ប៉ូលិសកម្ពុជា ចាប់បានជនជាតិថៃ ២នាក់គ្រោងនាំគ្រឿងញៀនឆ្លងដែន
- 2019-10-25 02:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសកម្ពុជា ចាប់បានជនជាតិថៃ ២នាក់គ្រោងនាំគ្រឿងញៀនឆ្លងដែន
ចន្លោះមិនឃើញ
កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានពិនិត្យជនជាតិថៃចំនួន ០២នាក់ ក្នុងករណីសង្ស័យនាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) កាលពីនាវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ដោយរកឃើញ ម៉្សៅក្រាមពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២៨,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២៧,៣០គីឡូក្រាម)។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិថៃទាំង ០២នាក់នេះ មាន ទី១.ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១២ដុំ ទម្ងន់ ១២,៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១២,២០គីឡូក្រាម) និងទី២.ឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣០ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១៥ដុំ ទម្ងន់ ១៥,៨គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១៥,១០គីឡូក្រាម) បន្ទាប់ពីមន្រ្តីជំនាញ នៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើតេសបញ្ជាក់ថា ក្រាមពណ៌សខាងលើ ជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនទម្ងន់ ២៧,៣០គីឡូក្រាម ត្រូវបានដកហូត និងឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍