ហ៊ុយ យ៉ាឡេង រំពឹង​យុវវ័យ​នាំ​អ្នក​មាន​គុណ ទៅ​ទស្សនា​ភាពយន្ត "ដើម្បី​កូន"

  • 2020-01-08 08:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុយ យ៉ាឡេង បាន និង​កំពុង​ត្រៀម​នាំ​យក​ខ្សែ​ភាពយន្ត​ជីវិត​ពិត​រៀង "ដើម្បី​កូន" ឡើង​ទៅ​លើ​​រោងភាពយន្ត​នា​ដំណាច់​ខែ​នេះ ស្រប​ពេល​ដែល​លោក​រំពឹង​ថា យុវវ័យ​នឹង​ជូន​កាដូ​ដល់​អ្នក​មាន​គុណ ដោយ​ការ​នាំ​ពួក​គាត់​មក​ទស្សនា​ភាពយន្ត​សម្រាំង​ពិសេស​មួយ​នេះ។

អ្នក​និពន្ធ និង​ដឹកនាំ​រឿង ហ៊ុយ យ៉ាឡេង បានសម្រេច​ផលិត​ភាពយន្ត​រសជាតិ​ថ្មី​របស់​លោក​ក្នុង​​រង្វង់​២០​ឆ្នាំ​ដោយ​និយាយ​ពី​ជីវិត​តស៊ូ បង្កប់​ដោយ​រសជាតិ​កម្សត់​ហូរ​ទឹក​ភ្នែក ស្រប​ពេល​ដែល​ទីផ្សារ​នៅ​មិន​ទាន់​ដាច់​អាល័យ​រឿង​ប្រភេទ ខ្មោច កំប្លែង​នៅ​ឡើយ។ យ៉ាង​ណា លោក​ថា លោក​សុខ​ចិត្ត​ឈាន​មុន​គេ ក្នុង​ការ​ទម្លាក់​ភាពយន្ត​រសជាតិ​ថ្មី ប្រភេទ​រឿង​កម្សត់​បែប​នេះ។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់​ថា លោក​បាន​ឃើញ​មាន​ភាព​ខុស​ប្លែក​ខ្លះ ក្រោយ​ពី​លោក​បង្ហោះ Poster នៅ​លើ​បណ្ដាញ​សង្គម ពោល​គឺ​ចំនួន​អ្នក like និង Share ហាក់​មាន​ចំនួន​តិច​ជាង កាល​ដែល​លោក​បង្ហោះ​ពី​រឿង ខ្មោច កំប្លែង​កន្លង​មក។ យ៉ាង​ណា​លោក​ថា លោក​នៅ​តែ​មាន​ជំនឿ​ថា ភាពយន្ត "ដើម្បី​កូន" នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ច្រើន ជាក់​ស្ដែង នាយកដ្ឋាន​ភាពយន្ត បាន​វាយ​តម្លៃ​រួច​ហើយ​ថា ភាពយន្ត​របស់​លោក​មួយ​នេះ មាន​គុណភាព​ល្អ។

សំខាន់​ជាង​នេះ លោក​លើក​ឡើង​ថា លោក​ធ្វើ​រឿង​នេះ ដើម្បី​លម្អ​វិស័យ​សិល្បៈ​បន្ថែម និង​ចង់​ឃើញ​ទិដ្ឋភាព​ខ្លះ ដែល​បាន​កើត​មាន​ក្នុង​អតីតកាល។ លោក​ថា កាល​ពី​ជំនាន់​ទសវត្ស​ទី ៦០ មនុស្ស​ម្នា​ច្រើន​ណាស់ ទាំង​ចាស់​ទាំង​ក្មេង​ដឹក​ដៃ​គ្នា​ទៅ​មើល​ទៅ​មើល​កុន ហើយ​លោក​មាន​ទឹក​ចិត្ត​មួយ ចង់​ឲ្យ​ទិដ្ឋភាព​នោះ​កើត​មាន​នៅ​ក្នុង​សម័យ​កាល​នេះ។លោក បន្ត​ថា មនុស្ស​សម័យ​នោះ គាំទ្រ​គ្រប់​រសជាតិ​នៃ​ភាពយន្ត​ទាំង​អស់ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​សម័យ​នោះ រីក​ចម្រើន​ខ្លាំង និង​មាន​គ្រប់​រសជាតិ។

វិល​មក​សម័យ​បច្ចុប្បន្ន យុវវ័យ​គឺ​ជា​អ្នក​ត្រួត​ត្រា​ទីផ្សារ​ទាំង​អស់ រាប់​ទាំង​ភាពយន្ត ទើប​ភាពយន្ត កំប្លែង សើច មាន​ច្រើន​អនេក។ តែ​ក៏​មិន​មាន​ន័យ​ថា អ៊ុំ ពូ មា មីង មិន​ចង់​មក​ទស្សនា​ភាពយន្ត​ដែរ ប៉ុន្តែ​អាច​មក​ពី​ខ្វះ​ភាពយន្ត​ដែល​ពួក​គាត់​អាច​មើល​បាន ជាក់​ស្ដែង​រឿង "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" របស់​អ្នក​ស្រី ពាន់ ភួង​បុប្ផា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​បង្ហាញ​ថា អ៊ុំ ពូ មា មីង ក៏​ចង់​មាន​ពេល​មក​ទស្សនា​ភាពយន្ត និង​ចង់​ទស្សនា​រឿង​ដែល​ពួក​គាត់​អាច​ទស្សនា​បាន​ដែរ។

ដូច្នេះ​ហើយ លោក​នៅ​តែ​រំពឹង​លើ​យុវវ័យ ពោល​គឺ​សង្ឃឹម​ថា ពួក​គេ​អាច​ជូន​កាដូ​ដល់​អ្នក​មាន​គុណ ដោយ​ការ​ជូន​ពួក​គេ​គាត់​មក​ទស្សនា​ភាពយន្ត​ដែល​ត្រូវ​នឹង​ពួក​គាត់​នេះ។ "ខ្ញុំ​សង្ឃឹម​ថា យុវវ័យ​អាច​នាំ​ឪពុក​ម្ដាយ​គាត់​មក​ទស្សនា​រឿង​ "ដើម្បី​កូន​" នេះ ទុក​ជា​អំណោយ​ពួក​​គាត់...ព្រោះ​ខ្ញុំ​ជឿ​ថា ពួក​គាត់​ក៏​ចង់​មាន​ពេល​បែប​នេះ​ដែរ...ហើយ​ក្រោយ​ពី​មើល​ហើយ ខ្ញុំ​ជឿ​ទៀត​ថា កូន​ៗ​នឹង​កាន់​តែ​ស្រឡាញ់​ឪពុក​ម្ដាយ ហើយ​ឪពុក​ម្ដាយ​ក៏​រឹត​តែ​ស្រឡាញ់​កូន​វិញ​ដែរ!”៕

រឿង "ដើម្បី​កូន" បាន​កំណត់​ថ្ងៃ​ឡើង​រោង​កុន នៅ​ចុង​ខែ​មករា​នេះ។ យ៉ាង​ម្សិលមិញ ភាពយន្ត​នេះ បាន​ធ្វើ​ពិធី​ប្រគល់​ប្រាក់ ១០០០​ដុល្លារ​ដល់​មូលនិធិ​គន្ធ​បុប្ផា ហើយ​ការ​ផ្ដល់​ជូន​បន្ថែម នឹង​ធ្វើ​នៅ​ក្រោយ​ការ​ចាក់​បញ្ចាំង។

"ឥឡូវ​នេះ ខ្ញុំ​ប្រគល់​ជូន​មូលនិធិគន្ធ​បុប្ផា ១០០០​ដុល្លារ ហើយ​នេះ​មិន​មែន​យក​គន្ធ​បុប្ផា​មក​ធ្វើ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​វា​ជា​បេះដូង​របស់​ខ្ញុំ ដែល​២០​ឆ្នាំ​មក​ហើយ​ក្នុង​វិស័យ​កុន ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ជួយ​ជាតិ​សោះ...​ខ្ញុំ​ឥឡូវ​អាយុ​ច្រើន​ហើយ គិត​ថា ៥​ឆ្នាំ​ទៀត ខ្ញុំ​អាច​នឹង​សម្រាក​ពី​កុន អីចឹង​ខ្ញុំ​គិត​ថា ល្មម​ដល់​ពេល​ដែល​គួរ​ធ្វើ​កិច្ចការ​ខ្លះ​ជួយ​ជាតិ ទើប​ខ្ញុំ​ធ្វើ​រឿង​ឆ្លុះ​បង្ហាញ​ពី​សង្គម​មួយ​នេះ។ ឥឡូវ​ជូន ១ពាន់​ដុល្លារ​សិន តែ​ខ្ញុំ​នឹង​កាត់​ប្រាក់​ចំណេញ ១០% ទៀត ទៅ​មូលនិធិ​គន្ធបុប្ផា បន្ថែម​ទៀត​ពេល​ក្រោយ"៕

អត្ថបទ៖ ទារិកា

;