ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​បើក​ផ្សារ​ទំនើប​ជួយ​ទិញ​កសិផល​ធម្មជាតិរបស់​កសិករ​ខ្មែរ

  • 2019-12-28 08:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​កសិករ​ខ្មែរ លើ​បញ្ហា​ពិបាក​រក​ទីផ្សារ​លក់​កសិផល ឬ​តម្លៃ​ថោក​ពេក ឥឡូវ​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហើប​គម្រោង​ធំ​មួយ ដោយ​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ធានា​ទិញ​បន្លែ​គុណភាព​ល្អ​របស់​កសិករ​ទាំង​អស់។

គម្រោង​នេះ​បាន​លេច​មក បន្ទាប់​រយៈ​ពេល​ថ្មី​ៗ​នេះ គេ​ឃើញ​បង​ប្អូន​កសិករ​ខ្មែរ​មួយ​ចំនួន បាន​ជួប​ទុក្ខ​លំបាក ក្រោយ​ពី​ខិត​ខំ​ដាំដុះ និង​ថែ​ទាំ​រហូត​ដល់​បាន​ផល​ល្អ ប៉ុន្តែ​បែរ​ជា​គ្មាន​ទី​ផ្សារ ហើយ​បើ​មាន​ក៏​តម្លៃ​ទាប​ហួស រហូត​ដល់​កសិករ​បង្ខំ​ចិត្ត​ដក​ចោល ឬ​ទុក​អោយ​ខូច​ចោល​តែ​ម្ដង។ ប៉ុន្តែ​យ៉ាង​ណា តាម​ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហើប គឺ​លោក​បាន​គិត​អំពី​គម្រោង​ ជួយ​កសិករ​ខ្មែរ​នេះ​យូរ​ហើយ ប៉ុន្តែ​អ្វី​ៗ​បាន​ដើរ​ដល់​ចំណុច​ចុង​ក្រោយ​បង្អស់​នៃ​គម្រោង​ដោយ​គាប់​ជួន​នា​ពេល​នេះតែ​ម្ដង។

ឧកញ៉ា ថា បច្ចុប្បន្ន​គម្រោង​នេះ​បាន និង​កំពុង​ដំណើរ​ការ​ហើយ ដោយ​ក្រុម​ការងារ​របស់​លោក​ឧកញ៉ា កំពុង​មមាញឹក​ក្នុង​រៀប​ចំ ដេគ័រ​ផ្សារ​ទំនើប​នេះ ក្នុង​នោះ យូរ​បំផុត គឺ​ប្រមាណ​ជា ២ខែ​ទៀត​ប៉ុណ្ណោះ ផ្សារ​ដែល​ជា​ក្ដី​សង្ឃឹម​កសិករ​ខ្មែរនឹង​អាច​ដំណើរ​ការ​បាន​ហើយ។ ចំពោះ​ទីតាំង អតីត​ពលករ​ខ្មែរ​នៅ​កូរ៉េ​រូប​នេះ ប្រាប់​ថា ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​របស់​លោក មាន​ទីតាំង​កណ្ដាល​នៅ Olympia ដោយ​គ្រោង​នឹង​បើក​ឆាប់​ៗ​ខាង​មុខ។ តាម​គម្រោង​លោក ឧកញ៉ា គ្រោង​នឹង​ពង្រីក​ដល់ ២៥០ សាខា​ឯណោះ ក្នុង​ទីក្រុង​ភ្នំពេញ។

"ក្រុម​និស្សិត​មក​ពី​បរទេស​ដែល​ស្ថិត​ក្នុង​ក្រុម​ការងារ​ខ្ញុំ បាន​ចុះ​ទៅ​ជួប និង​ធ្វើ​កុងត្រា​ជាមួយ​បង​ប្អូន​កសិករ​យើង​បាន​ច្រើយ​ហើយ ហើយ​ខ្ញុំ​ទិញ​តែ កសិផលរបស់​កសិករ​ខ្មែរ​តែ​ប៉ុណ្ណោះ​យក​មក​លក់។ អីចឹង​ហើយ ខ្ញុំ​សូម​អោយ​បង​ប្អូន​កសិករ​ទាំង​អស់ ផលិត​ផល​កសិកម្ម​ផ្ដោត​ទៅ​លើ​គុណភាព សុខភាព​ជា​ចំបង ទើប​ខាង​ផ្សារ​របស់​ខ្ញុំ​ទទួល​ទិញ​យក! ដែល​បន្លែ​ទាំង​នោះ ត្រូវ​តែ​ឆ្លង​កាត់​កា​ត្រួត​ពិនិត្យ ពី​អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន ដើម្បី​ធានា​ភាព​ត្រឹម​ត្រូវ​នៃ​គុណភាព​បន្លែ”។

ទន្ទឹម​នឹង​គម្រោង​ដ៏​ធំ​នេះ​ជិត​ដំណើរ​ការ ឧកញ៉ា ណាវ៉ាត្រា បញ្ជាក់​ថា នៅ​ពេល​នេះ លោក​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ផ្នែក​សេវាកម្ម ៤០០ នាក់ ក្នុង​​ផ្ដល់​អាទិភាព​ឲ្យ​និស្សិត​កសិកម្ម ឬ​អ្នក​ដែល​ចូល​ចិត្ត​កសិកម្ម​តែ​ម្ដង។ ចំណុច​ពិសេស​មួយ បេក្ខជន​ណា​ដែល​ពេល​សម្ភាសន៍​ជាប់​ជា​បុគ្គលិក ហើយ ពួក​គេ​នឹង​ទទួល​បាន​ម៉ូតូ honda dream 2020 ម្នាក់​មួយ​គ្រឿង​តែ​ម្ដង ដែល​ត្រូវ​ចុះ​កុងត្រា​ជាមួយ​គម្រោង​ផ្សារ​របស់​លោក​រយៈ​ពេល​វែង។

សម្រាប់​ អ្នក​ដែល​មាន​បំណង​ដាក់​ពាក្យ​សូម​ទាក់ទង​មក​លេខ​ទូរសព្ទ​ ០៦៦ ៤៤៤ ៤៤៤។ " ខ្ញុំ​បាទ ឡេង ណាវ៉ាត់ត្រា សូម​គោរព​ស្នើ​សុំ​ទៅ ស្ថាប័ន ក្រសួង​ពាក់ព័ន្ធ មេត្តា ជួយ​សម្រប​សម្រួល​ខ្ញុំ​បាទ​នេះ​ផង ដើម្បី​មាន​ភាព​ងាយ​ស្រួល នឹង​ទទួល​បាន​ជោគជ័យ​លើ​គម្រោង​ជួយ​កសិករ​ខ្មែរ​យើង​នា​ពេល​នេះ"។

លោក ឧកញ៉ា បន្ថែម​ថា សម្រាប់​ក្រុមហ៊ុន​ផ្សេង ឬ បងប្អូន​ដែល​មាន​បំណង​ចង់​ចូល​រួម នៅ​លើ​គម្រោង​នេះ​ដែរ ឬ​មាន​ចំណេះ​ដឹង​អ្វី​បន្ថែម អាច​ទាក់​ទង​មក​លេខ​ខាង​លើ​ដើម្បី​ពិភាក្សា ដាក់​គោលដៅ​បន្ថែម ដើម្បី​ឱ្យ ផ្សារ​ទំនើប​កសិផល នេះ​ទទួល​បាន​ភាព​ជោគជ័យ ពិត​ប្រាកដ​សម្រាប់ ការ​ទទួល​ទិញ​ពី​បង​ប្អូន កសិករ ។

កសិករ​ខ្មែរ​ដាំ​ស្ពៃ​នៅ​បាត់ដំបង ដែល​បញ្ជាក់​នឹង​ដក​ស្ពៃលោកចោល និង​ចែក​បង​ប្អូន​ដោយ​ឥត​គិត​ថ្លៃ ក្រោយ​ដាំ​បាន​ផល​ហើយ គ្មាន​ទីផ្សារ(រូបភាព​៖ហ្វេសប៊ុក)

"ជា​ពិសេស​នោះ ស្នើ​បង​ប្អូន ទាំង​អស់​មេត្តា ជួយ​គាំទ្រ ផលិតផល​កសិផល​ធម្មជាតិ ទើប​ផ្សារ​ទំនើប​នេះ អាច​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​បាន ព្រោះ​ផ្សារ​ទំនើប​កសិផល​នេះ​ប្រឈម​មុខ​នឹង​ការ​ខាត​ខ្លាំង​បំផុត តែ​យ៉ាង​ណា ខ្ញុំ​ប្ដេជ្ញា​ចិត្ត ថា​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព"។ ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ថែម៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;