ចូលឆ្នាំថ្មីនៅតែមិនសងលុយគេជារឿងអពមង្គលមួយ!
- 2020-01-24 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មីនៅតែមិនសងលុយគេជារឿងអពមង្គលមួយ!
ចន្លោះមិនឃើញ
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយក៏មានជំនឿផ្សេងៗផងដែរពាក់ព័ន្ធនឹងសំណាងល្អ ឬសំណាងអាក្រក់របស់អ្នកគោរពប្រតិបត្តិតាម។ មួយនៅក្នុងចំណោមជំនឿទាំងនោះគឺជាការសងបំណុលឲ្យអស់មុនថ្ងៃចូលឆ្នាំថ្មីមកដល់។
ជនជាតិចិនជឿថា បំណុលទាំងឡាយគួរតែដោះសងគ្នាឲ្យហើយមុនថ្ងៃចូលឆ្នាំមកដល់។ បើមិនដូច្នោះទេ កម្មបំណុលនេះនឹងនៅជំពាក់អស់មួយជីវិត ហើយវាអាចពាំនាំនូវសំណាងអាក្រក់ពេញមួយឆ្នាំខាងមុខ។ ប្រសិនបើអ្នកបញ្ចប់ទំព័រជីវិតឆ្នាំចាស់ដោយសេចក្ដីល្អ នោះឆ្នាំថ្មីនឹងជួបប្រទះតែរឿងល្អប្រពៃវិញមិនខាន។ ចំពោះម្ចាស់បំណុលវិញ ក៏មិនត្រូវទៅទារប្រាក់គេដល់ផ្ទះផងដែរ ព្រោះវាជារឿងមិនល្អ និងឧបទ្រពពេញមួយឆ្នាំដូចគ្នា។
មួយវិញទៀត ជំនឿរឿងបំណុលនេះក៏មិនផ្ដោតតែមុនថ្ងៃចូលឆ្នាំថ្មីដែរ ពោលគឺនៅចំថ្ងៃចូលឆ្នាំក៏គប្បីមិនត្រូវមានការខ្ចី ឬឲ្យនរណាម្នាក់ជំពាក់ប្រាក់ ឬរបស់របរនោះឡើយ។ វាជារឿងមិនល្អទាល់តែសោះសម្រាប់ជនជាតិចិន។
សូមបញ្ជាក់ថា ក្រៅពីតំណមរឿងបំណុល ចិនក៏មានរឿងហាមឃាត់មួយចំនួនផងដែរដូចជា និយាយពាក្យអពមង្គល លេបថ្នាំឬទៅពេទ្យ ធ្វើឲ្យបែកបាក់របស់របរ បោកសម្លៀកបំពាក់ បោសផ្ទះ យំសោក ប្រើម្ជុរមុខស្រួច កាត់សក់ និងពាក់ខោអាវមានពណ៌ខ្មៅ ឬ ស ជាដើម៕