ដឹងថ្ងៃធ្វើសមាជច្របាច់បញ្ជូលគ្នារវាង ហ៊្វុនស៊ិនប៉ិច-ខ្មែររួបរួមជាតិហើយ
- 2019-12-02 02:13:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថ្ងៃធ្វើសមាជច្របាច់បញ្ជូលគ្នារវាង ហ៊្វុនស៊ិនប៉ិច-ខ្មែររួបរួមជាតិហើយ
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បានឯកភាពគ្នាកំណត់យកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរៀបចំធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរទៅជាគណបក្សតែមួយ។ ការច្របាច់បញ្ចូលគ្នារវាងគណបក្សរាជានិយមទាំងពីរនេះ គឺស្ថិតនៅក្រោមដំបូងគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ខ្លីៗ សមាជបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺបានកំណត់ថ្ងៃជាក់លាក់ហើយ ដោយបានកំណត់យកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
ចំពោះរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំក្រុមការងារនៃគណបក្សទាំងពីរកំពុងតែជជែកគ្នា ប៉ុន្តែបានឯកភាពគ្នាថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនសប៉ិច។ សមាជរួបរួមរវាងគណបក្សទាំងពីរនៅថ្ងៃទី២៣ ខែធ្នូ គឺមានសមាជិក សមាជិកា នៃគណបក្សទាំងពីរចូលរួមប្រមាណជា ១៦០០នាក់ ក្នុងនោះមានថ្នាក់ដឹកនាំធំៗ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ក្រុមប្រឹក្សាជាតិ។
លោកបានបញ្ជាក់ថា “ក្រុមការងារគណបក្សទាំងពីរបានេកភាពគ្នាបានមួយចំនួនធំហើយ លើបទបញ្ជាផ្ទៃក្នុង លក្ខខណ្ឌន្តិកៈ ហើយនៅសល់តិចតួច នឹងត្រូវបញ្ចប់ឆាប់ៗនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ហើយក៏បានជជែកគ្នាពីគោលនយោបាយសំខាន់ៗ និងរៀបចំការងារពង្រឹងនៅមូលដ្ឋានខេត្ត និងស្រុក ...”។ ហើយការរួបរួមគ្នាលើកនេះ គឺបានគិតគូរម៉ត់ចត់មិនឲ្យមានការបែកបាក់ដូចលើកមុនៗទៀតទេ។
គួរបញ្ជាក់ថា ការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរនេះ បានកើតឡើងបន្ទាប់ពីជំនួបរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាច្រើនដងមកហើយ និងជំនួបជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ៕