កងទ័ពកម្ពុជា-សិង្ហបុរី បង្ហាញពីជំហររក្សាចំណងសាមគ្គីភាព និង​កិច្ចសហ​ការជាមួយគ្នា

  • 2020-01-21 03:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បាន​អនុញ្ញាត​ឲ្យ​ឧត្ដម​សេនីយ៍​ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកងទ័ពជើងគោកសឹង្ហបូរី និង គណៈ​ប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សាការងារ។ ជំនួប​ធ្វើ​ឡើង​ការ​ពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ក្នុងកិច្ចជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និង​មេ​បញ្ជាការ​កងទ័ព​ជើងគោកសឹង្ហបុរី បានសម្តែងនូវគារវកិច្ចប្រកបដោយភាពស្និទ្ធស្នាល និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដោយបានរំឭកឡើងវិញ ពីកិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​ផ្លែផ្កា​នា​ពេល​កន្លង​មក​នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងសឹង្ហបុរី។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាន​គូស​បញ្ជាក់លើវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ បាន​និង​កំពុង​មាន​ការវិវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ ក៏​ដូច​ជា​ការ​ធ្វើ​សមាហរណកម្ម​នៅក្នុងតំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។ ជាក់ស្ដែងមកដល់បច្ចុប្បន្ននេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​បាន​បញ្ជូន​កម្លាំង និង​ក្រុម​ជំនាញ​ជា​ច្រើន​ចូល​រួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ ចាប់​តាំង​ពី​ឆ្នាំ២០០៦ មក។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសឹង្ហបុរី ដែល​កន្លង​មក​បាន​ជួយ​ដល់កងទ័ពកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស និង​ការ​ជួយ​ដោះ​ស្រាយ​មធ្យោបាយ​មួយ​ចំនួនទៀត។

ជា​កិច្ចឆ្លើយ​តប ឧត្ដមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ បានថ្លែងអំណរគុណដល់នាយឧត្ដមសេនីយ៍ អគ្គ​មេ​បញ្ជាការ ដែល​បាន​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ពីស្ថាន​ការណ៍​វិវត្តន៍នានា​ឆ្ពោះ​ទៅ​រកសន្តិភាព​របស់​ប្រទេស​កម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍ បានចាត់ទុកថាសន្តិភាពពិតជាមានតម្លៃ និង​បាន​មក​ដោយ​លំបាកដែលក្នុងនាមជាកងទ័ពមានកាតព្វកិច្ចសំខាន់រួមគ្នាថែរក្សា។ ដោយ​ឡែក​លើ​ទំនាក់​ទំនង​កងទ័ពប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ ថា នឹង​មាន​ទំនាក់​ទំនង​ល្អ និង​មានកិច្ចការជាច្រើនទៀតដែលត្រូវបន្តសហការជាមួយគ្នា ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;