អាមេរិកផ្តល់លុយជួយអភិរក្ស និងរបៀបចំសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីរស២១
- 2020-01-16 05:23:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកផ្តល់លុយជួយអភិរក្ស និងរបៀបចំសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីរស២១
ចន្លោះមិនឃើញ
ថវិកាចំនួន ៧៥ ០០០ ដុល្លាអាមេរិកពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ឲ្យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងតាមរយៈក្រសួងវប្បធម៌ដើម្បីបន្តគាំទ្រ "ការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីរស២១"។
គម្រោងស្តីពី ការអភិរក្សវត្ថុជាតិពន្ធ នាសតវត្សទី២០ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដំណាក់កាលទី២នេះរំលេចចេញពីការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជា និងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយអាជ្ញាធរនានារបស់កម្ពុជា ក្នុងការចងក្រងឯកសារស្តីពីអំពើឃោឃៅនៅសម័យខ្មែរក្រហម។
គម្រោងនេះអនុវត្តដោយសារមន្ទីរទួលស្លែងក្រោមជំនួយបច្ចេកទេសរបស់លោកស្រី Julia Brennan ជនជាតិអាមេរិក ដែលជាអ្នកជំនាញផ្នែកការងារអភិរក្សវាយនភណ្ឌ នៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Julia នឹងជួយបណ្តុះបណ្តាលដល់បុគ្គលិកសារមន្ទីរ ឲ្យមានលទ្ធភាពអាចបន្តការងារគម្រោងដោយខ្លួនឯងបាន។ គម្រោងអភិរក្សវាយនភណ្ឌនេះនឹងផ្តោតទៅលើសិក្ខាសាលាបណ្តុះបណ្តាលការអភិរក្ស ការកំណត់ស្ថានភាពវត្ថុសម្រាប់អភិរក្ស ការថែទាំវត្ថុទូទៅ ការរៀបចងក្រងឯកសារកាតាឡុក និងជ្រើសរើសវត្ថុពីសុមច្ច័យវាយនភណ្ឌជាង៥០០០ ដែលអាចដាក់តាំងបង្ហាញបានរយៈពេលយូរ។
លោកស្រី Julia Brennan បានបញ្ជាក់ថា គម្រោងនេះបានប្រើប្រាស់បច្ចេកទេសគ្រាប់អង្គាដីឥដ្ឋដើម្បីបឺតសំណើមក្នុងប្រអប់ (Drybox dry bead microclimate system) សម្រាប់ការអភិរក្សវាយនភណ្ឌ ដែលបច្ចេកទេសនេះមានប្រើប្រាស់តែលើវិស័យកសិកម្មប៉ុណ្ណោះ។ គម្រោងនេះជាគម្រោងដំបូងគេបង្អស់ដែលប្រើបច្ចេកវិទ្យារនេះសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។
កាលពីឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលថវិកាចំនួន ៥៥ ៥០០ ដុល្លាអាមេរិកសម្រាប់គម្រោងអភិរក្សនាដំណាក់កាលដំបូង។ គម្រោងនេះជាសមិទ្ធិផលដំបូងដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការចងក្រងឯកសារ និងអភិរក្សសម្លៀកបំពាក់ជនរងគ្រោះមន្ទីរស-២១ ដែលរក្សាទុកនៅសារមន្ទីរអស់រយៈពេលជាច្រើនទសវត្សរ៍៕