អាល្លឺម៉ង់ផ្តល់​លុយជាង ២លានដុល្លារ​ឲ្យ​គណៈកម្មការទន្លេមេគង្គ​កម្ពុជា

  • 2019-12-16 01:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាបន្ថែមចំនួន ២លានអឺរ៉ូ (ប្រមាណ ២,២លានដុល្លារ អា​មេ​រិក) ឲ្យទៅគណៈកម្មការទន្លេមេគង្គ (ដែលហៅកាត់ថា MRC) ដើម្បី​បង្កើន​កិច្ច សហប្រតិ​បត្តិ​ការ និង​កិច្ចសន្ទនា​ធនធានទឹកឆ្លងដែន និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ក្នុង​ការ​ពិនិត្យ​តាម​ដាន​ផលប៉ះពាល់បរិស្ថានឆ្លងដែនពីទំនប់វារីអគ្គិសនីតាមដងទន្លេនៃទន្លេមេគង្គក្រោម។ នេះ​បើ​យោង​តាម​សេចក្តីបប្រកាសព័ត៍មានរបស់គណៈកម្មការទន្លេមេគង្គ​កាល​ពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៩។

គណៈកម្មការទន្លេមេគង្គបានបន្តថា កិច្ច​ព្រម​ព្រៀង​ផ្តល់​ថវិកា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងលោក យិនស៍ លុធឃិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតប្រទេស អាល្លឺម៉ង់ប្រចាំប្រទេសឡាវ។ ក្នុង​ពិធីចុះ​ហត្ថលេខា​ដែល​បាន​ប្រព្រឹត្ត​ទៅនៅទីក្រុងវៀងចន្ទ នាថ្ងៃទី១៣ ខែធ្នូ។

មូលនិធិបន្ថែមនេះ បានធ្វើឲ្យការចូលរួមចំណែកថវិការបស់ប្រទេសអាល្លឺម៉ង់សម្រាប់ MRC កើន​ដល់​ចំនួន ៦,៤៥លានអឺរ៉ូសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន ឆ្នាំ២០១៦-២០២០ និង​ការ​ចាប់ផ្តើមផែនការថ្មី ឆ្នាំ២០២១-២០២៥។ ក្នុង​ន័យបញ្ជាក់ជាថ្មីពីភាពជាដៃគូដ៍យូរ​អង្វែង របស់​ប្រទេស​អាល្លឺម៉ង់​នឹងគណៈកម្មការទន្លេមេគង្គ មូលនិធិនេះមានគោលបំណងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការ និង​គ្រប់​គ្រង​ធនធាន​ទឹក​ឆ្លង​ដែន​ក្នុង​ចំណោម​ប្រទេស​តាម​ដងទន្លេមេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

សម្រាប់រយៈពេល ៣ឆ្នាំ (២០១៩-២០២១) ជំនួយឥតសំណងនេះ មាន​គោល​បំណង​លើក​កម្ពស់​កិច្ច​ខិតខំ​ប្រឹង​ប្រែង ក្នុងការពិនិត្យតាមដានផលប៉ះពាល់បរិស្ថានឆ្លងដែន ពីទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេ ដែលបានសាងសង់រួចរាល់ក្នុងទន្លេមេគង្គក្រោមរួមមានទំនប់សាយ៉ាបូរី និងដនសាហុង និង​ផ្តល់នូវវិធាននានា ដើម្បីកាត់បន្ថយផលប៉ះពាល់តាមរយៈកម្មវិធីពិនិត្យតាមដានបរិស្ថានរួមរបស់ MRC។

លោក អាន ពេជ្រហត្ថដា បាន​លើក​ឡើងថា «ការគាំទ្រ​របស់​ប្រទេស​អាល្លឺម៉ង់​មក​ដល់​ចំពេល​ដ៍​សំខាន់ គឺ​ពេល​ដែល​ទន្លេមេគង្គកំពុងប្រឈមនឹងការថ្លឹងថ្លែងដ៏ពិបាក រវាង​ការ​ង្កើន​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ថាមពល ដឹក​ជញ្ជូន និងកសិកម្ម និងផលប៉ះពាល់លើបរិស្ថាន និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ក្នុង​ស្រុក»៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;