ស្នងការរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋកុំឱ្យបារម្ភពេលមកកម្សាន្តបុណ្យអុំទូក
- 2019-11-07 01:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នងការរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋកុំឱ្យបារម្ភពេលមកកម្សាន្តបុណ្យអុំទូក
ចន្លោះមិនឃើញ
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកុំមានការព្រួយបារម្ភសម្រាប់ការអញ្ជើញមកលេងកម្សាន្តសប្បាយរីករាយថ្ងៃបុណ្យអុំទូកខាងមុខនេះ ដោយកងកម្លាំងបានត្រៀមរួចជាស្រេចដើម្បីការពារ សន្តិសុខ ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមិនឱ្យកើតមានបញ្ហាអ្វីនោះឡើយ។ លោកថ្លែងដូច្នេះក្នុងកិច្ចប្រជុំដាក់ផែនការពង្រឹងការងារសន្តិសុខជូនដល់នាយការិយាល័យជំនាញចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ទៅដល់កម្លាំងក្រោមឱវាទត្រូវដឹកនាំ និងការពារគ្រប់គោលដៅសំខាន់ៗជូនដល់ថ្នាក់ដឹកនាំ ភ្ញៀវអន្តរជាតិ អន្តរជាតិរួមនឹងប្រជាពលរដ្ឋមកលេងកម្សាន្ត ឱ្យបានល្អបំផុត។
ក្នុងកិច្ចការងាររក្សាសន្តិសុខសុវត្ថិភាពផងដែរ លោកក៏បានលើកឡើងថា ត្រូវស្វែងរកត្រួតពិនិត្យ និងចាប់ខ្លួនមុខសញ្ញាចោរលួច ឆក់ និងមុខសញ្ញាចេញពីគុក មិនរៀងចាលអនុវត្ត តាមដីកាចាប់ខ្លួនរបស់តុលាការត្រូវកំណត់មុខសញ្ញា និងបញ្ចេញរូបភាពទៅដល់កងកម្លាំងទាំងអស់បានស្គាល់មុខដើម្បីងាយស្រួល ក្នុងការស្វែងចាប់ខ្លួន។
ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវបំពេញភារកិច្ចថ្ងៃបុណ្យប្រពៃណីជាតិរបស់ប្រទេសកម្ពុជាខាងមុខ ប្រកបដោយសារតីទទួលខុសត្រូវខ្ពស់និងឱ្យទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះត្រូវគោរពអនុវត្តបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់ ស្លៀកពាក់សមរម្យ សក់ខ្លី ម៉ឺងម៉ាត់ការងារ។
លោកបន្តថា នៅថ្ងៃបុណ្យអុំទូកខាងមុខត្រូវត្រៀមកម្លាំងប្រចាំការ ចេញអន្តរាគមន៍ កម្លាំងប្រតិបត្តិការ កម្លាំងសម្ងាត់ដើម្បីក្តាប់សភាពការងារសន្តិសុខឱ្យបានច្បាស់លាស់ជាពិសេសក្រុមឧទ្ទាមក្រៅច្បាប់ត្រូវធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យក្រុមនេះធ្វើសកម្មភាពណាមួយបង្កឱ្យប៉ះពាល់អសន្តិសុខ៕