សត្វចម្លែកស៊ីសាច់មនុស្សជាដើមហេតុនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន
- 2020-01-13 01:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វចម្លែកស៊ីសាច់មនុស្សជាដើមហេតុនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន
ចន្លោះមិនឃើញ
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យវប្បធម៌ ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិន។ តើប្រវត្តិនៃពិធីបុណ្យចូលឆ្នាំចិននេះកើតចេញពីណាមក?
បើយោងតាមរឿងដំណាលបុរាណរបស់ចិន បានឲ្យដឹងថា ដើមហេតុនៃការចាប់ប្រារព្ធពិធីនេះឡើងគឺផ្ដើមកើតពីសត្វចម្លែក១ក្បាល ដែលមានឈ្មោះថា "Nian (年)"។ វាមានធ្មេញស្រួចៗ ហើយនិងស្នែងនៅលើក្បាល។ សត្វចម្លែកនេះរស់នៅក្នុងបាតសមុទ្រដ៏ជ្រៅអស់រយៈពេលជាយូរណាស់មកហើយ។ ឲ្យតែដល់ថ្ងៃថ្មីនៃការចាប់ផ្ដើមប្រតិទិនចន្ទគតិ វានឹងចេញមកលើគោក ដើម្បីចាប់មនុស្ស ឬសត្វពាហនៈជាចំណី។ ហេតុដូច្នេះទើបមនុស្សម្នានៅក្នុងភូមិរមែងតែឡើងទៅលើភ្នំនៅចំថ្ងៃនោះ ដើម្បីគេចពីការវាយប្រហាររបស់សត្វ "Nian"។ រឿងរ៉ាវនេះបានកើតឡើងជារៀងរាល់ឆ្នាំ រហូតដល់មានម្ដងនោះអ្វីៗត្រូវបានផ្លាស់ប្ដូរក្រោយពេលមានបុរសចំណាស់ម្នាក់ស្លៀកពាក់ខោអាវកញ្ចាស់មានកាន់ឈើច្រត់បានធ្វើដំណើរចូលមកក្នុងភូមិ។
ដូចសព្វមួយដង អ្នកភូមិមានការភិតភ័យ ប្រញាប់ប្រញាល់រៀបចំបង្វៀច គេចខ្លួនទៅលើភ្នំ។ ស្ថិតក្នុងសភាពច្របូកច្របល់ដូច្នេះ គ្មាននរណាម្នាក់ខ្វល់ពីអ្នកចំណូលថ្មីនោះឡើយ លើកលែងតែស្ត្រីវ័យជរាម្នាក់។ ស្ត្រីនោះបានឲ្យអាហារមួយចំនួនទៅកាន់បុរសនោះ ហើយប្រាប់គាត់អំពីសត្វចម្លែកដ៏កាចសាហាវ ដោយបញ្ចុះបញ្ចូលឲ្យគាត់រត់គេចខ្លួនទៅជាមួយអ្នកភូមិ។ យ៉ាងណាមិញ បុរសនោះហាក់មិនចាប់អារម្មណ៍នឹងសម្ដីដែលបានប្រាប់ តែគាត់បានត្រដុសព្រុយពុកមាត់យ៉ាងរំភើយ ដោយតបទៅវិញថា គាត់សុំស្នាក់នៅក្នុងផ្ទះរបស់ស្ត្រីចំណាស់នោះមួយយប់ ហើយគាត់នឹងបណ្ដេញសត្វចម្លែកនេះឲ្យបានជាការតបស្នងគុណ។
ស្ត្រីនោះមិនជឿពាក្យសម្ដីរបស់បុរសនោះឡើយ ហើយនៅបន្តបញ្ចុះបញ្ចូលគាត់ឲ្យចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ បុរសនោះមិនផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនទេ។ គ្រប់គ្នាបានចាកចេញស្ងាត់ភូមិ នៅឡើយតែបុរសនោះ។ លុះដល់ពាក់កណ្ដាលយប់ ស្រាប់តែសត្វចម្លែកបានចេញមកមែន។ ប៉ុន្តែវាបានសង្កេតឃើញរឿងរ៉ាវប្លែកខុសពីរាល់ឆ្នាំ។ រាល់ដង មនុស្សម្នាចាកចេញ ហើយភូមិពុំមានភ្លើងបំភ្លឺ ពោលគឺងងឹតសូន្យឆឹង តែលើកនេះចម្លែកត្រង់ថាផ្ទះនៅភាគខាងកើត១ខ្នងមានអុជទានបំភ្លឺទៅវិញ។ វាបានដើរចូលទៅកាន់ផ្ទះនោះដោយយឺតៗ រួចប្រទះឃើញនៅលើទ្វារ និងបង្អួច មានបិទក្រដាសពណ៌ក្រហម ហើយនៅក្នុងផ្ទះមានអុជទានជាច្រើនដើម។
សត្វចម្លែក "Nian" ពិតជាភ័យខ្លាំង ហើយក៏ខឹងយ៉ាងខ្លាំងផងដែរ ទើបសម្រេចដើរទៅទ្វារខាងមុខ។ ពេលនោះស្រាប់តែមានសំឡេងក្ដុងក្ដាំងយ៉ាងឮ ដែលជាហេតុធ្វើឲ្យវារអាមិនហ៊ានទៅជិត។ ទ្វារមុខក៏បើក ហើយមានចាំងពន្លឺភ្លឺព្រោងព្រាត បុរសចំណាស់ម្នាក់នោះមានស្លៀកពាក់សំពត់វែងក្រហមនៅឈរចំពីមុខ ហើយគាត់បានបញ្ចេញសំឡេងសើច។ ក្នុងសភាពដូច្នេះ សត្វចម្លែកក៏ភិតភ័យខ្លាំង រួចរត់យ៉ាងលឿនចូលទៅទីងងឹតបាត់សម្រាលតែម្ដង។
ព្រឹកឡើងពេលអ្នកភូមិចុះពីភ្នំមកវិញ សភាពនៅក្នុងភូមិគ្មានការខូចខាតនោះទេ។ ពួកគេពិតជាភ្ញាក់ផ្អើលណាស់។ ខណៈនោះស្ត្រីចំណាស់ដែលឲ្យផ្ទះបុរសមិនស្គាល់នោះស្នាក់នៅ ក៏បានប្រាប់អ្នកភូមិពីការសន្យារបស់បុរសម្នាក់នោះ។ ព្រោះចង់ដឹងថាមានរឿងអីកើតឡើង គ្រប់គ្នាបានសម្រុកទៅមើលផ្ទះរបស់ស្ត្រីនោះ ហើយឃើញមានបិទក្រដាសក្រហមពេញព្រាតនៅលើបង្អួច និងមាត់ទ្វារ រួមទាំងទានជាច្រើនដើមនៅក្នុងផ្ទះ ឯនៅទីធ្លាផ្ទះមានបំពង់ឫស្សីដែលដុតកាំជ្រួចរួចហើយ។ ក្រោយមកអ្នកភូមិក៏បានដឹងថា របស់របរទាំងនោះគឺជាសោមាសសម្រាប់បណ្ដេញសត្វចម្លែក។ ជាការអបអរលើជ័យជម្នះនេះ អ្នកភូមិបានស្លៀកពាក់ខោអាវថ្មី ហើយចែករំលែកក្ដីសប្បាយរីករាយជាមួយគ្នា។ ពួកគេក៏បានបន្តធ្វើដូច្នេះតៗគ្នាជារៀងរាល់ថ្ងៃថ្មីនៃប្រតិទិនចន្ទគតិ ដោយមានបិទផ្ទាំងក្រដាសក្រហមជុំវិញផ្ទះ អុជទាន និងដុតកាំជ្រួច ដើម្បីបណ្ដេញសត្វចម្លែក។ ទម្លាប់នេះក៏បន្តធ្វើរហូតមកទល់នឹងសព្វថ្ងៃ៕