ប៉ូលិស ចាប់ជនជួញដូរគ្រឿងញៀនមួយក្រុមជាមួយថ្នាំញៀនជិត ១០០គីឡូ
- 2019-10-25 01:30:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិស ចាប់ជនជួញដូរគ្រឿងញៀនមួយក្រុមជាមួយថ្នាំញៀនជិត ១០០គីឡូ
ចន្លោះមិនឃើញ
លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំសម្បើមនេះ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា។ ជនជួញដូរគ្រឿងញៀនដ៏ធំដែលមានគ្នាចំនួន ៤នាក់រួមទាំងថ្នាំញៀនជាង ៩០គីឡូក្រាម ដែលបង្ក្រាបកាលពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអាហាដ្ឋាន រស់សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក និងស្ថិតក្នុងភូមិក្រសាំង ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ការបង្ក្រាបនេះដែរ គឺកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ។
លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវបង្ក្រាប លើកទី១ កាលពីថ្ងៃទី២១ ខែតុលា វេលាម៉ោង១និង៣០នាទី នៅចំណុចអាហាដ្ឋាន រស់សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ ក្នុងនោះមានជនជាតិថៃម្នាក់។
លើកទី ២នៅថ្ងៃទី២៣ ខែតុលា ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការចូលរួមពីអាជ្ញាធរដែនដី បានចុះឆែកឆេរ ផ្ទះមួយកន្លែង ដែលលាក់ទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិក្រសាំង (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ។
ជនសង្ស័យទាំងបួននាក់ រួមមានៈ ទី១-ឈ្មោះ គង់ វណ្ណៈ អាយុ ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ៤២ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី៣-ឈ្មោះ លី តឹក អាយុ៥៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងទី៤-ឈ្មោះ សាក់ ស៊ាងសង អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ។
វត្ថុតាងដកហូតបានមានក្នុងការបង្ក្រាបលើកទី១មាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤០កញ្ចប់ មានទម្ងន់ ៤០ គីឡូក្រាម និងរថយន្តចំនួនពីរ គ្រឿង។ចំណែកលើកទី២រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥៣កញ្ចប់ មានទម្ងន់ ៥៣ គីឡូក្រាម បន្ថែមទៀត។ ជាលទ្ធផលបង្ក្រាបលើកទី១ គ្រឿងញៀនមានចំនួន ៤០ កញ្ចប់ ទម្ងន់ ៤០ គីឡូក្រាម និងលើកទី២ មានចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម។ សរុបចំនួន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រាម៕