មន្ត្រី​សាលា​ក្រុង​បាត់ដំបង មាន​ជំហរ​ធ្វើឱ្យកន្លែងធ្វើការរបស់ខ្លួនគ្មានប្លាស្ទិក

  • 2019-11-20 03:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង បានគាំទ្រ និង​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់​ចង់​ឱ្យ​កន្លែង​ធ្វើការ​របស់ខ្លួន​គ្មាន​ការប្រើប្រាស់ដបទឹកសុទ្ធប្លាស្ទិក។ ការលើកឡើងបែបនេះ​របស់គណៈអភិបាល និង​មន្រ្តីរាជការ​ក្រុងបាត់ដំបង ក្នុង​ពេល​ជួបប្រជុំកាល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជា​មួយ​ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​សាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំដោយ លោក ជា សំអាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និងមន្ទីរបរិស្ថានខេត្តបាត់ដំបង។

រូបភាព៖ ​ក្រសួងបរិស្ថាន
អាជ្ញាធរក្រុងបាត់ដំបង ក៏ដូចជាជារដ្ឋបាលសាលាខេត្តបាត់ដំបង បាន​គាំទ្រ​យុទ្ធនាការ​កាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក និងការផ្សព្វផ្សាយកន្រ្តកបរិស្ថាន រៀបចំឡើងដោយ អគ្គ​នាយក​ដ្ឋាន​ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបងផងដែរ។

លោក ជា សំអាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គិត​គូរ​ខ្ពស់​ចំពោះ​ការ​ធ្វើ​ឱ្យ​កន្លែង​គំរូ​នៃ​ការ​គិត​គូ​ដល់​មេត្រី​ភាពបរិស្ថាន ជា​ពិសេស​ការ​ចូល​រួម​ធ្វើ​ឱ្យ​ទីក្រុង​ចាប់​ផ្ដើម​កាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក។ លោក​ក៏​បានលើកទឹកចិត្តដល់គណៈអភិបាល និង​មន្រ្តី​រាជ​ការ​ទាំង​អស់​របស់សាលាក្រុងបាត់ដំបង ចូលរួមចំពោះកិច្ចគាំពារបរិស្ថាន ជា​ពិសេស​ការ​ចូល​រួម​កាត់​បន្ថយ​សំណល់ប្លាស្ទិក ដើម្បី​គ្មាន​ការ​បន្សល់​ទុក​មរតក​នៃ​ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​ដល់​កូន​ចៅ​ជំនាន់ក្រោយ។

រូបភាព៖ ​ក្រសួងបរិស្ថាន

លោក ជា សំអាង បានបញ្ជាក់ដែរថា ការប្តេជ្ញាចិត្តរបស់គណៈអភិបាលក្រុងបាត់ដំបង បាន​សម្តែង​ឱ្យ​ឃើញពីការគាំទ្រដល់ការចូលរួមអនុវត្តកម្មវិធីកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។ ជា​មួយ​នឹង​ការ​ចូល​រួម​នេះ លោក​ក៏​មាន​ការ​លើក​ទឹកចិត្ត​ផ្តល់​ការ​សហការការ​ផ្គត់ផ្គង់​សម្ភារៈ​ផលិតទឹក​ស្អាត​នៅ​សាលា​ក្រុង​បាត់ដំបង ដើម្បី​ផ្តល់​លទ្ធភាព​មន្រ្តីរាជការ​ទាំង​អស់​នៅ​សាលាក្រុង​បាន​ទទួល​ទឹកស្អាត​អាច​បរិភោគ​បាន។ ជាមួយគ្នានេះ លោក ជា សំអាង និងប្រតិភូ បានផ្តល់ដបទឹកបរិស្ថាន ដែល​ជួយ​ឱ្យ​មន្រ្តី​សាលា​ក្រុង​អាច​ប្រើប្រាស់ច្រើនយ៉ាង និង​អាច​ដាក់​ទឹក​បរិភោគ​បាន​គ្រប់​ពេល​ពី​ម៉ាស៊ី​ចម្រោះ​ទឹក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;