រដ្ឋមន្ត្រី ស្នើឱ្យម្ចាស់សេវាកម្មស្នាក់នៅខេត្តកំពត កុំដំឡើងថ្លៃពេលបុណ្យសមុទ្រ
- 2019-11-15 03:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រី ស្នើឱ្យម្ចាស់សេវាកម្មស្នាក់នៅខេត្តកំពត កុំដំឡើងថ្លៃពេលបុណ្យសមុទ្រ
ចន្លោះមិនឃើញ
ក្រោយមានការរិះគន់ពីបញ្ហាខ្វះបន្ទប់ស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះផ្សព្វផ្សាយឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្ត ត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និងសូមកុំដំឡើងថ្លៃហួសហេតុពេក ដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០១៩ ខាងមុខ។
ការរិះគន់ចំៗលើបញ្ហាស្នាក់នៅខាងលើនេះ ត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ខណៈក្រុមមន្ត្រីរាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះ និងព្រួយបារម្ភពីការខ្វះកន្លែងស្នាក់នៅនេះផងដែរ។
ចំពោះបញ្ហានេះដែរ ក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនព្រមទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវទាល់តែសោះ ដោយបញ្ជាក់ទាំងមិនសមហេតុផលមកវិញថា ទុកជួលភ្លាមៗនៅពេលពិធីបុណ្យមកដល់ (ក្នុងបំណងដើម្បីទទួលបានតម្លៃថ្លៃជាងការកក់)។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានប្រកាសជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ត្រូវចុះផ្សព្វផ្សាយបន្តដល់ម្ចាស់សេវាស្នាក់នៅទាំងអស់ក្នុងខេត្តឱ្យទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវឡើងវិញ ពិសេសមិនត្រូវដំឡើងថ្លៃហួសហេតុពេកឡើយ៕