អ្នក​ជំនាញ បកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ

  • 2020-01-22 02:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលេន ដែល​ស្ថិត​នៅ​ទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

តាម​ការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញ​មាន​បំណែក​វត្ថុ​សិល្បៈ​ចំនួន ១៤​បំណែក​ដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និង​កម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួម​ទាំង​បំណែក​ដង​ខ្លួន​មាន​សណ្ឋាន​ជា​ទរទឹក​និង​គម្រប​ទរព្រម​ទាំង​បំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋ​មានជំនឿ និងគោរពបូជាបដិមានេះជាយូរមកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅ​ពី​នោះ ក៏មាន​ស្លាក​ស្នាម​ជា​ការ​ដ្ឋាន​យក​ថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់​ថា​អាជ្ញាធរជាតិអប្សរា នឹង​បន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បី​ដឹង​ច្បាស់​ពី​ប្រវត្តិ​ទីតាំង​សម្រាប់​ចង​ក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រម​ទាំង​ថែរក្សា​ជំនឿរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក អ៊ឹម សុខរិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្ការ​នៃ​អាជ្ញាធរអប្សរាបានឱ្យដឹងថា៖ ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញ​និង​ចង្កូមស្ញាញគួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមម្ករ។ ជា​ប្រភេទ​សត្វ​ពេញ​និយម​តំណាល​ក្នុង​រឿងព្រេងទេវកថារបស់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។ ខ្មែរ​បង្ហាញម្ករនៅតាមចម្លាក់លើជញ្ជាំងប្រាសាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។ តាម​ទេវក​ថា​ព្រះ​ឥសូរ ម្ករជាយាន្តជំនិះរបស់ព្រះនាងគង្គា តំណាងឱ្យទឹកបរិសុទ្ធ ជាទឹកមន្ត។ ដូច្នោះ​ហើយ​បាន​ជា​ម្ករ​មាន​វត្ត​មាន​យ៉ាងសំខាន់នៅតាមប្រាសាទនិងចម្លាក់។ ម្ករ​អាច​មាន​ទ្រង់​ទ្រាយ​រូបភាព​ផ្សេងៗ​អាស្រ័យ​តាម​រចនាបថសិល្បៈនៃសម័យកាលមួយៗ។

សិល្បករច្នៃប្រឌិតរូបភាពម្ករបន្តិចម្តងៗទៅតាមទេពកោសល្យរបស់ខ្លួន ហើយ​ក៏​ឃ្លៀងឃ្លាត​ពី​ធម្មជាតិ​របស់​ខ្លួនទៅ។ គេ​អាច​មើលឃើញម្ករនៅក្នុងចម្លាក់សិល្បៈ នៅលើផ្តែរ បង្តាន់ដៃកាំជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូលនៃប្រាសាទដែលជាទបង្ហូរទឹក។ ម្ករក៏មានតួនាទីជាអ្នកយាមទ្វារដែរ។ ជា​ពិសេស ម្ករមានបង្ហាញខ្លួននៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែល​ភាសា​បច្ចេកទេស​ហៅ​ថា «សោមសូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយ​បើក​ចំហរ​មាត់​ផង។

ដោយ​ពិនិត្យលើរចនាបថសិល្បៈរបស់ចម្លាក់ អ្នកជំនាញយល់ថា ប្រហែលស្ថិតក្នុងសតវត្សរ៍ទី១១ ដោយ​យោងតាមចម្លាក់បដិមាស្រដៀងនឹងរចនាបថសិល្បៈនៅប្រាសាទបេងមាលា ដែល​រូប​ម្ករ​នេះ​ទំនង​ជា​ឆ្លាក់ និងរៀបចំជាក្បាលនៃទរទឹករបស់ស្ទឹងទឹកមុជ៕

អត្ថបទ និង​រូប​ភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;