យុវជន​ចង់​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ កាន់​តែ​មាន​លទ្ធភាព​ខ្ពស់ ក្រោយ​ឧកញ៉ា ឡេង​ ណាវ៉ាត្រា ចុះ MOU ជាមួយ​វិទ្យាស្ថាន​ជាតិពាណិជ្ជសាស្ត្រ

  • 2019-11-20 10:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាងហ្វាង​ផលិតកម្ម Galaxy និង​ជា​អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា គឺ​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​ព្រឹក​មិញ​នេះ​ឈាន​ដល់​ដល់​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ (NIB) ដោយ​ឯកភាព​គ្នា​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​យុវជន​លើ​ភាសា​កូរ៉េ​ដោយ​ឥត​គិត​ថ្លៃ​ពី​ពេល​នេះ​ត​ទៅ។

ការ​ផ្ដល់​ជូន​នេះ គឺ​សម្រាប់​យុវជន យុវនារី ដែល​មាន​បំណង​ចង់​រៀន​ភាសា​កូរ៉េ​ដើម្បី​ស្វែង​រក​ឱកាស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បាន​ផ្ដួចផ្ដើម​គម្រោង​នេះ បាន​ឲ្យ​ដឹង​ថា លោក​ធ្វើ​បែប​នេះ ក្រោយ​ពី​បាន​ឃើញ​ថា បង​ប្អូន​យុវជន​កម្ពុជា​មាន​លំបាក​ក្នុង​ការ​ទទួល​បាន​ឱកាស​សិក្សា​ភាសា​កូរ៉េ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ។ ការ​លំបាក​ទាំង​នោះ​មាន​ដូច​ជា ខ្វះ​ថវិកា​សម្រាប់​ការ​ចំណាយ​ក្នុង​ការ​សិក្សា ពិបាក​រក​ទីតាំង​ដើម្បី​រៀន និង​ខ្វះ​ខាត​ការ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម។

ហេតុ​ដូច្នេះ​ទើប​លោក ពុះពារ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​ដោយ​ឥត​បង់​ថ្លៃ​នេះ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បង្កើត​ជា​ទីតាំង​សម្រាប់​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល ដើម្បី​សម្រួល​ដល់​គោល​បំណង​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា យុវជន​ឆ្ពោះ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ ដើម្បី​ពួក​គេ​មាន​ឱកាស​បាន​កសាង​អនាគត​ដូច​ជា​រូប​លោក​ផ្ទាល់។

ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែង​ថា "អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ចង់​ឲ្យ​បង​ប្អូន​យើង ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​បាន​ទៅ​ឃើញ​របៀប​រស់​នៅ សុវជីធម៌ សីលធម៌​របស់​ប្រទេស​គេ ទៅ​លត់​ដុំ​ជាមួយ​ការ​រស់​នៅ​ជា​ក្រុម ពិសេស​គឺ​ចង់​ឲ្យ​គាត់​ទទួល​បាន​​ប្រាក់​កម្រៃ​ខ្ពស់ ដែល​អាច​ដល់​ទៅ​២ពាន់ ឬ​ជាង​២ពាន់​ដុល្លារ ហើយ​គាត់​បាន​សន្សំ​លុយ​ខ្លះ​សម្រាប់​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដើម្បី​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​នានា!”។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ទៀត តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ បាន​ស្នើ​សុំ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​ដែល​មាន​ឯកឧត្ដម តឹប អឿន ជា​នាយក ក្រៅ​ពី​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ហើយ សូវ​ជួយ​ភ្ជាប់​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ការងារ ដើម្បី​ធានា​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​កូរ៉េ បាន​កាន់​តែ​លឿន និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

​ឯកឧត្ដម តឹប អឿន ជា​នាយក​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចុះ MOU ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា លើ​ការ​ផ្ដល់​វគ្គ​សិក្សា​ភាសា​កូរ៉េ​ដោយ​ឥត​បង់​ថ្លៃ​នា​ពេល​នេះ គឺ​ឯកឧត្ដម​មាន​សេចក្ដី​សោមនស្ស និង​មោទកភាព​ណាស់ ព្រោះ​ការណ៍​នេះ​ស្រប​តាម​នយោបាយ​របស់​វិទ្យាស្ថាន​លោក​ដូច​គ្នា ដែល​លើក​ទឹក​ចិត្ត​សិស្ស​និស្សិត​ក្រីក្រ ដែល​ជាក់​ស្ដែង​បច្ចុប្បន្ន​និស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​របស់​ឯកឧត្ដម គឺ​ភាគ​ច្រើន​ជា​យុវជន​មក​ពី​បណ្ដា​ខេត្ត និង​ជា​និស្សិត​ក្រីក្រ។

មួយ​វិញ​នេះ នយោបាយ​នេះ ក៏​ស្រប​តាម​ស្មារតី​របស់​ក្រសួង​ការងារ ដែល​ជា​យូរ​មក​ហើយ គឺ​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ NIB មាន​វគ្គ​សិក្សា​ពី​ភាសា​កូរ៉េ​ផ្ដល់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវជន​កម្ពុជា។ ដូច្នេះ​ហើយ នេះ​ជា​រឿង​ល្អ​ទាំង​សម្រាប់​វិទ្យាស្ថាន ទាំង​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវជន​ខ្មែរ។

នៅ​ជំហាន​ដំបូង​នៃ​អនុស្សរណៈ​គ្នា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ផ្ដល់​​ជូន​សិក្ខាកាម​ចំនួន​២០០​កន្លែង​ក្នុង​មួយ​ឆ្នាំ ហើយ​ការ​​ផ្ដល់​ជូន​មាន​រយៈ​ពេល​២​ឆ្នាំ។ ដូច្នេះ ឯកឧត្ដម តឹប អឿន ស្នើ​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវជន​ដែល​មាន​បំណង​សិក្សា​ភាសា​កូរ៉េ​ដើម្បី​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​កូរ៉េ ប្រញាប់​រួសរាន់​មក​ចុះ​ឈ្មោះ ចាប់​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ត​ទៅ។

នេះ​គឺ​ជា​លើក​ទី​១ ដែល​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា បាន​ផ្ដល់​ជូន​ការ​សិក្សា​ភាសា​កូរ៉េ​ដោយ​ឥត​បង់​ថ្លៃ​ដល់​យុវជន​កម្ពុជា ដោយ​ចាប់​ផ្ដើម​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​មុន​គេ។ ប៉ុន្តែ​តាម​លោក​ឧកញ៉ា អគ្គនាយក បាន​ឲ្យ​ដឹង​ការ​គម្រោង​នេះ គ្រោង​នឹង​ធ្វើ​នៅ​ទី​កន្លែង​ផ្សេង​ទៀត ពិសេស​តាម​បណ្ដា​ខេត្ត ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ភាព​ខ្វះខាត​មិន​អាច​ឡើង​មក​សិក្សា​នៅ​ភ្នំពេញ​បាន។

រូបភាព៖​ហ្វេសប៊ុក NIB

ដោយ​ឡែក​ការ​ផ្ដល់​ជូន​នៅ NIB លោក​ឧកញ៉ា ក៏​បាន​បញ្ជាក់​ថា នៅ​ជំហាន​ដំបូង ផ្ដល់​ជូន​ត្រឹម​២​ឆ្នាំ​សិន ប្រសិន​បើ​មាន​ការ​គាំទ្រ មាន​អ្នក​រៀន​ច្រើន ពិសេស​គឺ​បង​ប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​យុវជន​ខ្មែរ​ទទួល​បាន​ផល​ប្រយោជន៍​ពិត​ពី​គម្រោង​នេះ ការ​ផ្ដល់​ជូន​ នឹង​អាច​បន្ត​ទៅ​​ឆ្នាំ​ទី​៣ ទី​៤​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;