សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទៅទស្សនកិច្ចនៅតួកគី ចុងខែមករានេះ
- 2020-01-23 04:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទៅទស្សនកិច្ចនៅតួកគី ចុងខែមករានេះ
ចន្លោះមិនឃើញ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គ្រោងនឹងដឹក នាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចផ្លូវការយៈពេល ៦ថ្ងៃ ពីថ្ងៃទី២៦-៣១ ខែមករា ឆ្នាំ២០២០ នៅប្រទេសតួគី តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិតួគី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២០។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីអង់ការ៉ា សម្ដេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូគ្រោងនឹងអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋតួគី លោក ហ៊ូលូស៊ី អាការ៍ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២។
សូមជម្រាបថា កម្ពុជា និងតួគី ធ្លាប់មានទំនាក់ទំនងការទូតរវាងគ្នាតាំងពីឆ្នាំ១៩៧០។ ចំណងការទូតបានបាត់បង់ក្រោយឆ្នាំ១៩៧៥ ដែលកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទំនាក់ទំនងរវាងកម្ពុជា និងតួគី បានវិលត្រឡប់មកវិញក្រោយឆ្នាំ១៩៩៣ ដែលមានការបោះឆ្នោតសកលលើកដំបូង។ ទំនាក់ទំនងរវាងកម្ពុជានិងតួកគី ក្រោយមកកាន់តែបានពង្រឹងបន្ថែមទៀតជាពិសេសក្រោយដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ទៅកាន់ប្រទេសតួកគីកាលពីខែតុលាឆ្នាំ២០១៨។
ក្រោយមកទៀតនៅចុងខែកក្កដាឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើទស្សនកិច្ចក្នុងក្រុងអង់ការ៉ា ដែលពេលនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគីប្រឆាំងនឹង អំពើភេរវកម្ម៕