អូស្ត្រាលី នឹងបន្តជំរុញឲ្យមានការអភិវឌ្ឍជាវិជ្ជមាននៅកម្ពុជា
- 2019-12-05 01:28:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលី នឹងបន្តជំរុញឲ្យមានការអភិវឌ្ឍជាវិជ្ជមាននៅកម្ពុជា
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបជាមួយ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិសម្តែងការគួរសម និង ជម្រាប លា កាលពី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងជំនួបសម្តេចក្រឡាហោម ស ខេង បានស្វាគមន៍និងអបអរសាទរលោកស្រី Angela Corcoran ដែលបានទទួលគ្រឿងឥស្សរិយសពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោក ស្រីបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។
លោក ស្រី Angela Corcoran បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសអូស្ត្រាលី និងកម្ពុជា ដែលមានរយៈពេលជាយូរឆ្នាំមកហើយ។ គិតចាប់តាំងពីឆ្នាំ១៩៩៤ អូស្ត្រាលីបានផ្តល់ជាជំនួយអភិវឌ្ឍដល់កម្ពុជាសរុប ១,៣ប៊ីលានដុល្លារអូស្ត្រាលី នៅក្នុង វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន សុខាភិបាល និងអប់រំ ។ ទាក់ទងវិស័យអប់រំ បច្ចុប្បន្នមាននិស្សិតខ្មែរកំពុងសិក្សានៅអូស្ត្រាលីមានចំនួន ២៤០០នាក់ និងមាននិស្សិតអូស្ត្រាលីកំពុងបន្តការសិក្សាកម្ពុជាផងដែរ។
នៅក្នុងកិច្ចសហប្រតិបត្តិការ លោកស្រីបានវាយតម្លៃពិសេសចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃជាមួយអូស្ត្រាលី ក្នុងការងារសន្តិសុខក្នុងតំបន់ និងការប្រឆាំងបទល្មើសឆ្លងដែន។ ដែលកន្លងមកកិច្ចសហប្រតិបត្តិការប៉ូលិសសហព័ន្ធអូស្ត្រាលីជាមួយនគរបាលកម្ពុជា បានសម្រេចជាលទ្ធផលផ្លែផ្កាជាច្រើន ដូចជាការឃាត់ខ្លួន និងបញ្ជូនខ្លួនជនល្មើសទៅអូស្ត្រាលីវិញ ពាក់ព័ន្ធបទល្មើសរំលោភផ្លូវវភេទ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការលាងលុយកង្វក់។
លោកស្រី Angela Corcoran បានបញ្ជាក់ថា អូស្ត្រាលីនឹងបន្តជម្រុញឲ្យមានការអភិវឌ្ឍជាវិជ្ជមានសម្រាប់កម្ពុជា ក៏ដូចជាអូស្ត្រាលីផងដែរ។ សម្តេចក្រឡាហោម ស ខេង បានស្នើសុំភាគីអូស្ត្រាលីបន្តការគាំទ្រដល់ប្រទេសកម្ពុជា ដោយក្នុងនោះទាក់ទងក្នុងវិស័យសន្តិសុខស្នើសុំឲ្យអូស្ត្រាលីជួយបន្តអនុភិវឌ្ឍវិស័យធនធានមនុស្សក្នុងកងកម្លាំងនគរបាលកម្ពុជា។
ជាការឆ្លើយតប លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា អូស្ត្រាលីនិងបន្តជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ក៏ដូចជាដល់ក្រសួងមហាផ្ទៃតាមរយៈការផ្ដល់ជាអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី៕