ត្រៀមធុងសំរាមប៉ុន្មាន ទើបគ្រាន់សម្រាប់បុណ្យអំទូកឆ្នាំនេះ?

  • 2019-10-31 07:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យទូករមែងឃើញសាលារាជធានីភ្នំពេញ បានប្រកាសអំពីការបង្កើនការដាក់ពង្រាយធុងសំរាម និងក្រុមហ៊ុនប្រមូលសំរាម បានដាក់កម្លាំងចាំសម្អាត និងប្រមូលសំរាមនៅពិធីបុណ្យអំទូក។ ប៉ុន្ដែបើទោះបីជា មានធុងសំរាម និងយុទ្ធនាការផ្សព្វផ្សាយអប់រំច្រើនក្ដី រូបភាពជាច្រើនសន្លឹក កាលពីឆ្នាំទៅ បរិមាណសំរាមនៅតែច្រើន ហើយសំរាមខ្លះនៅក្រៅធុងហូរហែ ផងដែរ។

សូមចុចអាន៖ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​កាកសំណល់ និងការចោលសំរាម​ក្រុង​ភ្នំពេញ​ឲ្យ​បាន​ស្អាត​ល្អ?

រូបភាព​ធុងសំរាម​ត្រៀម​បុណ្យ​អំទូក​ឆ្នាំ២០១៨
**តើត្រូវការធុងសំរាមប៉ុន្មានបានគ្រាន់?**

គេនៅចាំថា ប្រមាណជា១០ឆ្នាំមុនមហាជនរិះគន់សាលារាជធានីភ្នំពេញ ឥតសំចៃ រឿងមិនសូវចំណាយថវិកាដាក់ធុងសំរាម នៅតាមតំបន់មួយចំនួនពិសេសនៅកន្លែងមានពិធីបុណ្យធំៗ ដូចជាបុណ្យអំទូកជាដើម។ ក្រោយរិះគន់ សាលារាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាម និងបង្កើនចំនួនបង្គន់អនាម័យផងដែរ ប៉ុន្ដែដាក់ប៉ុន្មាននៅតែមិនគ្រាន់ ដោយគេសង្កេតឃើញថា សំរាមក្រៅធុងនៅតែកើតមានដដែល។

រូបភាព​នៅអំឡុង​បុណ្យអំទូកឆ្នាំ ២០១៨

បើតាមរបាយការណ៍របស់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញកាលពីអំឡុងបុណ្យអំទូកឆ្នាំ២០១៨ ឲ្យដឹងថា ធុងសំរាមសរុបចំនួន ១ ៦៧១ធុង បានដាក់ពង្រាយក្នុងតំបន់កម្សាន្ត និងដាក់កម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់។

នៅអំឡុងពិធីបុណ្យអំទូកនាពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំដំឡើងបង្គន់សាធារណៈចំនួន ៥៩៧បន្ទប់ នៅទីតាំងចំនួន ៣១កន្លែង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងរៀបចំមណ្ឌលស្នាក់នៅកីឡាករអុំទូក ដោយឥតបង់ប្រាក់ ផងដែរ។ ប៉ុន្ដែតួលេខខាងលើនេះក្ដី យើងកត់សម្គាល់ឃើញថា សំរាមបោះចោលពាសវាលពាសកាលនៅតែកើតមានដដែល។

សូមចុចអាន៖ ក្រុម «យុវជនសំរាម» ត្រៀមកម្លាំងជាង ១០០នាក់ រើសសំរាមថ្ងៃបុណ្យអំទូក

ដោយសារឥទ្ធិពល នៃការចោលសំរាមមិនត្រឹមត្រូវនេះ សម្រាប់ពិធីបុណ្យអំទូកឆ្នាំ ២០១៩នេះ ក្រុមយុវជនសំរាម ប្រមាណជា ១០០នាក់ បានចេញមុខប្រកាសដើររើសសំរាម ៣ថ្ងៃ ដើម្បីផ្ញើសារអប់រំអំពីការគ្រប់គ្រងសំរាម ឬការបោះចោលសំរាមឲ្យបានត្រឹមត្រូវ។ ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ នៅមិនទាន់ឃើញប្រកាសផ្លូវការណាមួយអំពីចំនួនធុងសំរាម ត្រៀមដាក់នៅតំបន់កម្សាន្តផ្សេងៗ សម្រាប់ពិធីបុណ្យអំទូកឆ្នាំ ២០១៩នេះនៅឡើយទេ។ យ៉ាងណាក៏ដោយ បើទោះបន្ថែមធុងសំរាមថ្មី ឬបន្ថែមវិធានការអប់រំបែបណាក៏ដោយ ប្រសិនបើមហាជន ដែលចូលរួមពិធីបុណ្យអំទូក មិនព្រមចូលរួមផ្លាស់ប្ដូរផ្នត់គំនិត នៃការបោះចោលសំរាមពាសវាលពាសកាលនោះទេ នោះសំរាមនឹងនៅតែបន្ដកើតមានដដែល។

ដូច្នេះជាទស្សនៈមួយដើម្បីធ្វើឲ្យការគ្រប់គ្រងសំរាមមានប្រសិទ្ធភាព ក៏ដូចជាបង្ហាញឲ្យពិភពលោកឃើញថា ជនជាតិខ្មែរអាចធ្វើបានប្រកបដោយសេចក្ដីថ្លៃថ្នូរ នៃការគ្រប់គ្រងសំរាម គួរគប្បីសាកល្បងនូវប៉ុន្មានវិធីខាងក្រោមនេះ៖

- ១. ការចូលរួមមហាជន៖ គ្រប់គ្នាត្រូវប្រកាន់ទស្សនៈថា សំរាមជារឿងរបស់យើងទាំងអស់គ្នា ប្រាកដណាស់ប្រសិនបើយើងហូបអីហើយ គួរកាន់សំណល់នោះទៅចោលក្នុងធុងសំរាម។

- ២. ក្រុមផ្សព្វផ្សាយ៖ យុវជនគំរូនៅតែបន្ដសកម្មភាពផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម ដោយត្រៀមរើសសំរាមផង និងអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ទៅកាន់អ្នក ដែលបានបោះចោល។

- ៣. ត្រៀមក្រុមពិសេសប្រមូលសំរាម៖ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន ឬអង្គភាពពាក់ព័ន្ធ គួរត្រៀមក្រុមពិសេសប្រមូលសំរាមភ្លាមៗ នៅពេលធុងសំរាមពេញ។

- ៤. ការផាកពិន័យ៖ ប្រសិនបើប្រើប្រាស់វិធានការអប់រំច្រើនឆ្នាំមកហើយនៅតែមិនស្ដាប់ គឺមានតែវិធានការអនុវត្តច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយកំណត់ឱ្យផាកពិន័យជាប្រាក់ចាប់ពី ១ម៉ឺនរៀល ទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណា ដែលចោលសំរាមមិនបានត្រឹមត្រូវ។

សូមចុចអាន៖ បរទេសម្នាក់ថា មកដល់ស្រុកខ្មែរ ភ្នំពេញមានភ្នំសំរាម

គេនៅចាំបានថា ពិធីបុណ្យអុំទូកឆ្នាំ២០១៨កន្លងទៅ ដោយផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៤,៥លាននាក់ បានចូលមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ហើយក្នុងនោះ ក៏មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២ម៉ឺននាក់ បានចូលទស្សនាវេទិកាបុណ្យអុំទូក ដែលរៀបចំដោយក្រសួងទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា ទីក្រុងភ្នំពេញពីមុនមានទំហំតែ៣០០គីឡូម៉ែត្រការ៉េ តែថាបច្ចុប្បន្នមានរហូតដល់ ៦០០គីឡូម៉ែត្រការ៉េ ហើយសំរាមបានកើនឡើងជាលំដាប់ ដែលពេលបច្ចុប្បន្ននេះ សំរាមកើតមានប្រមាណជា ៣ពាន់តោនក្នុង១ថ្ងៃ៕

តើឆ្នាំនេះរំពឹងថាមានអ្នកទេសចរប៉ុន្មានលាននាក់? តើត្រូវត្រៀមធុងសំរាមប៉ុន្មាន បានគ្រប់គ្រាន់ សម្រាប់ពិធីបុណ្យអំទូកឆ្នាំ ២០១៩នេះ?

សូមចុចអាន៖ គ្រប់មជ្ឈដ្ឋានគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ទិញយកក្រុមហ៊ុនសម្រាមស៊ិនទ្រី

សូមចុចអាន៖ កាកសំណល់មាន​ច្រើន​នៅ​ភ្នំពេញ តែកាកែច្នៃ​នៅ​មាន​តិចតួច​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី
;