ពុល​ថ្នាំសម្លាប់សត្វល្អិត​ត្រសក់ស្រូវ ស្លាប់​ម្នាក់​និងសង្គ្រោះ​បានជិត ៣០០នាក់

  • 2019-12-02 02:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ករណី​ពុលត្រសក់ស្រូវដែលប្រើថ្នាំគីមីសម្លាប់សត្វល្អិត បានបណ្តាលឲ្យ​យុវជន យុវនារី​ទទួល​អប់រំ​បន្សាប​គ្រឿង​ញៀន​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ស្ថិត​នៅ​ភូមិ​ភ្នំបាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឲ្យ​ស្លាប់ម្នាក់ និងសង្គ្រោះបន្ទាន់បានជិត៣០០នាក់ ដោយ​ក្នុង​នោះ​ជាង​៤០នាក់​ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។ ករណីនេះកើតឡើងចាប់ពីព្រឹកដល់ល្ងាចថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា យុវជន​ យុវនារី​ដែល​ទៅ​ទទួល​បន្សាប​ផ្ដាច់​សារធាតុ​ញៀន​ជិវិត​ថ្មី​ភ្នំបាក់​ដែល​ពុល​ផ្លែ​ត្រសក់​ស្រូវ​ដែល​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើន និងពុលអាហារបានកើនពីចំនួនជាង ៦០នាក់ ស្រី ១៧នាក់ ហើយ​ដល់​រសៀល និងល្ងាច​ថ្ងៃ​ដដែល​បានកើនដល់ជិត ៣០០នាក់ (ក្នុង​ចំណោម​អ្នក​អប់រំ​បន្សាប​ជាង ៨៣៣នាក់​នៅក្នុងមណ្ឌុល)។

ជនរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ក្រុងសេរីសោភ័ណ​ និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាល​នៅ​ក្នុង​មណ្ឌល​តែម្តង ។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកហេង គឹមស៊ត បានបញ្ជាក់ថា ជន​រង​គ្រោះ​បានធូរស្រាលបណ្តើរហើយ ។ អ្នកជម្ងឺមានអាក្ការៈក្អួតចង្អោរ រាគរូស ថបដង្ហើម វិលមុខ ទន់​សន្លាក់​ដៃជើង ជាដើម។ ហើយអ្នកសង្គ្រោះបាន​ឲ្យ​ខ្លឹមស ស្ករស និងបន្តោងសេរ៉ូម។

លោកគ្រូពេទ្យបានសនិ្នដ្ឋានបឋមថា យុវជន យុវនារីទទួលបន្សាបសារធាតុញៀន ក្នុង​មណ្ឌុល​ជីវិត​ថ្មី​ភ្នំ​បាក់ ពុល​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​បាញ់​ការពារ​ផ្លែ​ត្រសក់​ស្រូវ​ដែល​ជា​បន្លែ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម។ ចំពោះជនរងគ្រោះដែលហូបត្រសក់មានជាតិពុលច្រើន គេ​ត្រូវ​ចំណាយ​ពេល​យ៉ាង​៧២ម៉ោង ទើបអាចព្យាបាលបន្សាបផុតគ្រោះថ្នាក់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;