មហាសេដ្ឋីវៀតណាមសុខចិត្តខាត ៧៧៧ លានដុល្លារក្នុងមួយឆ្នាំដើម្បីម៉ាកឡានវៀតណាម
- 2019-12-17 02:50:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីវៀតណាមសុខចិត្តខាត ៧៧៧ លានដុល្លារក្នុងមួយឆ្នាំដើម្បីម៉ាកឡានវៀតណាម
ចន្លោះមិនឃើញ
ការចុះផ្សាយរបស់ Bloomberg កាលពីថ្មីៗនេះ បានបង្ហាញអំពីមហិច្ឆតាធំចំនួនពីររបស់លោក Phan Nhat Vuong ដែលជាម្ចាស់សម្ព័ន្ធ Vingroup ដែលទីមួយគឺការផលិតរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ និងទីពីរគឺចង់ចូលក្នុងទីផ្សារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០២១។
គួរដឹងថា Vingroup គឺជាក្រុមហ៊ុនមេរបស់ VinFast ដែល VinFast គឺជាក្រុមហ៊ុនផលិតរថយន្តវៀតណាមដំបូងគេ និងរីកលូតលាស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ បច្ចុប្បន្ន VinFast មានផលិតរថយន្តចំនួនបីម៉ូដែល ដែលមានបីប្រភេទគឺ Hatchback, Sedan និង SUV។
ចំពោះគោលបំណងវាយលុកទីផ្សារអាមេរិក លោក Phan Nhat Vuong ដែលមានទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លារ នឹងត្រូវចំណាយលុយផ្ទាល់ខ្លួនជាង ២ ពាន់លានដុល្លារ ដើម្បីឲ្យ VinFast ជោគជ័យលើទឹកដីអាមេរិក។
ការកំណត់អាមេរិកជាគោលដៅនេះ ស្របពេលដែលក្រុមហ៊ុន VinFast បានធ្វើចិត្តថានឹងមិនអាចរកប្រាក់ចំណេញបាននោះទេ ក្នុងមុខជំនួញរយៈពេល ៥ ឆ្នាំដំបូង។ ជាងនេះទៅទៀត ក្រុមហ៊ុនកំពុងលក់រថយន្តទាំងបីម៉ូដែលរបស់ខ្លួន ក្នុងតម្លៃមួយដែលទាបជាងការចំណាយលើការផលិត។ តាមការលើកឡើងរបស់លោក Phan Nhat Vuong សម្ព័ន្ធ Vingroup ត្រូវចំណាយប្រមាណ ៧៧៧ លានដុល្លារក្នុងមួយឆ្នាំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដើម្បីប៉ះប៉ូវការខាតបង់សម្រាប់ VinFast។
លោក Phan Nhat Vuong ដែលជាមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារដំបូងគេរបស់វៀតណាម ជឿជាក់ថា ដើម្បីឲ្យក្រុមហ៊ុនជោគជ័យ VinFast ត្រូវតែបោះជំហានធំ មិនអាចនៅតែក្នុងប្រទេសវៀតណាមនោះទេ ដោយសារទីផ្សារមានទំហំតូច។ ក្រៅពីអាមេរិក VinFast អាចនឹងពង្រីកទីផ្សារដល់អឺរ៉ុប និងរុស្ស៊ីផងដែរ។
លោក Phan Nhat Vuong បានលើកឡើងដូចនេះ ៖ "យើងមានចិត្តចង់បង្កើតម៉ាកសញ្ញាវៀតណាម ដែលមានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក។ បញ្ហាប្រឈមដ៏ធំគឺថាផលិតផលវៀតណាម មិនទាន់មានម៉ាកសញ្ញាអន្តរជាតិមួយនៅឡើយទេ។ ចំពោះមិត្តបរទេសជាច្រើន វៀតណាមនៅជាប្រទេសក្រីក្រ ដើរថយក្រោយ។ ពួកយើងនឹងរិះរកវិធីធ្វើទីផ្សារ និងបញ្ជាក់ថាផលិតផលរបស់ពួកយើងអាចតំណាងពីភាពអង់អាច និងការកំពុងអភិវឌ្ឍរបស់វៀតណាម ដែលបានឈានដល់កម្រិតស្តង់ដារខ្ពស់មួយនៃពិភពលោក៕”