សម្ដេច ស ខេង៖ ឆ្នាំ២០២០ កម្ពុជាត្រូវដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចកិច្ចការធំៗរបស់ជាតិ
- 2020-01-29 06:35:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ស ខេង៖ ឆ្នាំ២០២០ កម្ពុជាត្រូវដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចកិច្ចការធំៗរបស់ជាតិ
ចន្លោះមិនឃើញ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថានៅក្នុងឆ្នាំ២០២០ នេះ ក្រសួងមហាផ្ទៃត្រូវចូលរួមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសភាពការណ៍ដើម្បីឲ្យកិច្ចការធំៗរបស់ជាតិ ប្រព្រឹត្តទៅបានជោគជ័យដូចជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាព្រឹត្តិការណ៍មួយយ៉ាងធំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់រថយន្ដជូនស្នងការនគរបាលរាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប មានការចូលរួមពីប្រមុខរដ្ឋ រដ្ឋាភិបាល និងតំណាងមន្ត្រីជាន់ខ្ពស់នៃប្រទេសក្នុងតំបន់អាស៊ី និងអឺរុប។ យើងត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ សុវត្ថិភាព ដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។
កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន ០៧ រួមមាន៖ (១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (២) វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប (៣) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប (៤) វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប (៥) វេទិកាការងារអាស៊ី-អឺរ៉ុប (៦) វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង (៧) មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និង សហភាពអឺរ៉ុប។ នេះគឺជាលើកទី១ ហើយ តាំងពីឆ្នាំ ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបចំធ្វើ ២ឆ្នាំម្តង។
កិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខណ្ឌតំបន់ និងសកលលោកទាំងមូល រួមមានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្រ្តី និងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម៕