ទណ្ឌិតបរទេសជាង១០%ស្ថិតបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសថ្ងៃអុំទូក
- 2019-10-21 09:41:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទណ្ឌិតបរទេសជាង១០%ស្ថិតបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសថ្ងៃអុំទូក
ចន្លោះមិនឃើញ
ទណ្ឌិតបរទេសមានជនជាតិចិន វៀតណាម និងសញ្ជាតិដទៃផ្សេងទៀតប្រមាណពី១០ ទៅ ១៥ភាគរយក្នុងចំណោមទណ្ឌិតសរុប ៥១២នាក់ស្ថិតបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០-១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ស៊ុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រះរាជអាជ្ញា និងកិច្ចការព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅរសៀលថ្ងៃច័ន្ទទី២១ ខែតុលា នេះ នាទីស្តីការក្រសួងយុត្តិធម៌។
ទណ្ឌិតបរទេសដែលមានទោសជាប់ពន្ធធនគារនៅកម្ពុជាបច្ចុប្បន្នមានសរុបជាង ១ពាន់នាក់ក្នុងចំណោមទណ្ឌិតសរុបនៅកម្ពុជាជាង៣ម៉ឺន ៤ពាន់នាក់។ បទល្មើសភាគច្រើនដែលទណ្ឌិតបរទេសទាំងនោះប្រព្រឹត្តភាគច្រើនគឺបទល្មើសគ្រឿងញៀន ប្លន់ និងឆបោកតាមអនឡាន។
ទណ្ឌិតដែលមានក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩ខាងមុខនេះមានសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) មកពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤។
សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតមានចំនួន ៣ដង ក្នុង ១ឆ្នាំ ដែលប្រព្រឹត្តិក្នុងថ្ងៃបុណ្យចូលឆ្នាំ បុណ្យពិសាខបូជា និងបុណ្យអុំទូក៕