តារាចម្រៀង ករុណា ពេជ្រ ត្រូវជនសង្គមងងឹតមានគ្នា ៥នាក់ ប៉ងធ្វើស៊ីលោក
- 2019-11-14 08:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង ករុណា ពេជ្រ ត្រូវជនសង្គមងងឹតមានគ្នា ៥នាក់ ប៉ងធ្វើស៊ីលោក
ចន្លោះមិនឃើញ
លោក ករុណា ពេជ្រ បានជួបរឿងនឹកស្មានមិនដល់ដោយត្រូវជនសង្គមងងឹតមួយក្រុមមានគ្នា ៥នាក់ បានធ្វើសកម្មភាពចេញមកពាំងផ្លូវរថយន្តលោកឲ្យឈប់ដើម្បីធ្វើសកម្មភាពផ្សេងៗ ប៉ុន្តែដោយលោកមិនឈប់ ទើបត្រូវជនមួយក្រុមនោះ គប់នឹងដុំថ្មធ្វើឲ្យបែកកញ្ចក់រថយន្តស៊េរីទំនើបរបស់លោក។
ហេតុការណ៍ ដំបូងឡើយគេប៉ាន់ស្មានថា បានកើតឡើងនៅយប់មិញនេះ។ ប៉ុន្តែតាមសាមីខ្លួន តាមពិតលោកបានជួបករណីគួរឲ្យលស់ព្រលឹងនេះ ប្រមាណ៣ខែមកហើយ។ "រឿងហ្នឹងមិនមែនកើតយប់មិញទេបង គឺកើតតាំងពីប្រមាណ៣ខែមុនម្ល៉េះ ប៉ុន្តែខ្ញុំទើបតែផុស...ដំបូងអត់ចង់បង្ហោះទេ គិតថាខ្លាចខ្មាសគេ ប៉ុន្តែថ្មីៗនេះឃើញបងប្អូនយើងផ្សេងទៀតជួបរឿងហ្នឹងដែរ ទើបខ្ញុំបង្ហោះតែម្ដងទៅ ទុកជាការជូនដំណឹងឲ្យបងប្អូនយើងប្រុងប្រយ័ត្ន!”។
រំលឹកពីហេតុការណ៍នេះ លោក ករុណា ពេជ្រ បានរៀបរាប់ថា នាយប់នោះ(កាលពីប្រមាណ៣ខែមុន) វេលាម៉ោងប្រមាណ២រំលងអាធ្រាត្រលោកបានបើករថយន្តតែម្នាក់ឯងចេញពីការងារច្រៀងនៅក្លឹបយូខេក្នុងបំណងត្រឡប់ទៅផ្ទះវិញ។ លោកបានធ្វើដំណើរតាមផ្លូវតូចៗ ក្នុងភូមិសាស្ត្រក្រោយផ្សារដីហុយ លុះមកដល់ចំណុចកើតហេតុ ក៏មានជនខិលខូចមួយក្រុមមានគ្នា ៥នាក់ បានចេញមករាំងផ្លូវលោកឲ្យឈប់។
ប៉ុន្តែលោកអត់បានឈប់ទេ និងបានបន្ថែមល្បឿនបំណងគេចពីក្រុមនេះ។ ពេលឃើញ មិនព្រមឈប់ឡានហើយព្យាយាមបើកគេចបែបនេះ ក្រុមជនខិលខូច ក៏បានយកដុំថ្មគប់រថយន្តរបស់លោកធ្វើឲ្យបែកកញ្ចក់តែម្ដង។ " សំណាងដែលមិនចំកន្លែងខ្ញុំបេីក ហេីយត្រូវតែកញ្ចក់ជចំហៀងខាងក្រោយតៃកុង ប្រសិនចំតួឡានវិញ គឺរឹតតែចប់ហ្មង.... សរុបមកចុងក្រោយដូរកញ្ចក់អស់ 100$ ប៉ុន្តែព្រលឹងហោះទៅស៊ីព្រលិតបាត់ហើយ"។ ករុណា ពេជ្រ ថ្លែង។
តារាចម្រៀងរូបនេះ ប្រាប់ថា នៅពេលនោះ លោកអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។ ប៉ុន្តែក៏ខំពង្រឹងស្មារតី ដើម្បីបញ្ចៀសខ្លួនពីហេតុការណ៍អាក្រក់ជាងនេះ រហូតដល់គេចបានសម្រេច និងអាចរក្សាសុវត្ថិភាពឲ្យខ្លួនឯងដោយគ្រាន់តែខូចខាតកញ្ចក់រថយន្តតែប៉ុណ្ណោះ។
លោក ករុណា ពេជ្រ ប្រាប់ថា លោកសម្រេចចែករំលែកព័ត៌មាននេះ ដើម្បីជូនជាដំណឹងសម្រាប់បងប្អូនប្រជាពលរដ្ឋបានដឹង និងបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរពេលយប់អាធ្រាត្របែបនេះ ចៀសវាងជួបហេតុការណ៍នឹកស្មានមិនដល់ដូចលោកពេលនោះ។ លោកលើកឡើងថា លោកសំណាងហើយដែរអាចគិតផុត ពិសេសសំណាងត្រង់ថា ជនខិលខូចនោះ គប់មិនចំកន្លែងលោកអង្គុយ បើសិនជាចំលោកវិញ មិនដឹងជាមានរឿងហេតុប៉ុណ្ណាកើតឡើងនោះឡើយ៕