទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ប្រកបដោយគុណភាពខ្ពស់ សម្រាប់ជាយន្តការ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាដើម៕