មកដល់ពេលនេះ ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៣,៥ពាន់លានដុល្លារ ឱ្យកម្ពុជា
- 2019-11-07 09:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដល់ពេលនេះ ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៣,៥ពាន់លានដុល្លារ ឱ្យកម្ពុជា
ចន្លោះមិនឃើញ
ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសន្យាផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ដល់កម្ពុជា សរុបចំនួនជាង ៥ពាន់លានដុល្លារ ក្នុងនោះមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣,៥ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក SUZUKI Hideo ឧបការីរដ្ឋមន្រ្តី និងជាអគ្គនាយកដនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការបរទេសជប៉ុន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
តួលេខនេះ មិនរាប់បញ្ចូលកិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានាដែលត្រូវបានផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជា ដោយផ្ទាល់ឡើយ។
លោក SUZUKI Hideo បានថ្លែងក្នុងជំនួបនេះថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យជាមួយកម្ពុជា និងបន្តពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចជាការជំរុញដល់ការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ជប៉ុនក៏នឹងបន្តផ្តល់ការគាំទ្រ និងជំរុញរាល់គ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជា កិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន និងអាស៊ាន-ជប៉ុន ជាដើម៕