គិត​ត្រឹម ៨ខែ​ដើមឆ្នាំ២០១៩ ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ជាង ៦ពាន់​លានដុល្លារ

  • 2019-10-11 03:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១៩ គម្រោងវិនិយោគ​នៅ​កម្ពុជា​មានចំនួន ២២២គម្រោង ដែល​មាន​ទុន​វិនិយោគប្រមាណ ៦ពាន់លានដុល្លារ ពោលគឺមានការកើនឡើងចំនួន ៨១គម្រោង និង​មាន​ទុន​វិនិយោគ​ប្រមាណ ១៨០០លានដុល្លារ បើ​ប្រៀប​ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ ហើយ​នៅ ក្នុង​តំបន់សេដ្ឋកិច្ចពិសេសគម្រោងវិនិយោគមានចំនួន ៧១​គម្រោង ដែលមានទុនវិនិយោគ ៥៧៨​លាន​ដុល្លារ ពោលគឺមានការកើនឡើងចំនួន២៦គម្រោង និងទុនវិនិយោគកើន ១៩លានដុល្លារ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​សន្និសីទ​ព័ត៌មានស្ដីពីសក្តានុពលនៃការវិនិយោគនៅ​កម្ពុជា ដោយ​លោក ជា វុទ្ធី អគ្គលេខាធិការងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី​ថ្ងៃទី១០ តុលា នៅ​ទីស្តី​ការ​គណ​រដ្ឋ​មន្ត្រី។

រូបតំណាង
អគ្គលេខាធិការងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា គិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុងមានប្រតិបត្តិការមានចំនួន ២៣គម្រោង ដែលក្នុងនោះមានគម្រងវិនិយោគ ៤៨២​គម្រោង ដែលមានទុនវិនិយោគ ៣,៦ពាន់លានដុល្លារ ហើយ​ទំហំ​នៃ​ការ​នាំ​ចេញ​ដែល​មាន​ប្រភព​ចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ១៥% នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨។

ទន្ទឹមនឹងកំណើនសកម្មភាពវិនិយោគជារួមដែលមានការកើនឡើងជាបន្តបន្ទាប់នេះ គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៦ រហូត​មក​ដល់ខែសីហា ឆ្នាំ២០១៩ នេះ សកម្មភាព​វិនិយោគ​តាម​វិស័យ​ដែល​លេច​ធ្លោ​ជា​ងគេ គឺវិស័យទេសចរណ៍មានប្រមាណជា ៤៧% វិស័យហេដ្ឋារចនាសម្ព័ន្ធមាន២៤% វិស័យ​ឧស្សាហកម្មមាន២៣% និងវិស័យកសិឧស្សាហកម្មមានប្រមាណ ៦% នៃទំហំវិនិយោគ។

ជា​មួយ​គ្នានេះ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ ចំនួន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ការ​កើន​ឡើង​ខ្លាំង ខណៈ​ទុន​វិនិយោគ​នៅក្នុងវិស័យទេសចរណ៍ក៏មានការកើនឡើងជាគំហុកផងដែរ ដែលមានអាត្រាប្រមាណជា ៩៤% បើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។ ដោយ​ឡែកតួលេខវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​មាន​ការថយចុះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;