អ្នកថតរូបល្បីកម្ពុជា១០រូប បង្ហាញមុខ និងស្នាដៃក្នុងខួប១០ឆ្នាំមហោស្រពរូបថតភ្នំពេញ
- 2019-10-18 09:13:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកថតរូបល្បីកម្ពុជា១០រូប បង្ហាញមុខ និងស្នាដៃក្នុងខួប១០ឆ្នាំមហោស្រពរូបថតភ្នំពេញ
ចន្លោះមិនឃើញ
អ្នកថតរូបសហសម័យល្បីឈ្មោះនៅកម្ពុជា និងលើឆាកអន្តរជាតិ១០រូបនឹងបង្ហាញមុខចែករំលែកបទពិសោធន៍ និងបង្ហាញស្នាដៃរូបថតបែបសិល្បៈក្នុងខួប១០ឆ្នាំនៃមហោស្រពរូបថតភ្នំពេញដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ តុលា ដល់២៤ វិច្ឆិកា ឆ្នាំ២០១៩នៅទីតាំងសំខាន់ៗនានាក្នុងក្រុងភ្នំពេញ និងសៀមរាប។
ក្រៅពីជញ្ជាំងស្ថានទូតបារាំងនៅមានទីតាំង១១ផ្សេងទៀតដែលនឹងចូលរួមតាំងបង្ហាញនៅឆ្នាំនេះមានដូចជា៖ វិទ្យាស្ថានបារាំង, ជញ្ជាំងនៃប្រតិភូសហភាពអឺរ៉ុប , វិទ្យាល័យព្រះស៊ីសុវត្ថិ, អនុវិទ្យាល័យចតុមុខ, កោះពេជ្រ, JAVA Creative Café សាខាវិមានឯករាជ្យ, សណ្ឋាគារ Plantation, Future Factory, Sra’ Art Gallery, មជ្ឈមណ្ឌលបុប្ផាណា, និង វិចិត្រសាល បាឡាសារេម នៅខេត្តសៀមរាប។
លោក សុវណ្ណ ភីឡុង នាយកសមាគមរូបថតភ្នំពេញ បានលើកឡើងថា នេះខួប១០ឆ្នាំរបស់មហោស្រពរូបថតភ្នំពេញ។ រយៈពេល១០ឆ្នាំនេះអ្នករៀបចំមហោស្រពមានការឆ្លងកាត់ការលំបាកជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យមហោស្រពមួយនេះកើតឡើង និងធ្វើយ៉ាងណាឲ្យវិស័យថតរូបមានការរីកចម្រើនទៅដល់អ្នកជំនាន់ក្រោយ។
បើទោះជាមហោស្រពនេះមិនមែនជាសាលារៀនមួយ តែនេះជាឳកាសមួយបានជួបជាមួយសិល្បករផ្សេងៗមកពីជុំវិញពិភពលោកដើម្បីផ្លាស់ប្តូរបទពិសោធន៍ បានឃើញពីការងារដែលពួកគាត់បានធ្វើ។ វាផ្លូវមួយបង្ហាញដល់អ្នកថតរូបជំនាន់ក្រោយឲ្យគាត់ស្គាល់ ដឹងថាធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកថតរូបម្នាក់ដែលមានអ្នកទទួលស្គាល់។ លោក សុវណ្ណភីឡុងបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថាមហោស្រពឆ្នាំ២០១៩ដែលជាខួបទី១០នេះ មានស្នាដៃសិល្បករដល់ទៅជាង៤០នាក់មកពីប្រទេសនានាមកពីតំបន់អឺរ៉ុប និងអាស៊ី ដោយក្នុងនោះមានអ្នកថតរូបជនជាតិខ្មែរចំនួន ១៣នាក់ផងដែរ៕
រូបថតរបស់សិល្បករ៖ ផ្តល់សិទ្ធដោយសមាគមរូបថតភ្នំពេញ