ខ្ញីចាស់ កាន់តែហិរ! អាយុ ៣៦ឆ្នាំ តែ SAM-A នៅតែខ្លាំង ឈ្នះខ្សែក្រវាត់ Kickboxing នៅ ONE

  • 2019-12-09 05:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរបុរសរបស់ថៃ Sam-A Gaiyanghadao បាន​ឈ្នះខ្សែក្រវាត់ជាថ្មី​ម្ដងទៀត នៅសង្វៀនល្បីលំដាប់ពិភពលោក ONE Championship។ Sam-A ឈ្នះខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ នៅក្រុងកូឡាឡាំពួរនាប្រទេសម៉ាឡេស៊ី។ Sam-A ជាអតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion មុនពេលបង្ហាញខ្លួនប្រកួតក្នុងកម្មវិធី kickboxing លើកដំបូង និងដណ្ដើមបានខ្សែក្រវាត់ខាងលើ បន្ទាប់ពីឈ្នះ Wang Junguang ឬ “Golden Boy” ក្នុងកម្មវិធី ONE: MARK OF GREATNESS នៅសង្វៀន Axiata Arena។

ពេលចាប់ផ្ដើមប្រកួតកីឡាករមកពីចិន Wang ព្យាយាមបម្លាស់ទី និងចង់បំបែករបាំងការពារកីឡាករវ័យ ៣៦ ឆ្នាំរបស់ថៃ។ ហើយកីឡាករចិនក៏បង្ហាញការប្រកួតឆ្លាតវៃផងដែរ និងអាចគេចពីការទាត់ក្បាលរបស់អតីតម្ចាស់ខ្សែក្រវាត់ ONE World Champion។ Wang បន្តចល័តលឿនៗ និង ប្រើការទាត់ដោយកម្លាំងនៅទឹកទី២ ប៉ុន្តែ Sam-A អាចឆ្មក់យកកណ្ដាប់ដៃឆ្វេងយ៉ាងល្អ ពេល Wang ព្រិលភ្នែក។ ក្បាច់របស់ Sam-A បង្កគ្រោះថ្នាក់ណាស់ និងអាចការពារក្បាច់របស់កីឡាករចិន ហើយអាចវាយបកវិញភ្លាមៗ។

ទឹកទី៣ “Golden Boy” ដើរទៅរក Sam-A រហូតហើយអាចធ្វើឲ្យកីឡាករថៃអែបនឹងសង្វៀនទៀតផង។ យ៉ាងណាក្ដីម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ច្រើនសម័យកាលអាចទាត់បានល្អ និងធ្វើឲ្យ Wang លំបាកដោយសារការទាត់ជើងក្រោមផងដែរ។ កីឡាករចិនមិនខ្លាចទាល់តែសោះនៅតែដើរចូលដើម្បីរកចន្លោះផ្ដួលកីឡាករថៃ។

ជើងខ្លាំងវ័យចំណាស់មកពីថៃបានព្យាយាមវាយបក ហើយ Wang ក៏ព្យាយាមម៉ាត់និងទាត់ខ្លាំងៗដែរ។ ពេលកីឡាករចិនធ្វេសប្រហែសបន្តិច Sam-A ប្រើល្បឿន និងវាយឆ្មក់កណ្ដាប់ដៃបានចំគោលដៅជាពិសេសកណ្ដាប់ដៃឆ្វេងរបស់គេទោះនៅកៀក ឬ នៅឆ្ងាយ។ Wang នៅបន្តដាក់សម្ពាធ ប៉ុន្តែមិនអាចវាយចំគោលដៅទេ។ ផ្ទុយទៅវិញ Sam-A បានគេចផុតពីក្រញាំប្រយុទ្ធ របស់ Golden Boy ហើយ ប្រើកម្លាំងទាត់ខ្លាំងៗនៅទឹកទី៤ ប៉ុន្តែកីឡាករចិននៅសន្ទុះល្អគ្របគ្រងលើកីឡាករជើងចាស់ថៃ។ បែបណាក្ដី កីឡាករថៃដែលកំពុងហ្វឹកហាត់នៅសិង្ហបុរី នៅតែវាយចេញប្រកបដោយប្រសិទ្ធភាពតាមរយៈកណ្ដាប់ដៃឆ្វេងយ៉ាងរហ័ស។ ទោះជិតចប់ទឹកទី៥ ក៏ Wang នៅសម្រុកមិនឈប់ឈរ ព្រោះតែចង់ឈ្នះពេក។ យ៉ាងណាក្ដី ចៅក្រមទាំងបី ផ្ដល់ពិន្ទុដល់ Sam-A ឈ្នះជាឯកច្ឆន្ទលើ Wang និងឈ្នះខ្សែក្រវាត់ទើបដាក់ឲ្យប្រកួតដំបូង ONE Strawweight Kickboxing World Title៕

វីដេអូ​ខ្លីនៃការប្រកួត៖

រូបភាព និងវីដេអូ៖ ONE Championship

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;