តារា​​ជើង​ចាស់​ម្នាក់ ធ្លាក់​ខ្លួន​ដល់​ថ្នាក់​លក់​នំ​តាម​ចិញ្ចើម​ថ្នល់ទាំង​យប់​​អធ្រាត្រ

  • 2019-10-25 03:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រី គង់ ប៊ុន​សុន ហៅ​ម៉ែ​ស៊ុន តារា​ជើង​ចាស់​ម្នាក់ ដែល​ប្រិយមិត្ត​និយម​បាន​ឃើញ​ការ​សម្ដែង​អ្នក​ស្រី ជា​តួ​ម្ដាយ​អ្នក​ក្រ ក្នុង​ខ្សែភាពយន្ត​ក៏​ដូច​​​ជា វីដេអូ​ខារ៉ាអូខេ​ជា​ច្រើន​នោះ មិន​មែន​មាន​ជីវភាព​ក្រី​ក្រ​តែ​ក្នុង​សាច់​រឿង​នោះ​ឡើយ គឺ​​ជីវភាព​នៅ​ខាង​ក្រៅ​រាល់​ថ្ងៃ​របស់​អ្នក​ស្រី​​គឺ​លំបាក​លំបិន​ណាស់ ដោយ​ក្រៅ​ពី​ការ​សម្ដែង ត្រូវ​ឆ្លៀត​លក់​នំ កាត់​យប់​កាត់​អធ្រាត្រ ដើម្បី​ដោះ​ស្រាវ​ជីវភាព។

អ្នក​ស្រី គង់ ប៊ុនសុន បាន​ថ្លែង​​ទាំង​សំដី​​មួយៗ​ថា ជាង​៣​ខែ​មក​នេះ ទីផ្សារ​សិល្បៈ​របស់​អ្នក​ស្រី​ធ្លាក់​ចុះ​ជា​ខ្លាំង គឺ​អត់​មាន​ផលិតកម្ម​​ណា​ហៅ​ថត​ឡើយ ហេតុ​នេះ​អ្នក​ស្រី​ត្រូវ​តែ​ឆ្លៀត​ដើរ​លក់​នំ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ក៏​ដូច​ជា ​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នក​ស្រី​បាន​លើក នំ​ថង់​ងួន នំ​បាត់​ជី នំខ្ញី ជា​ដើម ពី​អ្នក​បោះ​ដុំ​ឯ​ខេត្ត​កំពត ដោយ​ក្នុង​១ថង់ ចំណេញ​បាន​​ខ្ទង់​៧០០​រៀល ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ព្រឹក រហូត​ម៉ោង​១២​យប់ អ្នក​ស្រី​ថា អាច​លក់​បាន​​១០​ទៅ ២០ កញ្ចប់​ប៉ុណ្ណោះ ក្នុង​១ថ្ងៃ ផាត់​ប្រាក់​ថ្លៃ​ថង់ និង ម៉ូតូ​ឌុប សល់​ជាង​១​ម៉ឺន​រៀល។ "លោក​ក្មួយ​អើយ​១​កញ្ចប់​ថា​ចំណេញ​១០០០​រៀល​ចុះ តែ​យើង​​ផាត់​ម៉ូតូឌុប និង ថង់​ច្រក អីចឹង​អាច​សល់​៧០០​អី​ទេ មាន​ថ្ងៃ​ខ្លះ​លក់​ដល់​ម៉ោង​១២​យប់​ក៏​មាន អត់​ដាច់​ទេ មិន​ទាំង​រួច​ថ្លៃ​​ម៉ូតូ​ឌុប​ផង ចេះ​ប្រឹង​ទៅ ដើម្បី​ជីវិត "អ្នក​ស្រី គង់ ប៊ុនសុន លើក​ឡើង។

បច្ចុប្បន្ន​អ្នក​ស្រី គង់ ប៊ុនសុន ប្រកប​របរ​លក់​នំ​នេះ​​ជាង​១ឆ្នាំ​មក​ហើយ ដោយ​លក់​នៅ​លើ​ផ្លូវ​២៧១ ក្រោយ​ធនាគារ​ANZ ។ ចំណែក​ថ្លៃ​ផ្ទះ​ជួល ស្ត្រី​មេម៉ាយ​កូន​៣​វ័យ ៦៥​រូប​នេះ ជួល​គេ​១​ខែ​៩០ ដុល្លារ។ ងាក​មក​​ការ​ថត​ភាព​យន្ត​វិញ តម្លៃ​ខ្លួន​អ្នក​ស្រី មិន​បាន​ថ្លៃ​ឡើយ ក្នុង​១ថ្ងៃ​ទទួល​បាន​ត្រឹម​តែ​១៥ ទៅ ៥០ ដុល្លារ​ប៉ុណ្ណោះ។

ក្នុង​វិស័យ​ភាពយន្ត​តារា​ជើង​ចាស់​មាន​កំណើត​មក​ពី​ខេត្ត តាកែវ រូប​នេះ បាន​ថត​មិន​ក្រោម​៣០​ទៅ ៤០​រឿង​ឡើយ ចំណែក​វីដេអូ​ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម ក៏​អ្នក​ស្រី​ថត បាន​ជា​ច្រើន​ផង​ដែរ។

ទោះបី​ជា​ចំណូល​មិន​បាន​ប្រសើរ ពី​ការងារ​សិល្បៈ​ក្ដី អ្នក​ស្រី គង់ ប៊ុនសុន នៅ​តែ​មិន រាថយ​លើ​​អាជីព​នេះ​ឡើយ បច្ចុប្បន្ន​ទទឹង​ចាំ​តែ​​គេ​ហៅ​ថត គឺ​សប្បាយ​ចិត្ត​ណាស់ ត្បិត​អី​វា គឺ​ជា​ការ​ស្រលាញ់។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ជួយ​ឧបត្ថម្ភ ឬ​ក៏​ផលិតកម្ម​ណា​មាន​បំណង​ហៅ​អ្នក​ស្រី ប៊ុនសុន ថត អាច​ទាក់​ទង​លេខ​ទូរសព្ទ 098 444 858 ៕ ​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;