លោក គួច ចំរើន ថា​ផ្លូវជាតិលេខ៤​ដែល​ជា​ជំនួយ​របស់​អាមេរិក ធ្វើឱ្យ​ខេត្តព្រះសីហនុ​មាន​ឈ្មោះ​បោះសំឡេង

  • 2020-01-15 03:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ គឺមាន​ការចូលរួម​ចំណែករបស់សហរដ្ឋអាមេរិកដូចជា ផ្លូវជាតិលេខ៤ ដោយផ្តើមចេញពីផ្លូវនេះ ធ្វើឱ្យខេត្ត មានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន។ ផ្លូវជាតិលេខ៤ បានជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០។

លោក​លើកឡើងថា កន្លងមកកងទ័ពសហរដ្ឋអាមេរិក ក៏បានធ្វើលំហាត់សមយុទ្ធជាមួយនឹងកងទ័ពជើងទឹកកម្ពុជា " រាម " និងបានជួយកម្ពុជា ពិសេសខេត្តព្រះសីហនុ លើវិស័យសុខាភិបាល វិស័យអប់រំ និងការងារក្នុងសហគមន៍មួយចំនួន ដែលប្រជាពលរដ្ឋកោតសរសើរ និងវាយតម្លៃខ្ពស់ ។

ខេត្តព្រះសីហនុមានជនជាតិអាមេរិកស្នាក់នៅជាង ៣០នាក់ ប្រកបមុខរបរកស៊ី ហើយកាលពីឆ្នាំ២០១៩ មានអ្នកទេសចរសហរដ្ឋអាមេរិកជាង ២៣០០០នាក់ មកធ្វើទេសចរនៅខេត្តព្រះសីហនុ ។

លោក​ គួច ចំរើន បន្តថា ខេត្តព្រះសីហនុក៏បានចុះ MOU ជាមួយក្រុង សុីអាថល នៃសហរដ្ឋអាមេរិក ជាក្រុង-ខេត្តបងប្អូន និងសូមឱ្យស្ថានទូតជួយជំរុញខេត្ត ក្រុងបងប្អូន មកធ្វើការវិនិយោគ និងទេសចរនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រកាន់ភ្ជាប់នូវទីផ្សារសេរី ស្វាគមន៍អ្នកវិនិយោគ និងទេសចរមកពីគ្រប់ទិសទី។ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជួបជុំជាមួយអង្គការសង្គមស៊ីវិលក្នុងមួយឆ្នាំ ២លើក ដោយសកម្មភាពនេះ គឺធ្វើជារៀងរាល់ឆ្នាំ ។

លោក W.Patrick Murphy បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបាន​អនុញ្ញាតឱ្យ ឯកឧត្តមមកធ្វើទស្សនកិច្ចជាផ្លូវការ ទទួលបានផ្លែផ្កា និងមានឱកាសជួបជាមួយធុរកិច្ចក្នុងស្រុក ក៏ដូចជាធុរកិច្ចក្រុមហ៊ុនអាមេរិក ព្រមទាំងបានតំណាងអង្គការសង្គមស៊ីវិល នៅខេត្តព្រះសីហនុផងដែរ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលើវិស័យសំណង់យ៉ាងច្រើន ដោយផ្តល់នូវគម្រោងថ្មីៗ ដូចជាប្រភពថាមពលអគ្គិសនី ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍរីកចម្រើននាពេលខាងមុខ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;