ឯកឧត្ដម កែវ រ៉េមី ស្នើសិល្បករបញ្ឈប់ហែកហួរគ្នាតាមហ្វេសប៊ុក
- 2019-11-06 07:42:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម កែវ រ៉េមី ស្នើសិល្បករបញ្ឈប់ហែកហួរគ្នាតាមហ្វេសប៊ុក
ចន្លោះមិនឃើញ
ឯកឧត្ដម កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងដោយកម្រអំពីសិល្បៈខ្មែរ ពិសេសគឺវិស័យភាពយន្តតែម្ដង ក្នុងពេលដែលឯកឧត្ដម បានអញ្ជើញចូលរួមអធិបតីក្នុងពិធីបើកសម្ពោធមហោស្រព "១ម៉ឺនអាល័យ" កាលពីពាក់កណ្ដាលខែនេះ។
ឯកឧត្ដម បានលើកឡើងដោយទទូចថា សូមអ្នកសិល្បៈទាំងអស់ សូមចៀសវាងការឈ្លោះ វាយប្រហារគ្នាតាមសាធារណៈ តាមហ្វេសប៊ុក ឬបណ្ដាញសង្គមនានាដូចដែលឯកឧត្ដមបានឃើញកន្លងមក។ សកម្មភាពបែបនេះ ឯកឧត្ដមថា ខ្វះភាពស៊ីជម្រៅ។ "ខ្ញុំដឹងថា អ្នកណាក៏ចេះខឹងដែរ ប៉ុន្តែខ្ញុំសុំអោយអត់ធ្មត់ជាងហ្នឹងទៀត ហើយជាសាធារណៈ ខ្ញុំសុំថា កុំឲ្យមានការសម្ដែងចេញពីកាយវិការពាក្យសំដីណាមួយដែលនាំឲ្យមានការវាយតម្លៃពីមហាជនមកថា យើងអត់ស៊ីជម្រៅ និងមិនថ្លៃថ្នូរ អីចឹងហើយ ខ្ញុំសុំឲ្យអត់ធ្មត់ជាងហ្នឹងទៀត!”។
នៅពីក្រោយការលើកឡើងរបស់ឯកឧត្ដម ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ប្រមាណ១សប្ដាហ៍រួចមក ស្រាប់តែមានករណីថ្មីមួយចំនួនបានកើតឡើងនៅលើបណ្ដាញសង្គម ក្នុងនោះមានករណីកញ្ញា ពេជ្រ សូលីកា មានជម្លោះហែកហួរគ្នាជាមួយ បេនីយុំាង និងកញ្ញា ថៃ នារីសុជាតា លើករណីសង្សារ និងអតីតសង្សាររបស់ពួកគេ។ ជម្លោះរបស់ពួកគេ មានទាំងប្រើពាក្យ មិនសមរម្យដាក់គ្នាជាច្រើនទៀតផង។
ដោយឡែកថ្មីៗនេះ ក៏មានករណីរបស់កញ្ញា រ៉ូស ដែលត្រូវមហាជនវាយប្រហារក្រោយលេចធ្លាយវីដេអូសម្ដែងខារ៉ាអូខេបែបស្រើបស្រាលមួយ។ ក្រោយការលេចធ្លាយនោះ ក៏មានមិត្តរួមអាជីពនាងមួយចំនួន បានធ្វើការវាយប្រហារនាង ហើយក៏មានការឆ្លើយឆ្លងគ្នាតាមហ្វេសប៊ុកជាបន្តបន្ទាប់។ ទាំងពីរករណីជាឧទាហរណ៍នេះ ជាអ្វីដែលឯកឧត្ដម ស្នើកុំអោយមាន និងបន្តអត់ធ្មត់ជាងនេះ ដើម្បីរក្សាតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួននិង សិល្បៈរបស់ខ្លួនឯង។
ក្រៅពីករណីជម្លោះសិល្បករលើហ្វេសប៊ុក ឯកឧត្ដម កែវ រ៉េមី ដែលអះអាងថាជា អ្នកងប់ងុលនឹងសិល្បៈភាពយន្តមួយរូបដែរ ក៏លើកឡើងបន្ថែមពីបញ្ហាតួសម្ដែងក្នុងភាពយន្តផងដែរ ដែលចំណុចឯកឧត្ដមបានលើកឡើង សូមកុំអោយមានជំងឺតួឯក។ ឯកឧត្ដម ថា នៅក្នុងភាពយន្ត អ្នកណាម្នាក់ក៏សំខាន់ និងមានគុណតម្លៃស្មើៗគ្នា និងមានទំនាក់ទំនងយឹតយោងគ្នាទៅវិញទៅមកនៅក្នុងសាច់រឿងមួយ ទើបធ្វើឲ្យរឿងនោះក្លាយជាសាច់រឿងដ៏ល្អមួយ។
ចំណុចនេះ ឯកឧត្ដម បានលើកជាឧទាហរណ៍ថា តួឯកអាចមើលទៅសម្ដែងល្អ ក៏មិនល្អ គឺអាស្រ័យទៅលើតួគាំទ្រដែរ។ "ខ្ញុំលើកឧទាហរណ៍ថា ក្នុងឈុតមួយ តួឃាតកម្នាក់ដើរចូលមក អីចឹងវាត្រូវមានតួតូចៗផ្សេងទៀតដែលនៅក្បែរៗហ្នឹង ខ្សឹបខ្សៀវគ្នាថា អូហ៍អានេះជាឃាតក វាសាហាវអីចេះ សាហាវអីចុះទៅ ...អីចឹងវាបានជួយ ឲ្យតួអង្គឃាតកនឹងមើលទៅរឹតតែសាហាវថែមទៀត...!”។
ដូច្នេះហើយឯកឧត្ដម បន្តថា ការសម្ដែង គឺមានពាក់ព័ន្ធគ្នាទៅវិញទៅមក និងតួអង្គនីមួយៗសុទ្ធតែសំខាន់ដូចគ្នា។ អីចឹងហើយ ឯកឧត្ដមស្នើឲ្យជម្រុះគំនិតតួឯកតួរងចេញ ហើយសហការ និងឲ្យតម្លៃគ្នាទៅវិញទៅមក ដែលសកម្មភាពនេះ ក៏ជាការឲ្យតម្លៃសិល្បៈរបស់ជាតិយើងទាំងមូលដែរ ព្រោះសិល្បៈយើង ពិសេសភាពយន្តរបស់យើងធ្លាប់រុងរឿងមុនរឿង ហុងកុង និងអាមេរិកទៅទៀត៕