លោក ព្រីង ច័ន្ទបុត្រ ចេញមកជម្រះរឿង ក្រោយនារីម្នាក់ចោទលោកជំពាក់លុយមិនសង
- 2019-12-27 07:51:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ព្រីង ច័ន្ទបុត្រ ចេញមកជម្រះរឿង ក្រោយនារីម្នាក់ចោទលោកជំពាក់លុយមិនសង
ចន្លោះមិនឃើញ
បន្ទាប់ពីម្សិលមិញនេះ ត្រូវនារីម្នាក់ដែលប្រើគណនីហ្វេសប៊ុក Roselyne Delva បានបើកការវាយប្រហារខ្លួនថា បានជំពាក់ប្រាក់នាង ហើយព្យាយាមគេចវេសមិនសង ធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ នៅថ្ងៃនេះ សាមីខ្លួនខាងប្រុស គឺអតីតតារាសម្ដែង ព្រីង ច័ន្ទបុត្រ ថាបានចេញមកឆ្លើយតប ដោយលើកឡើងថាទាំងនោះមិនមែនជាការពិតនោះទេ។
នៅម្សិលមិញនេះហ្វេសប៊ុក Roselyne Delva ដែលដំបូងឡើយមិនដឹងថាមានទំនាក់ទំនងអ្វីជាមួយអតីតតារាសម្ដែង បានចេញមកវាយប្រហារលោក ព្រីង ច័ន្ទបុត្រ ថា តារាប្រុសរូបនេះ បានជំពាក់ប្រាក់នាង ប៉ុន្តែបានព្យាយាមគេចវេសមិនសង ហើយថែមទាំងគំរាម និងម៉ាក់ងាយនាងទៀត។ យ៉ាងណាក៏ដោយ តួប្រុសក្នុងបទចម្រៀងស្នេហា៤ដួងរបស់ខ្មែរ បានអះអាងថា លោកពិតជាមិនដែលបានខ្ចីប្រាក់ពីឈ្មោះ Roselyne Delva នោះទេ។
ប៉ុន្តែលោកថា លោក និងនារីដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Roselyne Delva នេះ គឺមានទំនាក់ទំនងជាមួយគ្នាមួយចំនួន មុននឹងមានរឿងម្សិលមិញនេះកើតឡើង។ លោក បុត្រ ប្រាប់ថា តាមពិតលោក និងនារីអាណិកជនខ្មែររស់នៅបារាំងខាងលើ គឺជាអតីតគូស្នេហ៍នឹងគ្នា ដោយបានជួបស្គាល់រហូតដល់សេពគប់គ្នាធ្វើជាគូសង្សារអស់រយៈប្រមាណ ជិត ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
លោក ព្រីង ច័ន្ទបុត្រ ប្រាប់ថា បើគិតរយៈពេលស្គាល់គ្នាគឺ៣-៤ឆ្នាំហើយ ប៉ុន្តែចាប់ផ្ដើមមានទំនាក់ទំនងស្នេហានឹងគ្នាចាប់ពីដើមឆ្នាំ ២០១៨ ហើយនារីខាងលើបានចុះមកស្រុកខ្មែរដើម្បីជួបជាមួយលោក។ ហើយបន្តបន្ទាប់នាងក៏បានឡើងមកស្រុកខ្មែរម្ដងជាពីរដងទៀតដែរ ដោយបានដើរលេងជាមួយគ្នាគ្រប់ខេត្តក្រុងទាំងអស់ក្នុងនាមជាសង្សារនឹងគ្នា។ នៅក្នុងការដើរកម្សាន្តនោះ លោកប្រាប់ថា ការចំណាយស្ទើរតែទាំងអស់ គឺភាគីនារីជាសង្សារជាអ្នករាប់រង។
“ជាធម្មតា ខ្ញុំអ្នកស្រុកខ្មែរ គាត់អ្នកស្រុកគេ គាត់មកលេង គាត់ចំណាយលើយើង...គឺស៊ីចាយទាំងអស់គ្នា...និយាយទៅមិនចង់និយាយផងទេ វាគួរឲ្យខ្មាសគេដែរ យើងជាប្រុសណាបង ប៉ុន្តែរឿងដល់ដំណាក់កាលនេះហើយ និយាយឲ្យអស់តែម្ដងទៅ!”។ លោក ព្រីង ច័ន្ទបុត្រ ថ្លែង។
ក្រោយពីផ្អែមល្ហែមជាមួយគ្នាមួយរយៈធំ លោក ព្រីង ច័ន្ទបុត្រ ប្រាប់ថា ទំនាក់ទំនងលោក និងសង្សារ ក៏ប្រែប្រួល ពោលគឺឆ្ងាយគ្នាបន្តិចម្ដងៗ ការទំនាក់ទំនងក៏លែងស្អិតល្មួតដូចមុន ដែលលោកមិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដ។ ប៉ុន្តែតាមការប៉ាន់ស្មានលោកថា អាចពីលោកមួយរយៈពេលមុន លោករមែងហូបគ្រឿងស្រវឹងជាមួយមិត្តភ័ក្ដិ ហើយជារឿយៗបាននិយាយពាក្យខ្លះធ្វើឲ្យសង្សារខឹងលោក។
តាំងពីពេលនោះមក ពួកគេដាច់ទំនាក់ទំនងគ្នាយូរ ស្រាប់តែក្រោយមកនារីជាសង្សារ ក៏បានទាក់ទងមកលោក ហើយនិយាយទារប្រាក់ពីលោកតែម្ដង ដែលប្រាក់នោះ គឺជាប្រាក់ចាយវាយទាំងអស់គ្នាពេលនារីជាសង្សារបានចុះមកស្រុកខ្មែរម្ដងៗ។ ម្ដងហើយម្ដងទៀតភាគីខាងស្រីនៅតែទារប្រាក់វិញ ទើបឆ្លើយថា លោកនឹងសងវិញ ប៉ុន្តែចាំលក់ដីរបស់ឪពុកនៅបាវិតដាច់សិន។
ក្រោយមក អតីតសង្សារនៅតែទាក់ទងនិយាយពីការទារលុយពីលោកនោះ លោកធុញពេកក៏មានប្រើពាក្យធំមាត់ខ្លះដាក់នាង។ "ចុះបើទាក់ទងមកលើកណាក៏និយាយរឿងលុយៗៗៗ...ទាំងដែលខ្ញុំមិនខ្ចី លុយនោះគឺលុយស៊ីចាយទាំងអស់គ្នា ធុញដែរណាបង អីចឹងខ្ញុំក៏ចេះឆ្លើយប៉ាតណាប៉ាតណី តាមតែចិត្តខឹងទៅ..!"។
ក្រោយមក ដោយធុញពេកលោក ថាក៏បាន Unfriend នាងចោលទៅ ចំណុចនេះហើយ ដែលភាគីខាងស្រី ចោទលោកថា លោកគេចវេះ ដោយឡែកថា លោកគំរាម និងមាក់ងាយនោះ គឺមិនមែនទេ។ លោក ថ្លែងថា "ធុញពេក ខ្ញុំក៏ Unfriend គាត់ទៅ អីចឹងហើយ គាត់ថាខ្ញុំគេចវេះ មិនមែនគេចទេ គឺធុញពេក...ដោយឡែកគាត់ថា ខ្ញុំគំរាមគាត់អីនោះ គឺអត់ទេ...គឺមានគ្រាន់តែនិយាយថា បើអូនឯងនៅតែទារដដែលៗពេក បងឈប់សង អីចឹងទៅ...!”។
យ៉ាងណា លោក បញ្ជាក់ថា លោកមិនដែលបានខ្ចីប្រាក់របស់នារីជាអតីតសង្សារនោះទេ ប៉ុន្តែលុយដែលនាងទារ គឺជាលុយប្រើលើការចាយវាយទាំងអស់គ្នាពេលនាងឡើងមកស្រុកខ្មែរម្ដងៗប៉ុណ្ណោះ។ លុយនោះទៀតសោត លោកក៏មិនដឹងថា មានចំនួនប៉ុន្មានដែរ។ "វាជាលុយស៊ីចាយទាំងអស់គ្នា...ដល់តែគាត់លេងមកទារដដែលៗ...អីចឹងយើងជាប្រុសដែរបង ក៏ឆ្លើយទៅថា ទៅចាំបងសង...តែចាំលក់ដីប៉ាដាច់សិនអីចឹងទៅ និយាយទៅយើងមិនដឹងខ្លួន មិនបានប្រយ័ត្ន ស្រាប់គាត់ថតយកមកបង្ហោះអីចឹង!"។
ព្រីង ច័ន្ទបុត្រ សង្កត់ធ្ងន់ថា លោកមិនដែលខ្ចីលុយអតីតសង្សារក្រៅពីលុយដែលចំណាយលើការដើរកម្សាន្តទាំងអស់គ្នានោះទេ តែបើអតីតសង្សារថាលោកមានខ្ចីអីនោះ លោកស្នើសុំឲ្យនាងបញ្ចេញឯកសារមក។ ចំពោះបញ្ហានេះ Roselyne Delva មិនទាន់អាចសុំការអធិប្បាយបន្ថែមបានទេនៅព្រឹកនេះ ជុំវិញរឿងដែលកើតឡើងរវាងនាង និងអតីតតារាសម្ដែង ព្រីង ច័ន្ទបុត្រ៕