តើម៉ុងសាយមានដើមកំណើតដំបូងមកពីណា?
- 2020-01-25 00:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើម៉ុងសាយមានដើមកំណើតដំបូងមកពីណា?
ចន្លោះមិនឃើញ
របាំម៉ុងសាយ ឬរបាំសត្វតោ គឺជាការសម្ដែងក្បាច់រាំបែបប្រពៃណីចិន នៅក្នុងឱកាសពិសេសធំៗ ដូចជា ពិធីបុណ្យចូលឆ្នាំចិន ជាដើម ដើម្បីនាំមកនូវសំណាងល្អ ព្រោះគេជឿជាក់ថា តោ ជាសត្វដ៏វិសេសវិសាល។
ម៉ុងសាយត្រូវធ្វើឡើងពី គ្រោងឫស្សី បិទដោយក្រដាស និងមានមនុស្សពីរនាក់សម្តែង។ ម្នាក់កាន់ក្បាល ហើយម្នាក់ទៀតកាន់កន្ទុយ និងចលនាពួកគេធ្វើតាមចង្វាក់ភ្លេងស្គរ។ ពួកគេដែលហាក់ដូចជាទើបនឹងភ្ញាក់ និងស្រេកឃ្លាន ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន (ឡើង លោត ផ្លោះបង្គោល) ដើម្បីស៊ីអាហារដែលមានបន្លែបៃតងនាំសំណាង ផ្លែឈើនាំសំណាង (ក្រូច) និង អាំងប៉ាវ (នាំសំណាងល្អដល់មុខរបររកស៊ី)។
ប្រភពដើមនៃរបាំសត្វតោ ត្រូវបានបែងចែកយ៉ាងទូលំទូលាយ ប៉ុន្តែមតិដែលគួរឲ្យទុកចិត្តបំផុតមួយគឺ៖ នៅក្នុងវប្បធម៌ប្រពៃណីចិន សត្វតោ ប្រៀបបានដូចជាសត្វនាគអីចឹង គឺជាសត្វដែលកើតមានតែនៅក្នុងទេវកថាប៉ុណ្ណោះ ពោលគឺគ្មានសត្វតោពិតប្រាកដ នៅក្នុងប្រទេសចិនឡើយ។
នៅមុនសម័យរាជវង្សហាន (ឆ្នាំ២០២ មុនគ្រិស្តសករាជ ដល់ ២២០ ក្រោយគ្រិស្តសករាជ) មានសត្វតោតែប៉ុន្មានក្បាលប៉ុណ្ណោះ ដែលបានមកដល់តំបន់ភាគខាងលិច នៃប្រទេសចិនបុរាណ (បច្ចុប្បន្នគឺជាទីក្រុង Xinjiang) ដោយសារតែការធ្វើជំនួញសូត្រ។
នៅពេលនោះ មនុស្សបាននាំគ្នាធ្វើត្រាប់តាម រូបរាង និងសកម្មភាពនៃសត្វតោ ដែលទើបតែមកដល់ថ្មី នៅក្នុងការសម្ដែង រហូតបង្កើតបានទៅជា របាំសត្វតោ នៅក្នុងសម័យកាលនគរទាំង៣ (ឆ្នាំ ២២០ ដល់ ២៨០)។ ក្រោយមក វាបានក្លាយជាការពេញនិយម នៅក្នុងសម័យរាជវង្សខាងជើង និងខាងត្បូង (ឆ្នាំ ៤២០ ដល់ ៥៨៩)។ រហូតដល់សម័យរាជវង្សថាង (ឆ្នាំ ៦១៨ ដល់ ៩០៧) របាំសត្វតោ បានក្លាយជារបាំមួយ នៅក្នុងសាលរាំ។
បន្ទាប់មក របាំសត្វតោ បានបន្តក្លាយជាការសម្ដែងដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនចិន ដើម្បីអធិស្ឋានសុំសំណាងល្អ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន និងឱកាសពិសេសដទៃជាច្រើនទៀត៕